សុខភាព
អន្តរជាតិ
អេ​បូ​ឡា​អាច​នឹង​ត្រូវគេ​ផលិត​ជា​អាវុធ​ជីវសាស្ត្រ ស្រប​ពេលដែល​ករណី​ឆ្លង​មានការ​កើនឡើង​ខ្លាំង
15, Oct 2014 , 7:40 pm        
រូបភាព
ដោយ: ថ្មីៗ

អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា ការឆ្លង​មេរោគ​អេ​បូ​ឡា​អាច​កើនឡើង​រហ័ស​បំផុត​រហូតដល់ ១ម៉ឺន​ករណី​ក្នុង​រយៈពេល​ត្រឹម​មួយ​សបា្តហ៍​ប៉ុណ្ណោះ ។ ការព្រមាន​របស់​អង្គការ​សុខភាព​ពិភពលោក​នេះ នេះ​ជាស​ញ្ញា​ប្រកាសអាសន្ន​សម្រាប់​ពិភពលោក​ទាំងមូល និង​បង្ហាញថា​ការឆ្លង​មេរោគ​អេ​បូ​ឡា​កាន់តែ​រីក​រាលដាល​ឆាប់រហ័ស និង​ពិបាក​គ្រប់គ្រង​ថែមទៀត​ផង។ យ៉ាងណាក៏ដោយ មកទល់ពេលនេះ​មេដឹកនាំ​ពិភពលោក​ត្រៀមខ្លួន​ពិភាក្សាគ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​មេរោគ​អេ​បូ​ឡា​នេះ​នៅ​អង្គការសហប្រជាជាតិ​ថែម​ទៀតផង។ គេ​ព្រួយបារម្ភ​ថា​ការកើនឡើង​នៃ​ការឆ្លង​មេរោគ នឹង​ធ្វើអោយ​មនុស្ស​ស្លាប់​កាន់តែច្រើន ហើយ​គេ​ភ័យខ្លាច​ថា​ក្រុម​ភេរវជន​អាច​ប្រើប្រាស់​មេរោគ​អេ​បូ​ឡា​នេះ​ដើម្បី​ផលិត​ជា​អាវុធ​ជីវសាស្ត្រ​ថែមទៀត​ផង។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ឆ្លើយតប​ទៅនឹង​ការ​ចោទសួរ​របស់លោក ជាវ សំណាង ទាក់ទិន​នឹង​បញ្ហា​នេះ៖
   
១.សំនួរ៖និស្ស័យ​ថ្ងៃនេះ​យើង​ផ្តោត​ការចាប់អារម្មណ៍​លើ​ការរីក​រាលដាល​នៃ​មេរោគ​ឆ្លង​អេ​បូ​ឡា​វិញ​ម្តង។ ម្សិលមិញ​នេះ អង្គការ​សុខភាព​ពិភពលោក​បានផ្តល់​សញ្ញា​ប្រកាសអាសន្ន ថា​ការឆ្លង​នៃ​មេរោគ​អេ​បូ​ឡា​នេះ​កាន់តែ​កើនឡើង​ខ្លាំង​គួរអោយ​ព្រួយបារម្ភ​ខ្លាំង។ ខ្ញុំ​ចង់ដឹងថា​តើ​អ្វី​ជា​សញ្ញា​ប្រកាសអាសន្ន​ដែល​ស្ថាប័ន​នេះ​បង្ហាញ​ដល់​ពិភពលោក​ទៅ?
១.ចម្លើយ៖អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​កាលពី​ម្សិលមិញ​ថា ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​អេ​បូ​ឡា​អាច​នឹង​កើតឡើង​យ៉ាង​ឆាប់រហ័ស​បំផុត​រហូតដល់ ១ម៉ឺន​ករណី​ក្នុង​រយៈពេល​ត្រឹម​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ​នៅ​ដើមខែ​ធ្នូ​ខាងមុខ។  ការព្រមាន​របស់​អង្គការ​សុខភាព​ពិភពលោក​នេះ ត្រូវបាន​គេ​ចាត់ទុកជា​សញ្ញា​ប្រកាសអាសន្ន​សម្រាប់​ពិភពលោក​ទាំងមូល ហើយ​បង្ហាញថា​ការឆ្លង​មេរោគ​អេ​បូ​ឡា​កាន់តែ​រីក​រាលដាល​ខ្លាំង​មែនទែន ហើយ​និង​ពិបាក​គ្រប់គ្រង​ថែម​ទៀតផង។ ការផ្តល់​សញ្ញា​ប្រកាសអាសន្ន​នេះ​កើតមានឡើង​ស្របពេល​ដែល​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​ដោយសារ​មេរោគ​អេ​បូ​ឡា​នេះ មានការ​កើនឡើង​គួរអោយ​ភ្ងា​ក់​ផ្អើល​នៅក្នុង​តំបន់​អឺរ៉ុប ហើយ​មេដឹកនាំ​ពិភពលោក​បាន​ត្រៀមខ្លួន​ដើម្បី​ពិភាក្សាគ្នា​ពី​បញ្ហា​វិធានការ​ទប់ស្កាត់​និង​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​មេរោគ​ឆ្លង​នេះ​នៅ​ស្ថាប័ន​អង្គការសហប្រជាជាតិ​នៅពេល​ខាងមុខនេះ។ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក លោក Bruce Aylward បានអោយដឹងថា ការប៉ាន់ស្មាន​របស់​អង្គការ​សុខភាព​ពិភពលោក ចំនួន​ករណី​ឆ្លង​នឹង​អាច​កើន​ឡើងដល់​ចន្លោះ​ពី ៥ពាន់ ទៅ១ម៉ឺន​ករណី ត្រឹមតែ​ក្នុង​រយៈពេល១សប្តាហ៍​គិត​នៅ​សប្តាហ៍​ទីមួយ​នៃ​ខែធ្នូ​តែប៉ុណ្ណោះ។ គិត​មក​ត្រឹម​ពេលនេះ ចំនួន​អ្នក​ដែល​ស្លាប់​ដោយសារ​ឆ្លង​មេរោគ​អេ​បូ​ឡា​កើន​ដល់ ៤៤៤៧នាក់​ទៅហើយ ហើយ​ចំនួន​អ្នក​ដែល​ឆ្លង​ថ្មី​ទៀត​ក៏​កាន់តែ​កើនឡើង​ផងដែរ​ជាពិសេស​នៅក្នុង​ប្រទេស​ដែល​រង​ការវាយប្រហារ​ខ្លាំង​បំផុត​ដោយ​មេរោគ​អ​បូ​ឡា ដូចជា​លី​បេ​រី​យ៉ា សេ​រ៉ា​ឡេ​អូន និង​ហ្គី​ណេ។ កាលពីថ្មីៗនេះ ប្រធានាធិបតី​អាមេរិក និង​លោក​ប្រមុខ​ស្ថាប័ន​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​អោយ​បណ្តា​ប្រទេស​ទាំងអស់​ចូលរួម​យុទ្ធនាការ​ប្រឆាំងនឹង​ការកើនឡើង​នៃ​ការឆ្លង​មេរោគ​អេ​បូ​ឡា​នេះ​ផងដែរ។

២.សំនួរ៖ និស្ស័យ ថ្មីៗនេះ មេដឹកនាំ​ពិភពលោក​កំពុង​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការកើនឡើង​នៃ​ករណី​ឆ្លង​មេរោគ​អេ​បូ​ឡា ហើយ​បុគ្គលិក​ដែល​បម្រើសេវា​សុខាភិបាល​នៅ​តំបន់​អាហ្វ្រិក​ខាងលិច​បានចេញ​មុខ​តវ៉ា​ទាមទារ​អោយមាន​ការផ្តល់​ប្រាក់ឧបត្ថម្ភ​អោយបាន​ខ្ពស់​ដល់​ពួកគេ​ថែម​ទៀតផង ដោយសារ​ការងារ​វា​គ្រោះថ្នាក់​ខ្លាំងពេក។ តើ​ករណីនេះ​គេ​បាន​ដោះស្រាយ​យ៉ាងណាដែរ​ទៅ​បាទ?
២.ចម្លើយ៖ បាទ​ក្រុមគ្រូពេទ្យ និង​បុគ្គលិក​ដែល​បម្រើ​ការងារ​ផ្នែក​សុខាភិបាល​នៅ​អាហ្វ្រិក​ខាងលិច​មាននៅ លី​បេ​រី​យ៉ា បានចេញ​មុខ​តវ៉ា ដោយ​ទាមទារ​អោយមាន​ការផ្តល់​ជំនួយ​និង​ថវិកា​ដល់​ពួកគេ​អោយ​ខ្ពស់​ជាមុន​ដើម្បី​ថែរក្សា​អ្នកជំងឺ​ដែល​ឆ្លង​មេរោគ​អេ​បូ​ឡា​នោះ។ តាមពិតទៅ​ការងារ​ពួកគេ​ប្រឈមមុខ​និង​គ្រោះ​ថ្នាក់ខ្ពស់ ហើយ​ជំនួយ​និង​ថវិកា​ដែល​ពួកគេ​ទទួលបាន​ហាក់បីដូចជា​មិន​គ្រប់គ្រាន់​ស្មើនឹង​ការលះបង់​របស់​ពួកគេ​នោះឡើយ។យ៉ាងណាក៏ដោយ​ក្រោយពី​មានការ​ផ្ទុះឡើង​នូវ​ការតវ៉ា​នេះ គេ​ឃើញ​ប្រធានាធិបតី​មេ​រិ​ក លោក បា​រ៉ា​ក់ អូ​បា​ម៉ា​និង​លោក បាន​គី​មូ​ន ប្រមុខ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​អោយ​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត ចូលរួម​ផ្តល់ជំនួយ​ឧបត្ថម្ភ​បន្ថែម រួមទាំង​សម្ភារៈប្រើប្រាស់​ដើម្បី​ពង្រឹង​និង​បង្កើន​ការគ្រប់គ្រង​និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​អេ​បូ​ឡា​នេះ។ ក្រោយ​មានការ​អំពាវនាវ​គេ​ឃើញ​មាន​អង្គការ​អន្តរជាតិ ក្រុមហ៊ុន​ឯកជន និង​ប្រទេស​មួយចំនួន​បានប្រកាស​ផ្តល់ជំនួយ​ដល់​ស្ថាប័ន​ដែល​ទទួលបន្ទុក​ទប់​ស្កាត់​និង​ប្រឆាំង​មេរោគ​អេ​បូ​ឡា​នេះ។


៣.សំនួរ៖ ថ្មីៗនេះ​បណ្តា​ស្ថាប័ន​ជាច្រើន​បាន​ផ្តល់ជំនួយ​ជា​ថវិកា​ដល់​ស្ថាប័ន​ដែល​ទទួលបន្ទុក​ទប់​ស្កាត់​និង​ប្រឆាំង​មេរោគ​អេ​បូ​ឡា​នេះ។ គេ​លេចលឺ​ព័ត៌មាន​ថា ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក​បានប្រកាស​ផ្តល់​លុយ​ជំនួយ​ដើម្បី​ពង្រីក​ការទប់ស្កាត់​និង​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​មេរោគ​អេ​បូ​ឡា​ថែម​ទៀតផង។ តើ​ព័ត៌មាន​នេះ​វា​យ៉ាងណាដែរ​ទៅ?
៣.ចម្លើយ៖រឿងនេះ​ជាការ​ពិត ព្រោះ​កាលពី​ម្សិលមិញ​នេះ​សហ​ស្ថាបនិក​ហ្វេ​ស​ប៊ុ​កលោក Mark Zuckerberg បានប្រកាសថា​លោក​សម្រេច​ផ្តល់ជំនួយ​ជា​ថវិកា​ប្រមាណ ២៥លាន​ដុល្លារ​អាមេរិក​ដល់​មូលនិធិ​នៃ​មជ្ឈមណ្ឌល​ដើម្បី​គ្រប់គ្រង​មេរោគ​ឆ្លង​របស់​អាមេរិក ដើម្បី​បង្កើន​សមត្ថភាព​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ការឆ្លង​មេរោគ​នេះ។ ការផ្តល់​ជំនួយ​ជា​ថវិកា​នេះ​អាច​នឹង​ជួយ​ពង្រឹង​និង​បង្កើន​សមត្ថភាព​ក្នុងការ​ប្រយុទ្ធ​ជាមួយ​មេរោគ​ឆ្លង​នេះ​បាន​មួយកម្រិត​ដែរ។ ដោយឡែក​ទីភ្នាក់ងារ​ថាមពលអាតូមិច​អន្តរជាតិ​IAEAបាន​ចូលរួម​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​និង​កម្ចាត់​មេរោគ​ឆ្លង​នេះ​នៅ​អាហ្វ្រិក​ខាងលិច ដោយ​ផ្តល់​សម្ភារៈ និង​អ្នកជំនាញ​នានា​របស់ខ្លួន​ទៅ​ទីនោះ​ដើម្បី​ត្រួតពិនិត្យ​ករណី​ឆ្លង​មេរោគ​នេះ។ប្រធាន​ស្ថាប័ន​ខាងលើ​លោក Yukiya Amano បាន​ថ្លែងថា បើទោះជា​ជំនួយ​របស់​ស្ថាប័ន​លោក​វា​តិចតួច​ក៏ដោយ​តែ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ទប់ស្កាត់​ក៏​ឆ្លង​រាលដាល​នៃ​មេរោគ​អេ​បូ​ឡា​នេះ។ ស្ថាប័ន​ខាងលើ​នឹង​ផ្តល់​បច្ចេកវិទ្យា​ថ្មី​ទំនើប សម្រាប់​ត្រួតពិនិត្យ​ស្វែងរក​ពី​អ្នកជំងឺ​ឆ្លង​ទាំង​នោះបាន​រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់ជាង​មុន។ 

៤. សំនួរ៖ ជា​សំនួរ​ចុងក្រោយ​របស់ខ្ញុំ​និស្ស័យ ចាប់ពី​មានការ​ផ្ទុះឡើង​នៃ​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​អេ​បូ​ឡា បានធ្វើអោយ​មានការ​ភ័យខ្លាច​ថា គេ​នឹង​អាច​ប្រើប្រាស់​មេរោគ​អេ​បូ​ឡា​ដើម្បី​ផលិត​ជា​អាវុធ​ជីវសាស្ត្រ​ថែម​ទៀតផង។តើ​បញ្ហា​នេះ​វា​យ៉ាងណាដែរ​ទៅ​បាទ?
ចម្លើយ៖ គេ​ព្រួយបារម្ភ​ថា វា​មានការ​លំបាក​ក្នុងការ​ទប់ស្កាត់​មិនអោយ​មានការ​ផលិត​ប្រភេទ​អាវុធ​ជីវសាស្ត្រ បើទោះជា​ពិភពលោក​មាន​អនុ​ញ្ញា​ដែល​ហាមឃាត់​មិនអោយ​ប្រើប្រាស់​អាវុធ​គីមី ឬ​អាវុធ​ជីវសាស្ត្រ​ឆ្នាំ ១៩៧២ក៏ពិតមែន។ អ្នកជំនាញការ​របស់​រុស្ស៊ី​ម្នា​ក់លោក  Vladimir Nikiforov បានអោយដឹង​ដែរ​ថា អាវុធ​ជីវសាស្ត្រ​វា​មិនមាន​អ្វីដែល​ពិបាកធ្វើ​ដូចជា​អាវុធ​នុយក្លេអ៊ែរ​ឡើយ។ ដើម្បី​ផលិត​នុយក្លេអ៊ែរ គេ​ចាំបាច់​ត្រូវការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ជាច្រើន​ដំណាក់កាល  ទម្រាំ​សម្រេចបាន តែ​សម្រាប់​អាវុធ​គីមី​វិញ​នោះ គឺអាច​ប្រើ​បន្ទប់​ស្រាវជ្រាវ​តូច​មួយ ហើយ​ប្រើប្រាស់​សារធាតុ​ជីវសាស្ត្រ​ដែល​ស្រួល​រកបាន​ថែម​ទៀតផង។ លោក​បាន​បន្ថែមថា ពិភពលោក​អាច​ស្ថិតនៅក្នុង​ភាពគ្រោះថ្នាក់​ព្រោះ​គេ​មិនអាច​ធានាបាន​ពី​ប្រទេស​ដែលមាន​ចេតនា​ប្រើប្រាស​មេរោគ​ប្រភេទ​នេះ​ផលិត​ទៅជា​អាវុធ​ជីវសាស្ត្រ​ឡើយ។ ក្រៅពី​អ្នកជំនាញ​រុស្ស៊ី លោក Peter Walsh ដែលជា​សាស្ត្រាចារ្យ និង​អ្នកជំនាញ​នៃ​សាកលវិទ្យាល័យ Cambridge បាន​ថ្លែង​ព្រមាន​ដូចគ្នា​ដែរ​ចំពោះ​បញ្ហា​នេះ។ លោក​អះអាងថា ក្រុម​ភេរវជន​អាច​នឹង​ប្រើប្រាស់​មេរោគ​ដើម្បី​ផលិត​ជា​អាវុធ និង​ធ្វើអោយប៉ះពាល់​ដល់​ពិភពលោក​ទាំងមូល។ លោក​បានបញ្ជាក់​បន្ថែម​ថា ប្រសិនបើ​មាន​បញ្ហា​ដូច្នេះ​មែន ចំនួន​មនុស្ស​ស្លាប់​នឹងមាន​ចំនួន​ច្រើន​ខ្លាំង ព្រោះ​វា​ជា​គ្រោះមហន្តរាយ​នៃ​សាកលលោក។ ក្រុម​ភេរវជន​អាច​នឹង​ប្រើប្រាស់​មេរោគ​ផលិត​អាវុធ​ជីវ​សាស្ត្រា​ឬ​គ្រាប់បែក​ជីវសាស្ត្រ ដែលមាន​ឥទ្ធិពល ហើយ​ចាប់ផ្តើម​ទម្លាក់​វា​ទៅកាន់​តំបន់​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន ក្រោយមក​មេរោគ​នឹង​ឆ្លង​ចូលខ្លួន​មនុស្ស​បន្ត​គ្នា​តែម្តង។




© រក្សាសិទ្ធិដោយ thmeythmey.com