ខ្មែរ​ក្រហម
ជាតិ
សំណុំរឿង នួន ជា និង​ខៀវ សំផន នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១៧ ខាងមុខនេះ
15, Oct 2014 , 9:56 am        
រូបភាព
ដោយ:

ភ្នំពេញ៖ អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) នឹង​ចាប់ផ្តើម​បើកសវនាការ​លើ​អង្គសេចក្តី​ក្នុង​សំណុំរឿង ០០២ / ០២ ប្រឆាំងនឹង នួន ជា និង ខៀវ សំផន នៅ​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ វេលា​ម៉ោង ៩ព្រឹក។ បើតាម​សេចក្តី ប្រកាស​ព័ត៌មាន​របស់ អ ត វ ក អង្គ​សវនាការ​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​សាល​សវនាការ​ធំ​របស់ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។



សំណុំរឿង ០០២ / ០២ ជាការ​ជំនុំ​ជម្រះក្តី​ទី២ ប្រឆាំងនឹង នួន ជា និង ខៀវ សំផន។ មូលដ្ឋាន​សម្រាប់​ការជំនុំជម្រះ​នៃ​សំណុំរឿង ០០២ / ០២ នេះ ផ្អែកលើ​ទីតាំង ឧក្រិដ្ឋកម្ម​ដែល​បាន​ចោទប្រកាន់ និង​ការចោទប្រកាន់​តាម​អង្គហេតុ។ បទ​ចោទ​ទាំងនោះ រួមមាន បទ​ប្រល័យពូជសាសន៍​ចំពោះ​ជនជាតិ​ចាម និង​វៀតណាម (ដោយ​មិន​រាប់បញ្ចូល បទឧក្រិដ្ឋ ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​បដិវត្តន៍​កម្ពុជា​ក្នុង​ទឹកដី​វៀតណាម​ទេ) ការរៀប​ការ ដោយ​បង្ខំ និង​បទ​រំលោភ​សេពសន្ថវៈ​ទូទាំងប្រទេស ការ​បោសសម្អាត​ផ្ទៃក្នុង មន្ទីរ​សន្តិសុខ ស-២១ និង​មន្ទីរ​សន្តិសុខ​មួយចំនួន​ផ្សេងទៀត។

សហ​ព្រះរាជអាជ្ញា​នឹងត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​សេចក្តីសន្និដ្ឋាន​បើក​លើ​បទចោទប្រកាន់ ចំពោះ ជនជាប់ចោទ​ដោយ​សង្ខេប ហើយ​ជនជាប់ចោទ និង​មេធាវី​ការពារ​ក្តី​នឹងត្រូវ​ផ្តល់ឱកាស ក្នុង​ការធ្វើ​សេចក្តីសន្និដ្ឋាន​តប​ដោយ​សង្ខេប​ផងដែរ។

អង្គជំនុំជម្រះ អ វ ត ក នឹង​កោះហៅ​សាក្សី​ទី១ ដើម្បី​ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃ​ច័ន្ទ ទី២០ ខែតុលា ឆ្នាំ ២០១។ អង្គ​ហេតុដែល​នឹងត្រូវ​ស្តាប់​នៅក្នុងពេល​សវនាការ​វគ្គ​ទី១ គឺ​ទាក់ទង​នឹង សហករណ៍​ត្រាំកក់ ដោយ​រាប់បញ្ចូល​ទាំង​ការប្រព្រឹត្ត​ទៅលើ​ពុទ្ធសាសនិក និង​មន្ទីរ សន្តិសុខ​ក្រាំង​តា​ចាន់។

សវនាការ​លើ​សំណុំរឿង ០០២/០២ នេះ នឹង​បើកទូលាយ​សម្រាប់​សាធារណជន និង តំណាង​សារព័ត៌មាន​ឲ្យ​ចូលរួម​ស្តាប់​សវនាការ ហើយ​កន្លែង​នៅក្នុង​សាល​សវនាការ នឹងត្រូវ​ចែកជូន​ដោយ​គោរព​តាម​គោលការណ៍​អ្នក​មក​មុន​បាន​មុន។ ច្រកទ្វារ​ចូល​សម្រាប់ សាធារណជន​នឹង​ចាប់ផ្តើម​នៅវេលា​ម៉ោង ៧ ព្រឹក រៀងរាល់ថ្ងៃ​សវនាការ។

យោងតាម​ដីកា​កំណត់​កាលបរិច្ឆេទ​សវនាការ​របស់​អង្គជំនុំជម្រះ​សាលាដំបូង សវនាការ ពិនិត្យ​ភស្តុតាង​វគ្គ​ដំបូង​ក្នុង​សំណុំរឿង ០០២/០២ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​សុក្រ ទី១៧ ខែតុលា ឆ្នាំ ២០១៤ រហូតដល់​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ ២០១៤ ។ អង្គជំនុំជម្រះ សាលាដំបូង​នឹង​ដំណើរការ​សវនាការ ៣ ថ្ងៃ​ក្នុង ១ សបា្តហ៍ ហើយ​ចាប់ផ្តើម​សវនាការ ពី​ម៉ោង ៩ព្រឹក និង​បញ្ចប់​នៅ​ម៉ោង ៤:០០ រសៀល៕


© រក្សាសិទ្ធិដោយ thmeythmey.com