សុខភាព
អន្តរជាតិ
WHO៖ អ្នកស្លាប់​ដោយសា​ជំងឺ​អេ​បូ​ឡា​កើន​ច្រើនជាង៣.០០០នាក់​ហើយ
29, Sep 2014 , 11:40 am        
រូបភាព
ដោយ: ថ្មីៗ
ចំនួន​អ្នកស្លាប់​ដោយសា​តែ​ជំងឺ​រាតត្បាត​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក អេ​បូ​ឡា បច្ចុប្បន្ន​បាន​កើន​ច្រើនជាង៣.០០០នាក់​ហើយ ខណៈដែល​មេរោគ​ដ៏​កាច​សាហាវ​នេះ​បានសម្លាប់​មនុស្ស​ស្ទើរតែ​ពាក់កណ្តាល​នៃ​អ្នកជំងឺ​ច្រើនជាង៦.៥០០នាក់​ដែល​បាន​ផ្ទុក​ជំងឺ​នេះ។ នេះ​បើ​យោងទៅតាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​ត្រូវបាន​ចេញផ្សាយ​កាលពីពេលថ្មីៗនេះ។



ក្នុង​តួលេខ​ចុងក្រោយ​បំផុត​របស់ខ្លួន ភ្នាក់ងារ​សុខភាព​រប​ស់​អង្គការសហប្រជាជាតិ​មួយ​នេះ បាន​ឲ្យ​ដឹងថា មនុស្ស​សរុប​ចំនួន៦.៥៧៤នាក់​បាន​ឆ្លង​ជំងឺ​អេ​បូ​ឡា​ក្នុងប្រទេស​នៅ​អាហ្វ្រិក​ខាងលិច​ទាំង៥ ហើយ​ថា មនុស្ស​ចំនួន៣.០៩១នាក់​ក្នុងចំណោម​នោះបាន​ស្លាប់។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ ខណៈដែល​បង្ហាញ​ពី​ទិន្នន័យ​ដែល​បាន​កត់ត្រា​រហូតដល់​ទៅ​ថ្ងៃទី២១ ខែកញ្ញា WHO បានដាក់​ចំនួន​អ្នកស្លាប់​សរុប​ចំនួន២.៩១៧នាក់​ក្នុងចំណោម​ករណី​អ្នក​ផ្ទុក​ចំនួន៦.២៦៣នាក់។

ខាងក្រោម​នេះ ជា​តួលេខ​ចុងក្រោយ​បំ​ផុរ​បស់ WHO
នៅ​ប្រទេស​ហ្គី​ណេ ដែលជា​កន្លែង​ការផ្ទុះ​ជំងឺ​អេ​បូ​ឡា​ចាប់ផ្តើម​កាលពី​ឆ្នាំមុន ជំងឺ​អេ​បូ​ឡា​បាន​ចម្លង​ដល់​មនុស្ស​ចំនួន១.០៧៤នាក់ ដោយបាន​សម្លាប់៦៤៨នាក់​ក្នុងចំណោម​ពួកគេ។ ក្នុងប្រទេស​លី​បេ​រី​យ៉ា ដែល​បាន​រង​ការវាយប្រហារ​ខ្លាំងជាងគេ​ដោយសារតែ​ការផ្ទុះ​ជំងឺ​នេះ មនុស្ស​ចំនួន៣.៤៥៨នាក់ បាន​ឆ្លង​ជំងឺ​អេ​បូ​ឡា ហើយ​អ្នកជំងឺ​ចំនួន១.៨៣០នាក់​ក្នុងចំណោម​ពួកគេ​បាន​ស្លាប់។ នៅ​ខណៈនោះ​ផងដែរ ក្នុងប្រទេស​សេ​រ៉ា​ឡេ​អូន ជំងឺ​អេ​បូ​ឡា​បាន​ឆ្លង​ទៅកាន់​មនុស្ស​ចំនួន២.០២១នាក់ និង​បានសម្លាប់​មនុស្ស​ចំនួន៦០៥នាក់​ក្នុងចំណោម​ពួកគេ។

នៅ​នី​ហ្សេ​រី​យ៉ា មាន​ករណី​កើត​ជំងឺ​នេះ​ចំនួន២០ករណី ក្នុងនោះ​រាប់បញ្ចូល​ទាំង​អ្នកស្លាប់៨នាក់​ផងដែរ បើ​គិត​ចាប់តាំងពី​ជំងឺ​អេ​បូ​ឡា​បាន​ឆ្លង​ចូលក្នុង​ប្រទេស​នេះ​ដោយសារតែ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​លី​បេ​រី​យ៉ា​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​ទីក្រុង Lagos កាលពី​ថ្ងៃទី២៥ ខែកក្កដា៕

ប្រែ​សម្រួល​ដោយ ផេង សំណាង


© រក្សាសិទ្ធិដោយ thmeythmey.com