កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន៖ ដាវីន គឺ​ជា​អ្នក​ផ្តល់​កម្លាំង​ដ៏​ធំ​បំផុត​របស់​ សៀវម៉ី
06, Oct 2014 , 1:07 pm        
រូបភាព
សៀវម៉ី រួម​ជាមួយ​ ដាវីន (របួសដៃ) និង​នាយបេសកកម្ម លោក ញាន សុខវិសាល នា​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​
សៀវម៉ី រួម​ជាមួយ​ ដាវីន (របួសដៃ) និង​នាយបេសកកម្ម លោក ញាន សុខវិសាល នា​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​
ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី ៦ ខែតុលា នេះ លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​នៃគណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា (NOCC) បាន​គូស​បញ្ជាក់ថា ការទទួលបានមេដាយមាស​របស់កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ពីព្រឹត្តិការណ៍ Asian Games លើកទី១៧ គឺ​ដោយសា​រតែមា​នកា​រផ្តល់ជំនួយផ្លូវចិត្តយ៉ាងធំផង​ដែរពី​សំណាក់កីឡាការិនី ស៊ន ដាវីន ដែលជាបងស្រីបង្កើត និងជាមិត្តរួមក្រុម។



«ដាវីន មានការប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពង្រឹង​ទឹកចិត្ត សៀវម៉ី ដែលជាប្អូនស្រីរបស់ខ្លួន ដែលជាកត្តាចិត្តសាស្ត្រ​ដ៏​សំខាន់​នៅ​ក្នុងកីឡា»។ នេះ​ជា​ការ​កត់​សម្គាល់​របស់​លោក វ៉ាត់ ចំរើន ក្នុង​ពិធី​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​ដើម្បី​អបអរ​សាទរ​ដល់​ ស៊ន សៀវម៉ី ដែល​ឈ្នះមេដាយមាស​ជា​ប្រវត្តិសាស្ត្រ​ជូន​កម្ពុជា​ពីព្រឹត្តិការណ៍​កីឡា​អាស៊ី បើ​គិត​ចាប់​តាំងពី​កម្ពុជា បាន​បង្ហាញ​វត្តមាន​ចាប់តាំងពី​ឆ្នាំ​១៩៥៤មក។

កីឡាការិនី ស៊ន ដាវីន អាយុ​២២​ឆ្នាំ បាន​ប្រកួត​ចាញ់​កីឡាការិនីអ៊ីរ៉ង់ Khodabandeh Akram ក្នុងវគ្គ​១/៤ផ្តាច់ព្រ័ត្រ​ក្នុងលទ្ធផល ១ទល់​នឹង​៨ ក្នុងទំងន់​លើស​៧៣គីឡូក្រាម។ លោក​ វ៉ាត់ ចំរើន បាន​ស្នើ​មហា​ជន​ទាំងអស់​នាំគ្នា​បន្ត​លើក​ទឹក​ចិត្ត​កីឡាការិនី រូបនេះ ពីព្រោះ បរាជ័យ​របស់​នាង​កើត​ឡើង​ដោយសារ​កត្តាមិនអនុគ្រោះ​ជាច្រើន។

អគ្គ​លេខាធិការ NOCC ដែល​បាន​អង្គុយមើលការប្រកួតផ្ទាល់​រវាង​ ដាវីន និង Akram បាន​កត់​សម្គាល់ថា៖ «ដាវីន ត្រូវប៉ះជាមួយ​គូ​ប្រជែង​ដែល​មាន​កំពស់​ខ្ពស់​ជាងខ្លួន ហើយ​នាងមាន​បញ្ហា​របួស​ចាស់ ដែល​ពីមុន​ធ្លាប់​បែក​ឆ្អឹង និង​របួស​ជង្គង់។ ទោះ​បី​ជាយ៉ាង​ណា​ ដាវីន មាន​ការប្រឹងប្រែងខ្ពស់​ក្នុងការប្រកួត»។

ថ្លែងប្រាប់អ្នក​សារព័ត៌មាន សៀវម៉ី ក៏​បានអះអាង​ផង​ដែរថា ក្រៅពីការណែនាំលក្ខណៈ​បច្ចេក​ទេស​ពីគ្រូបង្វឹក​កូរ៉េ​ខាងត្បូង​ លោក ឆយ យ៉ុង​សុក ដាវីន ដែល​ជាបងស្រី​បង្កើត​របស់​ខ្លួន​តែង​តែធ្វើ​ការណែនាំ​ជានិច្ច​ដល់​រូបនាង។ សៀវម៉ី លើក​ឡើង​ថា ខ្លួន​ប្រហែល​ជាមិន​មានឱកាស​មក​ដល់​ថ្ងៃនេះ​ឡើយ ប្រសិន​បើមិន​មាន​ការបង្ហាញ​ផ្លូវពី​បងប្រុស ស៊ន អេលីត និង​បងស្រី ស៊ន សៀវម៉ី ទេនោះ។

នាអំឡុងនៃការប្រកួតរបស់​សៀវម៉ី លោក​ វ៉ាត់ ចំរើន បាន​លើក​ឡើងថាមាន​អ្នកគាំទ្រ​ប្រមាណ​តែ​ជាង​២០នាក់​ប៉ុណ្ណោះ ដែលក្នុងនោះ​មាន​ពលករ​ខ្មែរ​១០នាក់​ផងដែរ៕





© រក្សាសិទ្ធិដោយ thmeythmey.com