សុខភាព
អន្តរជាតិ
តើអឺរ៉ុបកំពុងមើលងាយមេរោគអេបូឡាឬ?
× ក្រោយគណៈកម្មការអឺរ៉ុបទាមទារអោយរដ្ឋាភិបាលអេស្ប៉ាញបំភ្លឺមូលហេតុដែលនាំអោយមានករណីឆ្លងមេរោគអេបូឡាទៅលើគិលានុបដ្ឋាយិកាអេស្ប៉ាញក្នុងទឹកដីអេស្ប៉ាញខ្លួនឯងផ្ទាល់នៅថ្ងៃពុធនេះគ្រូពេទ្យដែលព្យាបាលបុគ្គលិកពេទ្យស្រីអេស្ប៉ាញបានបកស្រាយថាគិលានុបដ្ឋាយិការូបនេះប្រហែលអាចឆ្លងមេរោគអេបូឡាដោយសារថាមុខរបស់គាត់អាចប៉ះជាមួយនឹងស្រោមដៃដែលមានជាប់មេរោគ។គិលានុបដ្ឋាយិការូបនេះធ្លាប់ចូលទៅព្យាបាលបុព្វជិតអេស្ប៉ាញមួយអង្គដែលបានស្លាប់ដោយជំងឺអេបូឡាកាលពីចុងខែកញ្ញា។ថ្ងៃពុធម្សិលមិញអាជ្ញាធរអេស្ប៉ាញបានចាក់ថ្នាំសម្លាប់សត្វឆ្កែរបស់គិលានុបដ្ឋាយិការូបនោះដោយខ្លាចថាឆ្កែនោះអាចមានអង់ទីគ័រមេរោគអេបូឡាអាចចម្លងអេបូឡាទៅមនុស្សបាន។យោងតាមអ្នកជំនាញអង្គការសុខភាពពិភពអឺរ៉ុបអាចនឹងជួបករណីឆ្លងអេបូឡាថ្មីៗទៀត។អ្នកស្រាវជ្រាវអាមេរិកគិតថានៅចុងខែតុលានេះបារាំងអាចនឹងរងការប៉ះពាល់ដោយជំងឺអេបូឡាដែរ។
សូមស្តាប់ការពន្យល់របស់ ព្រំសឿន សូលីណា
គួររំលឹកថាការឆ្លងមេរោគអេបូឡាទៅលើស្ត្រីជាបុគ្គលិកព្យាបាលជំងឺនៅទីក្រុងម៉ាឌ្រីតអេស្ប៉ាញជាករណីឆ្លងលើកដំបូងនៅអឺរ៉ុបដោយសារថាអ្នកជំងឺមិនបានធ្វើដំណើរទៅអាហ្វ្រិកជាទីជំរកមេរោគអេបូឡាទេ។ គិលានុបដ្ឋាយិកាដែលឆ្លងអេបូឡារូបនោះឈ្មោះថាតេរេសារ៉ូមេរ៉ូរ៉ាម៉ូសមានអាយុ៤៤ឆ្នាំស្ថិតក្នុងក្រុមដែលបានព្យាបាលបុព្វជិតអេស្ប៉ាញ២រូបដែលឆ្លងមេរោគអេបូឡានៅអាហ្វ្រិកហើយត្រូវបានគេដឹកមកអេស្ប៉ាញវិញកាលពីខែសីហា។សង្ឃទាំង២អង្គបានស្លាប់ទៅហើយ។
បុគ្គលិកពេទ្យស្រីអេស្ប៉ាញធ្លាប់ចូលទៅមើលសង្ឃកាតូលិកមួយអង្គដល់ទៅ២លើក។យោងតាមគ្រូពេទ្យរបស់លោកស្រីរ៉ាម៉ូសស្រោមដៃដែលលោកស្រីប្រើពេលចូលទៅព្យាបាលសង្ឃអេស្ប៉ាញនោះប្រហែលជាមានជាប់មេរោគហើយស្រោមដៃនោះអាចប៉ះទៅលើមុខលោកស្រីពេលលោកស្រីដោះសម្លៀកបំពាក់ការពារខ្លួនចេញទើបធ្វើអោយលោកស្រីឆ្លងមេរោគអេបូឡា។តើនេះជាការធ្វេសប្រហែសរបស់បុគ្គលិកពេទ្យស្រីរូបនោះតែមួយមុខរឺយ៉ាងណា។
យោងតាមបុគ្គលិកមន្ទីរពេទ្យកាឡូទី៣ជាកន្លែងឆ្លងជំងឺទៅលើគិលានុបដ្ឋាយិកានោះមន្ទីរពេទ្យអនុវត្តបទដ្ឋានត្រឹមតែកម្រិតទី២ ខណៈអង្គការសុខភាពពិភពលោកតម្រូវអោយប្រើកម្រិតទី៤ពេលអន្តរាគមន៍ព្យាបាលអ្នកជំងឺអេបូឡា។តាមក្បួនអ្នកអន្តរាគមន៍អ្នកជំងឺត្រូវតែប្រើសម្លៀកបំពាក់បិទជិតតាំងពីក្បាលរហូតដល់ចុងជើង។តែបើគេមើលរូបថតក្នុងកាសែតអេស្ប៉ាញវិញបុគ្គលិកពេទ្យបែរជាប្រើស្កុតបិទភ្ជាប់ដៃអាវពេទ្យដើម្បីការពារខ្លួនទៅវិញ។តើអាចការពារម្តេចបានទៅព្រោះថាបើធ្វេសប្រហែសតែបន្តិចគឺប្រាកដជាឆ្លងមេរោគពីអ្នកជំងឺហើយ។ក្នុងនាមជាអ្នកធ្វើការនៅមន្ទីរពេទ្យគ្រប់គ្នាគួរតែដឹងថាមេរោគអេបូឡាងាយឆ្លងណាស់គ្រាន់តែប៉ះញើសទឹកមាត់ស្ពែមរឺក៏ឈាមអ្នកជំងឺគឺឆ្លងបាត់ទៅហើយ។
មិនគួរណាអាជ្ញាធរសុខាភិបាលអេស្ប៉ាញអាចប្រហែសមើលស្រាលអេបូឡាដល់ថ្នាក់នេះសោះ។ដល់ពេលមានករណីឆ្លងជាក់ស្តែងទៅលើគិលានុបដ្ឋាយិកាបែបនេះទើបបានជាអាជ្ញាធរជាន់ជើងគ្នាឆ្លេឆ្លាដាក់មនុស្សជាង៥០នាក់ដែលអាចប៉ះពាល់ជាមួយគិលានុបដ្ឋាយិការូបនោះអោយស្ថិតក្រោមការតាមដានពិសេស។ឆ្លេឆ្លាស៊ើបអង្កេតរកមុខប្រជាជនក្នុងតំបន់ដែលអាចប្រឈមនឹងអេបូឡាខ្លាចអេបូឡារហូតដល់ចាក់ថ្នាំសម្លាប់ឆ្កែរបស់គិលានុបដ្ឋាយិការូបនោះចោលទៀតផង ទោះជាក្រុមអ្នកការពារសត្វជំទាស់ក៏ដោយចុះ។មុននឹងភ័យឆោឡោបែបនេះម្តេចក៏អេស្ប៉ាញដែលជាប្រទេសជឿនលឿនមួយនឹងគេដែរនោះមិនត្រៀមវិធានការអោយខ្លាំងក្លាជាមុនទៅ? យោងតាមសហជីពពេទ្យកន្លងមកមន្ទីរពេទ្យកាឡូទី៣បានកាត់បន្ថយបុគ្គលិករឹតត្បិតថវិកាទើបបានជាមានហេតុការណ៍ឆ្លងបែបនេះកើតបាន។បុគ្គលិកពេទ្យស្រីអេស្ប៉ាញដែលបានឆ្លងមេរោគមានអារម្មណ៍ថាមានអាការៈរោគតាំងពីថ្ងៃ៣០កញ្ញាម្ល៉េះតែមន្ទីរពេទ្យមិនព្រមពិនិត្យគាត់ទេដោយសារថាខ្លួនគាត់មានសីតុណ្ហភាពទាប។ទាល់តែ៦ថ្ងៃក្រោយពោលគឺក្រោយវិស្សមកាលរបស់គាត់ទាល់តែគាត់រត់ចូលពេទ្យបន្ទាន់ទើបមន្ទីរពេទ្យព្រមធ្វើតេស្តគាត់។ដូច្នេះអំឡុង៦ថ្ងៃមុនដឹងថាគាត់ឆ្លងមេរោគមិនដឹងថាមនុស្សប៉ុន្មាននាក់ទេបានប៉ះពាល់ជាមួយគិលានុបដ្ឋាយិកាអេស្ប៉ាញ។ដោយសារការធ្វេសប្រហែសបែបនេះយើងមិនបាច់ឆ្ងល់ទេបើអ្នកជំនាញអង្គការសុខភាពពិភពលោកហ៊ានអះអាងថាអឺរ៉ុបអាចនឹងរងករណីឆ្លងអេបូឡាថ្មីៗទៀតនៅពេលខាងមុខនោះ។
នៅអឺរ៉ុបបារាំងក៏ប្រហែលចៀសមិនផុតដូចអេស្ប៉ាញដែរនៅចុងខែតុលានេះលទ្ធភាពឆ្លងអេបូឡាកើតឡើងក្នុងទឹកដីបារាំងអាចមានដល់ទៅ២០ភាគរយឯណោះនេះបើយោងតាមការប៉ាន់ស្មានរបស់អ្នកស្រាវជ្រាវអាមេរិកជាច្រើនរូបក្នុងពេលថ្មីៗនេះ។ទោះបារាំងអាចប្រឈមករណីឆ្លងអេបូឡាក៏រដ្ឋាភិបាលបារាំងអួតថាមានមធ្យោបាយមានលទ្ធភាពព្យាបាលអ្នកជំងឺ។កន្លងមកបារាំងធ្លាប់ព្យាបាលអ្នកជំងឺខ្លួនម្នាក់ដែលបានឆ្លងមេរោគអេបូឡានៅអាហ្វ្រិកអោយជាសះស្បើយរួចមកហើយ។
លទ្ធភាពឆ្លងនៅបារាំងហាក់ត្រូវបានគេមើលឃើញថាងាយនឹងកើតឡើង។កាលពីថ្ងៃ៣តុលាសាលារៀនមួយនៅតំបន់ Haut de Seine ខាងត្បូងក្រុងប៉ារីសបានអនុញ្ញាតអោយក្មេងប្រុសម្នាក់អាយុ៩ឆ្នាំចូលរៀនទោះជាដឹងថាកុមាររូបនោះទើបត្រលប់មកពីប្រទេសហ្គីណេដែលរងការរាតត្បាតខ្លាំងក៏ដោយចុះ។ឳពុកម្តាយសិស្សមួយចំនួនមិនបានយកកូនទៅសាលានោះទេ។ពួកគេមិនយល់ថាហេតុអ្វីសាលាមិនព្រមចាំអោយដល់គ្រប់២១ថ្ងៃសិនដើម្បីប្រាកដថាក្មេងប្រុសនោះពិតជាមិនបានផ្ទុកជំងឺមុននឹងអោយគេចូលសាលាវិញ។តែអ្នកគ្រប់គ្រងសាលាប្រាប់ថាសាលាតាមដានកំដៅខ្លួនកុមាររូបនោះជាប្រចាំហើយកុំភ្លេចថាបើកុមារគ្មានអាការៈរោគទេគឺគ្មានលទ្ធភាពឆ្លងទៅលើសិស្សដទៃទៀតទេ។
ប្រហែលដូច្នេះដែរហើយទើបបារាំងមិនសូវភ័យពីអេបូឡាតែបារាំងក៏មិនត្រូវភ្លេចថាប្រទេសអាហ្វ្រិកខាងលិចដែលរងការរាតត្បាតមេរោគនោះជាប្រទេសប្រើភាសាបារាំងប្រទេសទាំងនោះមានជើងយន្តហោះទៅមកជាមួយបារាំងច្រើន។អ្នកឆ្លងជំងឺណាមួយដែលមិនទាន់បង្ហាញរោគសញ្ញាអាចធ្វើដំណើរមកដល់បារាំងបាន។ដូចករណីអ្នកជំងឺជនជាតិលីបេរីយ៉ាដែលបានស្លាប់ម្សិលមិញនៅតិចសាសសហរដ្ឋអាមេរិកដែរបើអ្នកដំណើរដែលកំពុងឆ្លងមេរោគ ហ៊ានកុហកអាជ្ញាធរថាមិនបានទាក់ទងជាមួយអ្នកជំងឺនៅអាហ្វ្រិកទេហើយអាជ្ញាធរអោយគេនោះដើរហើរដោយសេរីអាចជាគ្រោះថ្នាក់មិនខានទេ។មិនថាបារាំងប្រទេសណាក៏ដោយមិនគួរមើលស្រាលបញ្ហានេះទេទោះជាមានប្រព័ន្ធសុខាភិបាលខ្ពស់ម្តេចក្តី៕
© រក្សាសិទ្ធិដោយ thmeythmey.com