កីឡាអន្តរជាតិ
អន្តរជាតិ
លោក Van Gaal ចង់​​បាន​ភាព​អស្ចារ្យ​បន្ថែម​ទៀត​ពី Di Maria
15, Sep 2014 , 9:50 am        
រូបភាព
ដោយ: ថ្មីៗ
លោក Louis van Gaal ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ បាន​ជំ​រុញ​ឲ្យ Angel di Maria ផ្តល់​ភាព​អស្ចារ្យ​បន្ថែម​ទៀត ក្រោយ​ពី​រូប​គេ​បាន​​ជួយ​ឲ្យ Man United ទទួល​ជ័យ​ជម្នះ ៤-០ លើ​ក្រុម​ Queens Park Rangers ក្នុង​ការ​ប្រកួត​លើ​ទឹក​ដី​ខ្លួន​ឯងជា​លើក​ទី​១​​របស់​គេ​។



ខ្សែ​បម្រើ​​ស្លាប​អន្តរ​ជាតិ​អាហ្សង់​ទីន​រូប​នេះ ដែល​​ក្លិប Man United បាន​​​ទិញ​ក្នុង​តម្លៃ​ខ្លួន​ជា​កំ​ណត់​ត្រា បាន​ដណ្តើម​ការ​ចាប់​អារម្មណ៍ផ្សេង​ៗ​ពីលើ​ខ្សែ​ប្រយុទ្ធ Radamel Falcao ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​នៅ​កីឡ​ដ្ឋាន Old Trafford ជា​មួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់ និង​បាន​ជួយ​ឲ្យមិត្ត​រួម​ក្រុម​រក​បាន​១​គ្រាប់​ទៀត​។ រូប​គេ​ត្រូវ​បាន​ប្តូរ​ចេញនៅ​នាទី ទី​៨២ ក្រោយ​ពី​​ជួប​បញ្ហា​គ្រេ​ច​​ជើង ហើយ​បើ​ទោះ​បី​លោក Van Gaal បាន​ធ្វើ​ការ​កោត​សរសើរ​ដល់​​រូប​​គេ​ក៏​ដោយ ប៉ុន្តែ លោក​បាន​និយាយ​ថា រូប​លោក​រំពឹង​ថា ខ្សែ​បម្រើ​ដែលមាន​តម្លៃ​ខ្លួន​៩៨លាន​ដុល្លារ​អាមេ​រិក​រូប​នេះ នឹង​ធ្វើ​​ឲ្យ​កាន់​តែល្អ​ប្រសើរ​។

គ្រូ​បង្វឹក​​សញ្ជាតិ​ហូ​ឡង់​រូប​នេះ​បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ថា៖​«Di Maria បាន​បំពេញ​តួនាទី​បាន​យ៉ាង​ល្អ ប៉ុន្តែ រូប​គេ​បាន​ជួប​បញ្ហា​ក្តាម​កាច់​ជើង​។ ជា​​ធម្ម​តា អ្នក​ត្រូវ​តែលេង​៩០​នាទី​ដោយ​គ្មាន​បញ្ហា ប៉ុន្តែ នោះ​ក៏​ជា​សញ្ញា​វិជ្ជ​មានមួយ​ផង​ដែរ​ដែល​រូប​គេ​​ធ្វើ​បាន​យ៉ាង​ល្អ​»​៕

ប្រែ​​សម្រួល​ដោយ ផេង សំណាង




© រក្សាសិទ្ធិដោយ thmeythmey.com