ខ្មែរ​ក្រហម
ជាតិ
តុលា​ការ​ខ្មែរ​ក្រហ​ម៖ ដើម​បណ្តឹង​រដ្ឋប្បវេណី​ទារសំ​ណង​ជំងឺ​ចិត្ត​ ម្នាក់​១៣៥០០​ ដុល្លារ​
17, Oct 2014 , 4:17 pm        
រូបភាព
ជនរងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម និងជា​ដើមបណ្តឹង​រដ្ឋប្បវេណី​ បាន​ប្រកាស​ទាមទារ​សំណង​ជំ​ងឺ​​ចិត្ត​ ១៣៥០០​ដុល្លារ​ សម្រាប់ម្នាក់ៗ​ដែល​មាន​ឈ្មោះ​ក្នុង​ពាក្យ​បណ្តឹងនៅ​តុលាការ​ខ្មែរ​ក្រ​ហ​ម​​​។ ការ​ទាមទារ​នេះ​ត្រូវបាន​ធ្វើ​ឡើង​ជាសាធារណៈ​នៅ​ព្រឹក​ថ្ងៃសុក្រ​ទី​១៧​ ខែ​តុលានេះ នៅ​មុ​ខ​​សាលាក្តីខ្មែរ​ក្រហម​ ដែល​ត្រូវ​ចាប់ផ្តើម​សវនាការ​សំណុំរឿង​០០២ វគ្គ២ ។



ស្តាប់​សំឡេង


ក្រុម​ដើមបណ្តឹង​រដ្ឋប្បវេណី ដែល​គេឃើញ​​មានលោក ប៊ូ ម៉េង ដែលជា​អ្នកទោស​រួច​ផុត​ពី​ការ​កាប់សម្លាប់​នៅ​មន្ទីរសន្តិសុខ​​ ទួលស្លែងដែរនោះ បាន​កាន់​ផ្ទាំង​ក្រដាស ស​ ម្នាក់មួយ​ដែល​មា​ន​​សរសេរ​អក្សរជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​ផង​ថា«យើង​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណីនៃ​សា​លា​​ក្តី​ខ្មែរ​ក្រហម សូម​ទាមទារ​សំណង​ជា​បុគ្គល​ដាច់ខាត»។ នៅ​ក្នុងសេចក្តីថ្លែងការណ៍​របស់​ខ្លួន​​កាលពីថ្ងៃទី១៦តុលា ក្រុម​ដើមបណ្តឹង​រដ្ឋប្បវេណី​បាន​សរសេរថា៖«អំពើទារុណកម្ម និង​​ការ​​ឈឺ​ចាប់​ពី​សម័យនោះ​រហូត​​មកដល់ពេលនេះ ទំហំនៃ​ការ​រងទុក្ខ ការ​បាត់បង់ ការ​ឈឺ​ចាប់​ទាំង​អស់​នេះ​មិនអាច​កាត់​ថ្លៃបាន​ឡើយ ហើយទឹកប្រាក់​ដែល​យើងខ្ញុំ​ទាមទារ​ចំពោះ​មុខ​នេះ វា​គ្រាន់តែជា​ចំណែក​ដ៏តូច​មួយ​សម្រាប់កាត់បន្ថយ​ការ​ឈឺចាប់​ប៉ុណ្ណោះ»។

លើស​ពីនេះសេ​ចក្ដីថ្លែងការ​ណ៍នោះ ក៏បានបន្ទោសថា សាលក្រម​នៃ​សំណុំរឿង​០០២ វគ្គ​១ កន្ល​ងមក វា​ជា​ប្រភេទ​សំណង​មិន​ពិតប្រាកដ ជាពិសេស​សំណង​ទាំង​នោះ ហាក់បីដូចជា ឡប់​ឡែ​រវាង​អង្គការ​ក្រៅរដ្ឋាភិបាល ជា​មួយ​នឹង​សាលាក្តី​ខ្មែរក្រហម វា​មិនមែន​ជា​សំណង ស្រប​តា​ឆន្ទៈ​ពិតប្រាកដ​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ឡើយ​។

ក្រៅ​ពីការ​ទា​មទារ​សំណង​ជា​ថវិកា ក្រុម​ដើមបណ្តឹ​ង​រដ្ឋប្បវេណី​ក៏​បាន​ស្នើអោយមាន​ការ​សាង សង់ សារ​មន្ទី​រមួយ រោ​ងបុណ្យមួយ បណ្ណា​ល័​យមួយ​លើទំហំផ្ទៃដី​សាងសង់​មួយ​ហិចតា ក្នុង​ខេត្តនី​មួយៗ​នៅទូទាំងប្រទេស។

សំណុំរឿង ០០២/០២ គឺជា​ការជំនុំជម្រះ​ក្តី​ទី​២ប្រឆាំងនឹងលោក នួន ជា និង​ខៀវ សំផន​។ ជា​បទ​​ឧក្រិ​ដ្ឋ​កម្ម​ដែល​បាន​ចោទប្រកាន់​តាម​អង្គហេតុ ​១ពីបទ​ប្រល័យពូជសាសន៍​ចំពោះ​ជនជាតិ​ខ្មែរ ​ចាម និង​វៀតណាម។ ២ ការ​រៀបការ​ដោយ​បង្ខំ និង​បទ​រំលោភ​សេពសន្ថវៈជាដើម៕




© រក្សាសិទ្ធិដោយ thmeythmey.com