សុខភាព
អន្តរជាតិ
WHO៖ អេ​បូ​ឡា​នឹង​កើន​ដល់១ម៉ឺន​ករណី​ក្នុង​មួយ​សប្តាហ៍​ក្នុង​រយៈពេល​ពីរ​ខែ​ទៀត
15, Oct 2014 , 2:56 pm        
រូបភាព
ដោយ: ថ្មីៗ
មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​ម្នាក់ បាន​និយាយថា វា​នឹងមាន​ករណី​ថ្មី​នៃ​ជំងឺ​អេ​បូ​ឡា​រហូតដល់​ទៅ១ម៉ឺន​ករណី​ក្នុង​មួយ​សប្តាហ៍​នៅ​រយៈពេល​ពីរ​ខែ​ខាងមុខ​ទៀត។



លោក​វេជ្ជបណ្ឌិត Bruce Aylward អនុប្រធាន WHO បាន​និយាយថា ប្រសិនបើ​ការឆ្លើយតប​ទៅកាន់​វិបត្តិ​នៃ​ជំងឺ​អេ​បូ​ឡា​មិន​ត្រូវបាន​ដោះស្រាយ​ក្នុង​រយៈពេល៦០ថ្ងៃ​ទេនោះ «មនុស្ស​ជាច្រើន​ទៀត​នឹង​ស្លាប់» ហើយ​វា​នឹងមាន​តម្រូវការ​ដ៏​ធំ​មួយ​ដើម្បី​ដោះស្រាយ​ជាមួយនឹង​ចំនួន​កើនឡើង​នៃ​ករណីនេះ។

លោក​បាន​ឲ្យ​ដឹងថា WHO បានធ្វើការ​ប៉ាន់ប្រមាណ​ថា វា​អាច​នឹង​កើន​ដល់១០.០០០ករណី​ក្នុង​រយៈពេល​មួយ​សប្តាហ៍​សម្រាប់​រយៈពេល​ពីរ​ខែ​ខាងមុខ​ទៀត។ លោក Aylward បានបញ្ជាក់​កាលពី​បួន​សប្តាហ៍​មុន​ថា វា​មាន​ករណី​ឆ្លង​ថ្មី​ចំនួន១ពាន់​នាក់​ក្នុង​មួយ​សប្តាហ៍ បើទោះបី​តួលេខ​នោះ​រាប់បញ្ចូល​ទាំង​មនុស្ស​ដែល​ត្រូវបាន​សង្ស័យថា បាន​ឆ្លង​ក៏ដោយ។

លោក​បាន​ឲ្យ​ដឹងថា WHO កំពុងតែ​មានបំណង​ដាក់​អ្នក​ឆ្លង​ជំងឺ​ចំនួន៧០ភាគរយ​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​ក្នុង​រយៈពេល​ពីរ​ខែ​ដើម្បី​បញ្ចៀស​ការផ្ទុះ​ការរីក​រាល​នេះ។

WHO បាន​រាយការណ៍​ថា ចំនួន​មនុស្ស​ស្លាប់​សរុប​ដោយសា​តែ​ជំងឺ​អេ​បូ​ឡា​បាន​កើន​ដល់៤.៤៤៧នាក់​ហើយ ដោយ​ភាគច្រើន​នៃ​អ្នកស្លាប់​ទាំងនោះ​ស្ថិតក្នុង​តំបន់​អាហ្វ្រិក​ខាងលិច ហើយ​អង្គការ​នេះ បាន​បញ្ជាក់ថា ចំនួន​ករណី​ដែល​បាន​ឆ្លង និង​សង្ស័យ​គឺ​ស្ថិតក្នុង​ចំនួន៨.៩១៤នាក់។ ប្រទេស​សៀ​រ៉ា​ឡេ​អូន ហ្គី​ណេ និង​លី​ប៊េ​រី​យ៉ា បាន​រង​ការវាយប្រហារ​ខ្លាំងជាងគេ​បំផុត៕

ប្រែ​សម្រួល​ដោយ ផេង សំណាង


© រក្សាសិទ្ធិដោយ thmeythmey.com