កីឡាជាតិ
ជាតិ
ក្របខ័ណ្ឌបាល់បោះកម្ពុជា CBL ឈានដល់ការប្រកួតវគ្គ Playoff ដ៏ស្វិតស្វាញ កីឡាករ Ken Gadaffi (ក្រហម) នៃក្រុម Extra Joss FIghters នាការប្រកួតកន្លងមកជាមួយ Smart Dragons
× ការប្រកួតក្របខ័ណ្ឌកីឡាបាល់បោះកម្ពុជា (Cambodian Basketball League) ឆ្នាំ២០១៤ ឈានដល់ការប្រកួតវគ្គ Playoff ដ៏ស្វិតស្វាញហើយនៅចុងសប្តាហ៍នេះ រវាងក្រុមចំនួន៨ ខណៈក្រុម NSK Dream និងក្រុម GL Concrete បានអស់ឱកាសរួចទៅហើយ។ ការប្រកួតប្រកួតទាំងអស់នឹងប្រព្រឹត្តទៅក្នុងសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។
ថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០១៤
វេលាម៉ោង២រសៀល៖ ក្រុម Davies Paints ជួប ក្រុម CCPL Warriors
ក្រុមទាំងពីរសុទ្ធតែមានជម្រើសកីឡាករជនជាតិហ្វីលីពីនដ៏រឹងមាំ។ ក្រុមចំណាត់ថ្នាក់លេខមួយ Davies Paints រំពឹងរក្សាប្រវត្តិសាស្ត្រនៃជ័យជម្នះដ៏អស្ចារ្យរបស់ខ្លួននាជំនួបជាមួយក្រុមចំណាត់ថ្នាក់លេខ៨ CCPL Warriors។ ប្រធានក្រុម Jon Naval នឹងមានភារកិច្ចដ៏សំខាន់ដើម្បីស្តារមុខមាត់ក្រុម Warriors បន្ទាប់ពីពួកគេបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងលទ្ធផល ១១៩ ទល់នឹង៤៩ ក្រោមថ្វីដៃក្រុម Davies។
វេលាម៉ោង៤រសៀល៖ ក្រុម Emperors ជួប ក្រុម Sabay Tiger Mosquitoes
ក្រុម Emperors ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ២ នឹងប្រើប្រាស់ការប្រកួត Playoff នេះដើម្បីធ្វើការសងសឹកលើក្រុម Sabay Tiger Mosquitoes (លេខ៧ ) ដែលធ្លាប់បំបាក់ពួកគេក្នុងលទ្ធផល ៥៥ ទល់នឹង២៥ នាការប្រកួតវគ្គជម្រុះវិលជុំ។ កីឡាករ ម៉ោញ រតនា និង គឹម វ៉េងងួន នឹងក្លាយជាកម្លាំងស្នូលដ៏សំខាន់ក្នុងការប្រកួតនេះ។
ថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០១៤
វេលាម៉ោង២រសៀល៖ ក្រុម Pate 310 ជួប ក្រុម Smart Dragons
ក្រុម Pate 310 ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ នឹងក្លាយជាឧបសគ្គដ៏ធំរបស់ក្រុមលេខ៦ Smart Dragons ។ នាការប្រកួតវិលជុំ Pate 310 បានផ្តល់មេរៀនដល់ក្រុម Smart Dragons នានាទីចុងក្រោយក្នុងលទ្ធផលដ៏ប្រផិតប្រផើយ ៦១ ទល់៥៩ ។ Smart Dragons នឹងមានការព្យាយាមខ្ពស់ដើម្បីលុបលាងការខូចចិត្តកន្លងមក។
វេលាម៉ោង៤រសៀល៖ ក្រុម Mekong Tigers ជួប ក្រុម Extra Joss Fighters
វានឹងក្លាយជាការប្រកួតដ៏គួរឲ្យទាក់ទាញមួយប្រចាំសប្តាហ៍ ខណៈក្រុម Mekong Tigers និង Extra Joss Fighters មិនកម្រិតសមត្ថភាពប្រហាក់ប្រហែលគ្នា។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Mekong Tigers នឹងប្រឹងរក្សាកំណត់ត្រាដ៏ល្អរបស់ខ្លួននាជំនួបជាមួយ Extra Joss Fighters ដែលពួកគេធ្លាប់បានយកឈ្នះយ៉ាងងាយស្រួលក្នុងលទ្ធផល ៨៤-៦៦ ៕
© រក្សាសិទ្ធិដោយ thmeythmey.com