កីឡាអន្តរជាតិ
អន្តរជាតិ
Hamilton ឈ្នះ Russian GP ខណៈ​ដែល​ក្រុម Mercedes ឈ្នះ​ពាន​ផ្នែក​ផលិត
13, Oct 2014 , 3:41 pm        
រូបភាព
ដោយ: ថ្មីៗ
កីឡាករ​ប្រណាំង​រថ​យន្ត​ដ៏​ឆ្នើម Lewis Hamilton បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ក្នុង​ទីក្រុង Sochi កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ពេល​ដែល​រូប​គេ​បាន​ឈ្នះ​​​ក្នុង​ការ​ប្រណាំង Russian Grand Prix ដើម្បី​កត់​ត្រា​ជ័យ​ជម្នះ​ជា​លើក​ទី​៤​ជាប់​ៗ​គ្នា​របស់​គេ និង​ដើម្បី​បន្ថែម​នាំ​ការ​មុខ​របស់​គេ​នៅលើ​តា​រាង​ជើង​ឯក (តា​រាង​ពិន្ទុ​រួម) ក៏​ដូច​ជា​ជួយឲ្យក្រុម Mercedes ឈ្នះ​ពាន​រង្វាន់​ផ្នែក​​ផលរិត​រថ​យន្ត​ជា​លើក​ទី​១​ ។



ខណៈ​ដែល​ចាប់​ផ្តើម​ការ​ប្រណាំង​ដោយ​ការ​ស្ថិត​នៅ​ទី​តាំង​នាំ​មុខ​គេ​ជា​លើក​ទី​៣៨​របស់​គេ​នៅលើ​ទីលាន កីឡាករ​របស់​អង់​គ្លេស​វ័យ​២៩​ឆ្នាំ​រូប​នេះ បាន​ធ្វើ​ដំណើរ​​ឆ្ពោះ​ទៅកាន់​ជ័យ​ជម្នះ​ជា​លើក​ទី​៣១​នៃ​អាជីព​របស់​គេ​​យ៉ាង​ងាយ​ដើម្បី​​តាម​ស្មើជ័យ​ជម្នះ​របស់​​កីឡាករ​អង់​គ្លេស Nigel Mansell នៅ​ក្នុង​សៀវ​ភៅ​កំណត់​ត្រា​។

រូប​គេ​បាន​ទៅ​ដល់​ខ្សែ​បន្ទាត់​ទី​​ដោយនាំ​មុខ​ក្នុង​ថិរ​វេលា​១៣,៦៥៧​វិនាទី​លើ​កីឡាករ Nico Rosberg ដែល​ជា​មិត្ត​រួម​ក្រុម Mercedes​។

ការ​ទទួល​ជ័យ​ជម្នះ​របស់ Hamilton បាន​ធ្វើ​ឲ្យ​គេ​នាំ​មុខ​ចំនួន​១៧​ពិន្ទុ​ពី​លើ Rosberg ដែល​បាន​ធ្វើ​ការ​ស្រោច​ស្រង់​​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ពី​ការ​ធ្លាក់​ចេញ​ពី​​ផ្លូវ​នៃ​ទីលាន ក្រោយ​ពី​​ធ្វើ​ឲ្យ​មានកំ​ហុស​មួយ​​ក្នុង​ការ​ប្រណាំង​នៅ​ជុំ​​ទី​១​ ។

បច្ចុប្បន្ន Hamilton វ័យ​២៩​ឆ្នាំ មាន​ពិន្ទុ​សរុប​ចំនួន​២៩១ ហើយ Rosberg មាន​២៧៤​ពិន្ទុ ខណៈ​ដែលនៅ​សល់​ការ​ប្រណាំង​ត្រឹម​តែ​បី​លើក​ទៀត​ប៉ុណ្ណោះ​។

ការ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​១ និង​លខ​២​របស់​ក្រុម Mercedes មាន​ន័យ​ថា ក្រុម​របស់​អាល្លឺ​ម៉ង់​មួយ​នេះ បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ផ្នែក​ផលិត ខណៈ​ដែល​​នៅ​សល់​ការ​ប្រណាំង​បី​លើក​​ទៀត​នៅ​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេ​រិក ប្រេស៊ីល និង​​អាប៊ូ​​ដា​ប៊ី​៕

ប្រែ​សម្រួល​ដោយ ផេង សំណាង




© រក្សាសិទ្ធិដោយ thmeythmey.com