កីឡាជាតិ
កីឡាអន្តរជាតិ
អន្តរជាតិ
Stoch ជួយឲ្យស្លូវ៉ាគីផ្តួលម្ចាស់ជើងឯកអេស្ប៉ាញ
× Miroslav Stoch អតីតខ្សែបម្រើរបស់ក្រុម Chelsea បានរកគ្រាប់បាល់បំប៉ោងសំណាញ់នៅក្នុងរយៈពេល៣នាទីចុងក្រោយ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិស្លូវ៉ាគី បានផ្តួលក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប អេស្ប៉ាញ ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតជម្រុះ Euro ឆ្នាំ២០១៦ ក្នុងទីក្រុង Zilina កាលពីថ្ងៃព្រហស្បតិ៍។ បច្ចុប្បន្ន ក្រុមនៅភាគកណ្តាលអឺរ៉ុបមួយនេះ កំពុងតែឈរលេខ១ក្នុងពូល C ក្រោយពីបានកត់ត្រាជ័យជម្នះដ៏រំភើបមួយនេះ បើទោះបីលោក Vicente Del Bosque គ្រូបង្វឹករបស់អេស្ប៉ាញ នឹងមិនមានការខ្វល់ខ្វាយខ្លាំងជាមួយនឹងការប្រកួតជម្រុះមួយនេះក៏ដោយ។ នេះគឺជាការទទួលបរាជ័យជាលើកទី១ក្នុងការប្រកួតជម្រុះរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ បើគិតចាប់តាំងពីឆ្នា២០០៦។
លោក Del Bosque ដែលបានបដិសេធមិនធ្វើការស្តីបន្ទោសឲ្យកីឡាកររបស់លោក បាននិយាយថា៖ «ខ្ញុំពិតជាមិនបានរំពឹងថា នឹងមានលទ្ធផលនេះឡើយ វាកើតឡើងដោយមិនបានរំពឹងទុក។ យើងគួរតែបានស៊ុតបាល់បញ្ចូលទីច្រើន ប៉ុន្ត យើងបានរកនូវការខកចិត្តតាមរយៈការវាយបកវិញ»។
លោកបានប្រាប់បន្តថា៖ «នេះហើយជាការប្រកួតកីឡាបាល់ទាត់ យើងមិនអាចស្តីបន្ទោសលើកីឡាករបានឡើយ។ យើងមានការអត់ធ្មត់ ប៉ុន្តែ យើងធ្វើមិនបានសម្រេច ហើយអ្នកចាំទីរបស់ពួកគេពិតជាបំពេញតួនាទីបានយ៉ាងល្អ»។
លោក Del Bosque បានបន្ថែមទៀតថា៖ «វាជាការរងបរាជ័យក្នុងការប្រកួតជម្រុះជាលើកទី១របស់យើងក្នុងចំណោមការប្រកួត២៨លើក។ យើងបានតាមស្មើ ប៉ុន្តែ បន្ទាប់មក មិនអាចទប់ទល់នឹងការវាយសម្រុកនៅនាទីចុងក្រោយរបស់ពួកគេ»។
ក្រោយពីដេញតាមពីក្រោយអស់រយៈពេល៦៥នាទីក្នុងការប្រកួតនេះ បន្ទាប់ពីមានគ្រាប់បាល់ពិន័យ Free-kick របស់កីឡាករ Juraj Kucka ពួកគេស្ទើរតែទទួលបាន១ពិន្ទុទៅហើយតាមរយៈការរកគ្រាប់បាល់តាមស្មើរបស់កីឡាករ Paco Alcacer នៅរយៈពេល៨នាទីចុងក្រោយ។ ប៉ុន្តែ ជាមួយនឹងការនៅសល់ត្រឹមតែរយៈពេល៣នាទីចុងក្រោយ ក្រុមជម្រើសជាតិស្លូវ៉ាគីបានធ្វើការវាយសម្រុកយ៉ាងខ្លាំង ខណៈដែលប្រធានក្រុម Marek Hamsik លេងបានយ៉ាងល្អជាមួយនឹងកីឡាករ Michal Duris នៅតំបន់ខាងស្តាំដើម្បីបញ្ជូនបាល់ឆ្លងទៅឲ្យ Stoch រកគ្រាប់បាល់បំប៉ោងសំណាញ់តែម្តង។
ស្របពេលជាមួយគ្នានោះ នៅឯកីឡដ្ឋាន Wembley ឯនោះវិញ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានកត់ត្រាជ័យជម្នះពីរលើកពី២ប្រកួតជាមួយនឹងជ័យជម្នះយ៉ាងកក់ក្តៅ ៥-០ លើក្រុមប្រទេសដ៏តូច សាំម៉ារ៉ាំង៕
លទ្ធផលកាលពីថ្ងៃព្រហស្បតិ៍
ជម្រុះ Euro ឆ្នាំ២០១៦
ពូល C
Belarus 0-2 Ukraine
Macedonia 3-2 Luxembourg
Slovakia 2-1 Spain
ពូល E
England 5-0 San Marino
Lithuania 1-0 Estonia
Slovenia 1-0 Switzerland
ពូល G
Liechtenstein 0-0 Montenegro
Moldova 1-2 Austria
Sweden 1-1 Russia
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com