កីឡាអន្តរជាតិ
អន្តរជាតិ
Marquez រក្សា​ពាន​រង្វាន់ MotoGP យ៉ាង​ជោគ​ជ័យ​​នៅ​​លើ​ទឹក​ដី​ជប៉ុន
13, Oct 2014 , 2:03 pm        
រូបភាព
ដោយ: ថ្មីៗ
កីឡាករ​ប្រណាំង​ម៉ូ​តូ​ដ៏​ឆ្នើម​របស់​អេ​ស្ប៉ាញ Marc Marquez បាន​រក្សា​ពាន​រង្វាន់​ពិភព​លោក MotoGP របស់​គេ​យ៉ាង​ជោគ​ជ័យ​តាម​រយៈ​ការ​បញ្ចប់​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​២​​ពី​ក្រោយ​មិត្ត​រួម​ជាតិ​របស់​គេ Jorge Lorenzo ក្នុង​ការ​ប្រណាំង​ម៉ូ​តូ Japanese Grand Prix កាល​ពី​ថ្ងៃ​អាទិត្យ​។



កីឡាករ​របស់​ក្រុម​ហុង​ដា​វ័យ​២១​ឆ្នាំ​រូប​នេះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «រយៈ​ពេល​ពីរ​ឆ្នាំ​ក្នុង​ការ​ប្រណាំង MotoGP និង​ការ​ឈ្នះ​ពាន​រង្វាន់​ពិភព​លោក​ពីរ វា​គឺ​ជា​រឿង​ដ៏​មិន​គួរ​ឲ្យ​ជឿ​​ឡើយ​។ ខ្ញុំ​មិន​ធ្លាប់​បាន​ស្រមៃ​គិត​ថា នឹង​ឈ្នះ​ឡើយ​។ មនុស្ស​​ជា​ច្រើន​អាច​នឹង​មើល​​ឃើញ​ថា ងាយ​ស្រួល ពី​ព្រោះ​ខ្ញុំ​តែង​តែ​ញញឹម និង​តែង​តែ​រីក​រាយ ប៉ុន្តែ ខ្ញុំ​ក៏​មានអារម្មណ៍​ថា មាន​សម្ពាធ​ផង​ដែរ​»​។

Marquez ដែល​បាន​ក្លាយ​ជា​​ម្ចាស់​ជើង​ឯក​វ័យ​ក្មេង​បំផុត​ក្នុង​ការ​ប្រណាំង​ម៉ូតូ MotoGP កាល​ពី​ឆ្នាំ​មុននោះ បាន​ធ្វើ​ការ​អប​អរ​ជ័យ​ជម្នះ​យ៉ាង​រីក​រាយ តាម​រយៈ​ការ​យក​ដាវ​​ពី​អ្នក​ប្រយុទ្ធ​សា​ម៉ូ​រ៉ៃ​ម្នាក់ និង​មួក​ពណ៌​មាស​ពី​​ស្ត្រី​ស្លៀក​សំ​​លៀក​បំ​​ពាក់​ប្រពៃ​ណី​ជប៉ុន​ដ៏​ស្រស់​ស្អាត​ម្នាក់​យក​មក​អប​អរ​ជា​មួយ​នឹង​ជ័យ​ជម្នះ​របស់​គេ​។

កីឡាករ Lorenzo បាន​ទទួល​ជ័យ​ជម្នះនៅលើ​ទីលាន Motegi សម្រាប់​ក្រុម Yamaha ដូច​​អ្វី​ដែល​គេ​បាន​ធ្វើកាល​ពី​ឆ្នាំ​មុន តាម​រយៈ​ការ​បញ្ចប់​ក្នុង​ថិរ​វេលា​៤២​នាទី និង​២១,២៥៩​វិនាទី​ដើម្បី​កត់​ត្រា​ជ័យ​ជម្នះ​ដូច​នៅ​លើ​ទីលាន Aragon កាល​ពី​ពីរ​សប្តាហ៍មុន​អ៊ី​ចឹង​ដែរ ខណៈ​ដែល Marquez បាន​​ឈរ​លេខ​​២​បន្ទាប់​ពី​រូប​គេ ហើយ​កីឡាករ Valentino Rossi បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣​សម្រាប់ក្រុម Yamaha​​។

ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់លេខ​២​ក្នុងការ​ប្រណាំង​នៅ​ជប៉ុន​នេះ មាន​ន័យ​ថា រូប​​មាន​ពិន្ទុ​ដាច់​នៅលើ​តា​រាង​ពិន្ទុ​រួម និង​ត្រូវ​ឈ្នះពាន​ពិភព​លោក បើ​ទោះ​បី​នៅ​សល់​ការ​ប្រណាំង​៣​លើក​ទៀត​ក៏​ដោយ​៕

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com