កីឡាអន្តរជាតិ
អន្តរជាតិ
Senzo Meyiwa អ្នក​ចាំទី​ជម្រើស​ជាតិ​អាហ្វ្រិក​ខាង​ត្បូង​ត្រូវ​បាន​គេ​បាញ់​សម្លាប់
27, Oct 2014 , 12:28 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នក​ចាំ​ទី Senzo Meyiwa ដែល​ជា​ប្រធាន​ក្រុម​កីឡា​បាល់​ទាត់​ជម្រើស​ជាតិ​អាហ្វ្រិក​ខាង​ត្បូង បាន​ស្លាប់ ក្រោយ​ពី​រង​នូវការ​បាញ់​ប្រហារ​​​កាល​ពី​ថ្ងៃ​ចន្ទ​។ នេះ​បើ​យោង​ទៅ​តាមការ​បញ្ជាក់​របស់​ប៉ូលិស​អាហ្វ្រិក​ខាង​ត្បូង​។ ឧប្ប​ត្តិហេតុនេះ ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បាន​កើតន​ឡើង​នៅ​ផ្ទះ​មិត្ត​ស្រី​របស់ Meyiwa ក្នុង​ទីក្រុង Vosloorus ក្បែរ​រដ្ឋ​ធានី Johannesburg​។



កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ បាន​លេង​ឲ្យ​ក្លិប Orlando Pirates ហើយ​ក៏​បាន​លេង​ឲ្យ​​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាហ្វ្រិក​ខាង​ត្បូង​​ក្នុង​យុទ្ធ​នា​ការ​ប្រកួត​ជម្រុះ Africa Cup of Nations បួន​លើក​ចុង​ក្រោយ​ផង​ដែរ​។

កាល​ពី​ថ្ងៃ​សៅរ៍ រូប​គេ​បាន​​លេង​ឲ្យ​ក្លិប​របស់​គេ ដែល​នៅពេល​នោះ​ពួក​គេ​បាន​ឈាន​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​​ព្រ័ត្រ​នៃ​ពាន​រង្វាន់ League Cup របស់​អាហ្វ្រិក​ខាង​ត្បូង​។ ក្រុម Orlando Pirates បានផ្តួល​ក្រុម Ajax Cape Town ក្នុង​លទ្ធ​ផល ៤-១ ​។

ក្នុង​សេច​ក្តី​ប្រកាស​មួយ ប៉ូ​លិស​អាហ្វ្រិក​​ខាង​ត្បូង បាន​និយាយ​ថា ជន​សង្ស័យ​ពីរ​នាក់​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​នោះនៅ​ម៉ោង​ប្រមាណ​ជា​៨​យប់ (ម៉ោង​ក្នុង​ស្រុក) ខណៈ​ដែល​ជន​សង្ស័យ​ទី​៣​នៅ​ចាំ​នៅ​ខាង​ក្រៅ​ផ្ទះ​។ ជន​សង្ស័យ​ទាំង​៣​នាក់​នោះ​សុទ្ធ​សឹង​រត់​បាត់​ស្រមោល ក្រោយ​ពី​ការ​​បាញ់​ប្រហារ​ត្រូវ​បាន​ធ្វើ​ឡើង ខណៈ​ដែល​បណ្តាញ​សារ​ព័ត៌​មាន​បាន​រាយ​ការណ៍​ថា ពួក​គេ​គឺ​ជា​ចោរ​លួច​គាស់​ផ្ទះ​។

រង្វាន់​ជា​ទឹក​ប្រាក់​១៤.០០០​ដុល្លារ​អាមេ​រិក នឹង​ត្រូវ​បាន​ផ្តល់​ឲ្យ​សម្រាប់​ការ​ផ្តល់​ព័ត៌​មាន​​ដើម្បី​ឈាន​ទៅ​ដល់​ឃាត់​ខ្លួន​ជន​សង្ស័យ​៕

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com