កីឡាជាតិ
ជាតិ
Asian Games៖ ​បេស​ក​កម្ម​​ដែល​​បាន​​ជោគ​ជ័យ​​​បំផុត​របស់​​កម្ពុជា​​​​​​គិត​​​​ពី​ឆ្នាំ ១៩៥៤ ​មក
05, Oct 2014 , 3:23 pm        
រូបភាព
ប្រតិភូកីឡា​កម្ពុជានាពេល​បើក​ព្រឹត្តិការណ៍ Asian Games ដោយមាន សៀវម៉ី ជាអ្នក​កាន់ទង់ជាតិ។ រូបថត AFP
ប្រតិភូកីឡា​កម្ពុជានាពេល​បើក​ព្រឹត្តិការណ៍ Asian Games ដោយមាន សៀវម៉ី ជាអ្នក​កាន់ទង់ជាតិ។ រូបថត AFP
«សូម​ពួក​ទេព្តា រក្សា​មហាក្សត្រ​យើង ឲ្យ​បាន​រុងរឿង ដោយ​ជ័យ​មង្គល​សិរី​សួស្តី […]»។ ប្រហែលជា​មិនមាន​អ្នកណា​គិតទុក​មុន​នោះឡើយ​ថា បទ​នគររាជ​នេះ ត្រូវបាន​បន្លឺឡើង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី  Asian Games អមដោយ​ការ​បង្ហូតទង់ជាតិ​កម្ពុ​ជា​ដែល​ដាក់​នៅ​កម្រិត​ខ្ពស់​ជាងគេ។ ការទទួលបាន​មេដាយមាស​របស់ ស៊ន សៀវ​ម៉ី គឺ​កើតឡើង​ហួស​ពី​ការរំពឹងទុក ពីព្រោះ​នៅមុន​ការចេញដំណើរ​ទៅកាន់​ទីក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង ប្រតិភូ​កីឡា​កម្ពុជា​បានត្រឹមតែ​និយាយថា អាច​ទទួលបាន​យ៉ាងហោចណាស់​មេដាយសំរិទ្ធ១ ។



ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីបអាស៊ី Asian Games លើក​ទី១៩ នៅក្នុង​ទីក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង​ដែល​បាន​ចាប់តាំងពី​ថ្ងៃទី១៨ ខែកញ្ញា មក បាន​បិទ​បញ្ចប់​ហើយ​កាលពី​យប់​ថ្ងៃ​សៅរ៍ ទី៤ ខែតុលា ឆ្នាំ២០១៤ ម្សិលមិញ​នេះ។ ការ​ឈ្នះ​មេដាយមាស​របស់​កីឡាការិនី​តេ​ក្វាន់​ដូ​វ័យ១៩ឆ្នាំ ស៊ន សៀវ​ម៉ី បាន​នាំ​ឲ្យ​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី២៨ក្នុងចំណោម​ប្រទេស​ចំនួន៣៧ដែល​ទទួលបាន​មេដាយ ខណៈ៨ប្រទេស​ផ្សេងទៀត មិន​ទទួលបាន​មេដាយ​ណាមួយ​ឡើយ។

វា​ជាការ​រង់ចាំ​អស់​រយៈពេល៤៤ឆ្នាំ បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៧០មក ដែល​កម្ពុជា​ហក់​ចូលក្នុង​តារាង​នៃ​ប្រទេស​ដែល​ទទួលបាន​មេដាយ​ពី​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីប​នេះ​ឡើងវិញ ហើយ​វា​ក៏​ជាការ​ទទួលបាន​មេដាយមាស​ដែល​មិន​ធ្លាប់មាន​ពីមុន​ផងដែរ បើ​គិត​ចាប់តាំងពី​កម្ពុជា​បាន​ប្រឡូក​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ​នៅ​ឆ្នាំ១៩៥៤ ។

សូមបញ្ជាក់ថា នេះ​ជា​មេដាយ​ទី៧របស់​កម្ពុជា​ពី​ព្រឹត្តិការណ៍​កីឡា Asian Games បន្ទាប់ពី​កម្ពុជា​បានឈ្នះ​មេដាយសំរិទ្ធ១នៅ​ឆ្នាំ១៩៦២ ឈ្នះ​មេដាយប្រាក់២ និង​សំរិទ្ធ៣នៅ​ឆ្នាំ១៩៧០ ។

ស៊ន សៀវ​មី គឺជា​កីឡាការិនី​តែ​ម្នាក់​គត់​ដែល​ឆ្លង​ផុត​ដំណាក់កាល​ឈានទៅដល់​ការ​ដណ្តើមបាន​មេដាយ ខណៈ​អត្ត​ព​លិ​ក​បី​រូប​ផ្សេងទៀត រួមមាន ស៊ន ដា​វីន ដែលជា​ស្រី​បង្កើត​របស់ សៀវ​មី កីឡាការិនី​ចំបាប់ ចូ​វ សុធា​រ៉ា កីឡាករ​ចំបាប់ ងួន មករា បាន​រង​បរាជ័យ​ដ៏​គួរ​ឲ្យ​ខកចិត្ត​នៅ​វគ្គ១/៤ផ្តាច់ព្រ័ត្រ។

លទ្ធផលនៃប្រភេទ​កីឡា​ផ្សេងទៀត​​មិនគួរ​ឲ្យ​ខកចិត្ត​ប៉ុន្មាន​នោះឡើយ
នេះ​ជាការ ចូលរួម​លើក​ទី១១របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ ទ្វីបអាស៊ី​នេះ។ នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី១៩ នៅ​ទីក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង​ដែល​ចាប់ផ្តើម​តាំងពី​ថ្ងៃទី១៩ ខែកញ្ញា មក​នោះ កម្ពុជា​បាន​ចូលរួម​ប្រកួត​លើ​ប្រភេទ​កីឡា​ចំនួន៧ដែលមាន​អត្ត​ព​លិ​ក​ចំនួន២០នាក់។ សម្រាប់​វិញ្ញាសារ និង​ប្រភេទ​កីឡា​ផ្សេងទៀត បើទោះបីជា​មិនអាច​ឈានទៅដល់​ការដណ្តើម​មេដាយ​ក៏ដោយ កម្ពុជា​ក៏បាន​ទទួល​កំណត់ត្រា​ជ័យជម្នះ​មួយចំនួន​ផងដែរ។

តេ​ក្វាន់​ដូ៖
តេ​ក្វាន់​ដូ​ដែល​ប្រភេទ​កីឡា​ចុងក្រោយ​របស់​កម្ពុជា​នៅក្នុង​ព្រឹត្តិការណ៍​កីឡា Asian Games លើក​ទី១៧នេះ ក្រៅពី​លទ្ធផល​ដ៏​រំភើប​របស់ ស៊ន សៀវ​ម៉ី នៅ​ថ្ងៃ​ដដែល​នេះ ស៊ន ដា​វីន បាន​ប្រកួត​ចាញ់​កីឡាការិនី អ៊ីរ៉ង់​ក្នុង​លទ្ធផល ១ទល់នឹង៨ នៅ​វគ្គ១/៤ផ្តាច់ព្រ័ត្រ បន្ទាប់ពី​កីឡាករ បាន ខេមរា ចាញ់​កីឡាករ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​លទ្ធផល ៨ទល់នឹង២០ ។

បាល់ទះ​លើ​ឆ្នេរ​ខ្សាច់៖
និយាយ​ពី​កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់ កីឡាករ លឹម សំអាត និង​ស៊ឹម ឃ្លោក បាន​ធ្លាក់​ចេញពី​វគ្គ​ជម្រុះ​តាម​ពូ​ល ក្រោយ​ប្រកួត​ចាញ់​ក្រុម​កីឡាករ​កាតា ស្រីលង្កា ប៉ុន្តែ​បានឈ្នះ​ក្រុម​បង់​ក្លា​ដែ​ស។

វាយ​កូន​បាល់
ដោយឡែក កីឡា​វាយ​កូន​បាល់ ដែលមាន​កីឡាករ២រូប និង​កីឡាការិនី១រូបនោះ កីឡាករ ម៉ម ផល្គុន និង​ឡុង សំនៀង បាន​ធ្លា​ក់នៅ​ជុំទីមួយ​លើ​វិញ្ញាសារ​វាយ​គូ។ នា​ការប្រកួត​វាយ​ទោល ម៉ម ផល្គុន បាន​យកឈ្នះ​កីឡាករ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ជុំទីមួយ ប៉ុន្តែ​ចាញ់​កីឡាករ​ចិន​នៅ​ជុំ​បន្ទាប់។ ដូចគ្នា​ផងដែរ ម៉ម ផល្គុន បាន​ចាប់​ដៃគូ​ជាមួយ Andrea Ka លើ​វិញ្ញាសា​វាយ​ចម្រុះ ដោយបាន​ឈ្នះ​ក្រុម​នេ​ប៉ាល់​នៅ​ជុំទីមួយ ហើយ​ចាញ់​ក្រុម​ចិន​នៅ​ជុំ​ទី​ពីរ។

ហែល​ទឹក
ក្នុង​ការប្រកួត​កីឡាហែលទឹក កីឡាករ ហែម ថុ​ន​ពន្លឺ សុទ្ធតែ​បាន​នាំមុខ​នៅក្នុង​ក្រុម​របស់ខ្លួន​ទាំង​វិញ្ញាសា​រហែល​សេរី និង​ហែល​កង្កែប ខណៈ កីឡាការិនី ហែម ថុ​ន​វិ​ទិ​នី ក៏​ធ្វើបាន​លទ្ធផល​ល្អ​ដូចគ្នា។ បើទោះបីជា​ពួកគេ​មិនបាន​ឈានដល់​ការប្រកួត​ដណ្តើមយក​មេដាយ​ក៏ដោយ ប៉ុន្តែ​បើ​ពិនិត្យ​លើ​ថិរវេលា​រួម អត្ត​ព​លិ​ក​ត្រកូល ហែម ទាំងពីរ​រូបនេះ បាន​នាំមុខ​គូប្រជែង​ជាច្រើន​ប្រទេស​ផងដែរ។

ចំបាប់
រីឯ​ចំបាប់​ដែលជា​ប្រភេទ​កីឡា​របស់​កម្ពុជា ងួន មករា និង ចូ​វ សុធា​រ៉ា សុទ្ធតែ​ឈានដល់​ឱកាស​ដែល​ត្រូវ​ដណ្តើមយក​មេដាយ។ កីឡាការិនី ចូ​វ សុធា​រ៉ា បាន​ឈានដល់​វគ្គ១/៤ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​ឱកាស​យក​មេដាយ​របស់​គេ​ត្រូវ​រារាំង​ដោយ​កីឡាការិនី​ថៃ។ ដោយឡែក កីឡាករ ងួន មករា គេ​បានបង្ហាញ​ការភ្ញាក់ផ្អើល​នា​ការប្រកួត​វគ្គ១៦ក្រុម​ចុងក្រោយ ដោយ​ឈ្នះ​កីឡាករ​អា​រ៉ា​ប៊ី​សា​អូឌីត ១២ទល់នឹង១ ប៉ុន្តែ​បាន​ចាញ់​កីឡាករ​ជប៉ុន​នៅ​វគ្គ១/៤ផ្តាច់ព្រ័ត្រ ខណៈ ឌន សៅ និង​ឌន ស្រី​ម៉ៅ សុទ្ធតែ​ធ្លា​ក់នៅ​វគ្គ១/៨ផ្តាច់ព្រ័ត្រ។

Soft Tennis

Soft Tennis ដែលជា​កីឡា​ប្រភេទ​ថ្មី កីឡាការិនី យី សុ​ផានី ត្រូវ​ក្រុមប្រឹក្សា​អូ​ឡា​ពិ​ក​អាស៊ី ដកសិទ្ធិ​ប្រកួត​បន្ទាប់ពី​គំរូ​ទឹកនោម​របស់គេ​ត្រូវបាន​គេ​រកឃើញ​សារធាតុ​ហាមឃាត់​កម្រិត​ស្រាល។ សម្រាប់​ការប្រកួត​លើ​វិញ្ញាសា​ឯកត្តជន អន សម្បត្តិ បាន​យកឈ្នះ​កីឡាករ​មកពី​តៃវ៉ាន់ និង​តាជី​គី​ស្ថាន ប៉ុន្តែ​ចាញ់​កីឡាករ​ជប៉ុន ណេ​ប៉ាល់ និង​កូរ៉េខាងត្បូង។ រីឯ​ការប្រកួត​គូ​ចម្រុះ​ដែល​ចាប់​ដៃគូ​ជាមួយ ងួន ម៉េង​ឆេង ពួកគេ​បាន​ចាញ់​ទាំង​បួន​ប្រកួត​នៅក្នុង​ពូ​ល។

អត្តពលកម្ម

ងាក​ទៅ​កីឡាអត្តពលកម្ម កីឡាករ ម៉ា វី​រ៉ូ បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ១៩លើ​វិញ្ញាសា​រត់​ចម្ងាយ៥០០០ម៉ែត្រ។ កីឡាករ​ដើមកំណើត​ជប៉ុន Takizaki Kuniaki បានបញ្ចប់​ចំណាត់ថ្នាក់​លេខ១៤លើ​វិញ្ញាសារ​ម៉ារ៉ាតុន ខណៈ​កីឡាករ ហែម ប៊ុន​ទីន បាន​ឈានទៅដល់​គោលដៅ ដូច​ការប្រកួត​នៅ​ទីក្រុង​គ័ង​ស៊ូ ប្រទេស​ចិន កាលពី​ឆ្នាំ២០១០ ។

យោងតាម អនុក្រឹត្យ​ថ្មី​ស្តីពី​ការផ្តល់ប្រាក់​រង្វាន់​រប​ស់​រដ្ឋាភិបាល ជ័យលាភី​មេដាយមាស​នឹង​ទទួល​ប្រាក់រង្វាន់​ចំនួន៨០លាន​រៀល មេដាយប្រាក់​បាន៤០លាន​រៀល និង​មេដាយសំរិទ្ធ បាន២៤លាន​រៀល ហើយ​ដៃគូ​ឧបត្ថម្ភផ្សេងៗ សុទ្ធតែ​បាន​សន្យា​ផ្តល់​រង្វាន់​ជាទី​គាប់ចិត្ត​បន្ថែមទៀត​ដែរ៕


 



© រក្សាសិទ្ធិដោយ thmeythmey.com