សុខភាព
អន្តរជាតិ
WHO ប្រាប់​ឲ្យ​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​ពង្រឹង​ការការពារ​ជំងឺ​អេ​បូ​ឡា
14, Oct 2014 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ

លោកស្រី Margaret Chan ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃ​ចន្ទ​បាន​ជំរុញ​ឲ្យ​ប្រទេស​ក្នុង​តំបន់់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​ពង្រឹង​ការការពារ​របស់ខ្លួន​ប្រឆាំងនឹង​ការផ្ទុះ​របស់​ជំងឺ​អេ​បូ​ឡា តាមរយៈ​ការព្រមាន​ថា ពិភពលោក​ទាំងមូល​អាច​នឹង​ជួប​គ្រោះថ្នាក់។



តំបន់​ដែលមាន​ប្រជាជន​រស់នៅ​ចំនួន១,៨ពាន់​នាក់​មួយ​នេះ បាន​ក្លាយជា​ជម្រក​ដ៏​សំខាន់​នៃ​ការកើតឡើង​របស់​ជំងឺ​ជាច្រើន ក្នុងនោះ​រាប់បញ្ចូល​ទាំង​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ឬ​ជំងឺ​សារ៍ (SARS) និង​ជំងឺផ្តាសាយបក្សី​ផងដែរ ប៉ុន្តែ មកទល់ពេលនេះ​មិនមាន​ករណី​មេរោគ​អេ​បូ​ឡា ដែល​កំពុងតែ​រាតត្បាត​ផ្នែក​ជាច្រើន​នៃ​តំបន់​អាហ្វ្រិក​ខាងលិច​ឡើយ។

លោកស្រី Chan បាន​ប្រាប់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស​មន្ត្រី​សុខភាព​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ថា៖ «ក្នុង​លក្ខខណ្ឌ​ជាធម្មតា​បំផុត ការផ្ទុះ​នៃ​ជំងឺ​នេះ​បង្ហាញ​ពី​របៀប​នៃ​មេរោគ​មួយ​ក្នុងចំណោម​មេរោគ​ដ៏​កាច​សាហាវ​បំផុត​នៅលើ​ផែនដី​ដែល​អាចធ្វើ​ឲ្យ​មាន​ភាព​ខ្សោយ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​សុខភាព»។

លោកស្រី​បាន​បន្ថែមទៀតថា៖ «អ្នក​មិនអាច​កសាង​ប្រព័ន្ធ​ទាំងនេះ​ឲ្យ​ល្អប្រសើរ​អំឡុងពេល​មាន​វិបត្តិ​នេះឡើយ។ ផ្ទុយទៅវិញ ពួកគេ​នឹង​ទទួល​បរាជ័យ។ ប្រព័ន្ធ​សុខភាព​ដែល​មិន​ដំណើរការ មានន័យថា អត្រា​សូន្យ​របស់​ប្រជាជន​នឹង​ងើប​ឡើងវិញ​ក្នុង​កម្រិត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល»។

មនុស្ស​ច្រើនជាង៤ពាន់​នាក់​រួចមកហើយ​បាន​ស្លាប់​ដោយសា​តែ​ជំងឺ​អេ​បូ​ឡា​ក្នុងប្រទេស​ចំនួន៧ បើ​គិត​ចាប់តាំងពី​ការផ្ទុះ​មេរោគ​ដ៏​កាច​សាហាវ​បំផុត​នេះ​បានចាប់ផ្តើម​កើតឡើង​នៅក្នុង​ប្រទេស​ស្ថិតនៅ​អាហ្វ្រិក​ខាងលិច​កាលពីដើម​ឆ្នាំនេះ។ ប្រទេស និង​ដែនដី​ចំនួន៣៧ក្នុងនោះ​រាប់បញ្ចូល​ទាំង​ប្រទេស​ចិន តំបន់​មួយចំនួន​នៅ​អាស៊ី​ខាងកើត អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​តំបន់​កោះ​ប៉ាស៊ីហ្វិក សុទ្ធសឹង​ត្រូវបាន​គេ​ចាត់ទុកថា ស្ថិតក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​របស់ WHO៕

ប្រែ​សម្រួល​ដោយ ផេង សំណាង


© រក្សាសិទ្ធិដោយ thmeythmey.com