ជាតិ
ហេតុអ្វី​ពិធីបុណ្យ​មហា​អំបុក​ធ្វើឡើង​ស្របពេល​ពិធី​អកអំបុក សំពះ​ព្រះ​ខែ?
06, Nov 2014 , 1:15 pm        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ ពិតមែនតែ​បុណ្យ​មហា​អំបុក​នេះ មិនត្រូវ​បាន​មហាជន​ខ្មែរ​អនុវត្ត​នៅ​ទូទាំងប្រទេស​ក៏ពិតមែន ក៏ប៉ុន្តែ​បុណ្យ​នេះ​មាន​សភាព​អធិកអធម គគ្រឹកគគ្រេង​ណាស់ នៅ​ខេត្ត ប៉ែក​ខាងត្បូង​នៃ​ប្រទេស​កម្ពុ​ជាមាន​ខេត្តតាកែវ ជាដើម។



គេ​ធ្វើបុណ្យ​មហា​អំបុក​នៅ​ចំ​ថ្ងៃ ១៥ កើត ខែ ក​ក្កិក (ពេញបូណ៌មី) គឺជា​កាលបរិច្ឆេទ​រួច​ជាមួយគ្នា​នឹង​ថ្ងៃបុណ្យ​អកអំបុក សំពះ ព្រះ​ខែ​ផងដែរ។ ប្រការ​ដែល​គួរកត់សំគាល់​នោះ គឺ​គេ​មិន​ចាត់ចែង​ធ្វើបុណ្យ​នេះគ្រប់ៗវត្ត ដែល​ស្ថិតនៅ​ជិតខាង​គ្នា​ទេ បើ​ឆ្នាំនេះ​វត្ត «ក» ធ្វើ វត្ត«ខ គ ឃ» ដែល​នៅ​ជិតខាង​នោះ​ត្រូវ​ផ្អាក ដើម្បី​ប្រមូល​មនុស្ស​ឲ្យ​ចូលរួម​ជួបជុំគ្នា​បាន​ច្រើន​កុះករ ជាហេតុ​ធ្វើ​ឲ្យ​ពិធីបុណ្យ​មាន​ភាព​ឧឡា​រិ​ក អធិកអធម​ផង និង​ផ្ដល់​កិត្តិយស​ដល់​វត្ត អ្នកដឹកនាំ​និង​អ្នកចូលរួម​អនុវត្ត​ផង។

តាម​ការផ្ដល់​ព័ត៌មាន​របស់ចាស់ៗ នៅ​តំបន់​នោះបាន​ឲ្យ​ដឹងថា ពិធីបុណ្យ​មហា​អំបុក​នេះ​ធ្លាប់​បានធ្វើតៗ គ្នា​មកជា​ច្រើន​ជំនាន់​មនុស្ស​មកហើយ។ យើង​ឆ្ងល់​ដែរ​ថា ហេតុអ្វី​ក៏មាន​ពិធីបុណ្យ​មហា​អំបុក​នេះ នៅ​ចំពេល​ជាមួយគ្នា​នឹង​បុណ្យ​អំបុក និង​សំពះ​ព្រះ​ខែ ? ឆ្លើយតប​នឹង​ចម្ងល់​នេះ ចាស់ៗ នៅ​ខេត្តតាកែវ ភាគខាងត្បូង​មួយចំនួន​បាន​ឆ្លើយ​ឲ្យ​ការណ៍​ថា បុណ្យ​អកអំបុក​ឬ​ពិធី​អកអំបុក គឺជា​ពិធី​មួយ​ដែល​ធ្វើឡើង​ក្រោយពី​គេ​មាន​អំបុក​សំរាប់​អក​រួចហើយ។ ចាស់​បុរាណ​មិន​ចូលចិត្ត​បង្ហាញ​នូវ​ឆាក​អ្វី ទស្សនីយភាព​អ្វី ឬ​សកម្មភាព​អ្វី នៅ​កណ្ដាល​រឿង ឬ​ចុង​រឿង​ឡើយ។

បំណង​គាត់​គឺ​ចង់បង្ហាញ​ឲ្យ​ដឹង​ដើមរឿង​ផង ដើម្បី​ឲ្យ​សាច់រឿង​វា​ជាប់​គ្នា​ជា​ខ្សែចង្វាក់​តាំងពីដើម​ដល់​ចប់។ ដូច្នេះ ក្នុង​ពិធីបុណ្យ​មហា​អំបុក​នេះ ចាស់​បុរាណ​លោក​ចង់បង្ហាញ​ឲ្យ​យើង​ឃើញថា តើ​គេ​បាន​អំបុក​ពី​ណាយ​កម​កអក? ហើយ​តើ​គេ​ដាល់អំបុក​ដូចម្ដេចខ្លះ? ខ្មែរ​ទូទាំងប្រទេស​ធ្លាប់​ស្គាល់​អំបុក គ្រប់ៗគ្នា មិនដឹង​ជា​ប៉ុន្មាន​ពាន់ ឬ​ប៉ុន្មាន​រយ​ឆ្នាំ​មកហើយ​ទេ។ បើ​គេ​ស្គាល់​អំបុក វា​ច្បាស់​ណាស់​ថា គេ​ចេះ​ដាល់អំបុក​ហើយ។ ក្មេងៗខ្មែរ​ប្រុស​ស្រី ធ្លាប់បាន​ចូលរួម​ក្នុងការ​ដាល់អំបុក​នេះ ជា​លក្ខណៈ​គ្រួសារ ឬ​ឯកជន​ដោយ​ចាប់ផ្ដើម​ដើរតួនាទី​ជា​អ្នក​លីង​អំបុក។

ការ​ដាល់អំបុក​ជា​លក្ខណៈ​ឯកជន​ឬ​ជា​លក្ខណៈ​គ្រួសារ​នោះ វា​សាមញ្ញ​ពេក​ណាស់​ហើយក៏​គ្មានអ្វី​គួរ​ចាប់អារម្មណ៍​ផង​ទេ។ គំនិត​ផ្ដួចផ្ដើម​ថ្មី​មួយទៀត​របស់ចាស់ៗ ជំនាន់​មុន​គឺ​លោក​បានគិត​កែច្នៃ​ការ​ដាលអំបុក​នេះ ឲ្យ​មាន​លក្ខណៈ​ជា​ទស្សនីយភាព​មួយ ជា​ទម្រង់​សិល្បៈ​មួយ​គួរ​ជាទី​ចាប់អារម្មណ៍ និង​គួរ​ឲ្យ​ចង់​ទស្សនា ដែល​ខ្ញុំ​និង​ពណ៌នា​ជូន​ដូចតទៅ​នេះ។ ប៉ុន្មាន​ថ្ងៃមុន​ពិធី​មហា​អំបុក អាចារ្យវត្ត និង​ចាស់ព្រឹទ្ធាចារ្យ​ក្នុងស្រុក​មានការ​យ៉ាង​មមាញឹក ដើម្បី​ត្រៀមលក្ខណៈ​ឲ្យ​បានល្អ។

គេ​ត្រូវ​ចាត់តាំង​អ្នក​ដាល់​ដោយមាន​កម្លាំង​ត្រៀម​ជំនួយ៤ ឬ៥នាក់ អ្នក​លីង​ដែល​អាចមាន២ឬ៣នាក់ ក្នុងមួយក្រុម។ គេ​ចាត់តាំង​អ្នកដើរ​ប្រមូល​ត្បាល់​អង្រែ ដើររក​អំបែង​ធ្វើ​ឈើ​ឆ្កៀស​ត្រៀម​ទុកជាមុន​ឲ្យ​ស្រេច។ ធម្មតា​បុណ្យ​មហា​អំបុក គេ​ត្រូវមាន​ត្បាល់​ពី ៣០ ទៅ ៥០ ដើម្បី​ញ៉ាំង​ពិធី​នេះ​ឲ្យ​មាន​ភាព​ឧឡា​រិ​ក។ ដូច្នេះ គេ​ក៨ត្រៀម​មនុស្ស ៣០ ឬ ៥០ ក្រុម​ដើម្បី​ចូលរួម​ក្នុង​ពិធី​នេះដែរ។

នៅ​ថ្ងៃបុណ្យ​សម្ភារៈ​គ្រប់​ប្រភេទ​ដែល​ត្រូវការ​ចាំបាច់​ក្នុង​ពិធី ត្រូវបាន​ដឹកជញ្ជូន​យកទៅដាក់​ឯ​វត្ត​ជាស្រេច​តាំងពី​ថ្ងៃរសៀល​ម្ល៉េះ។ នៅពេល​ព្រលប់​ប្រមាណ​ម៉ោង ៦ កន្លះ អ្នកចាត់ចែង​បុណ្យ​បាន​បង្គាប់​ឲ្យ​ក្រុម​ដាល់អំបុកនីមួយៗ តម្រៀប​ត្បាល់ ចង្ក្រាន​ជា​ជួរ​យ៉ាង​ត្រង់ ហើយ​វែង នៅតាម​ចំនួន​ត្បាល់​ដែល​អាចមាន។

ដំបូង​ឡើង​អ្នក​បញ្ជាការ បាន​បង្គាប់​ឲ្យ​គ្រប់​ក្រុម​បង្កាត់ភ្លើង ដាំ​អំបែង​ឲ្យ​បាន​ក្ដៅស្មើៗគ្នា​មុន​ចាប់ផ្ដើម​ពិធី។ នៅពេល​ពិធី​មហា​អំបុក​ចាប់ផ្ដើម​សកម្មភាព​គេ​សន្មតគ្នា​យក​សំឡេង​គង​ជា​សញ្ញា​បញ្ជា។ លុះ​ឃើញថា អំបែង​គ្រប់​ក្រុម​មានកំ​ដៅ​ល្មម​ហើយ គេ​នោះ​គង​មួយ​អន្លូង​ជាស​ញ្ញា ប្រាប់​ឲ្យ​ចាក់​ស្រូវ​ទៅក្នុង​អំបែង។ អ្នក​លីង​បាន​វាស​វី​ឈើ​លីង​ទៅលើ​គ្រាប់ស្រូវ​ក្នុង​អំបែង​ទៅតាម​បច្ចេកទេស ឬ​បទពិសោធន៍​របស់ខ្លួន។ លុះ​ប៉ាន់ស្មាន​ដឹងថា ស្រូវ​លីង​នោះ​ឆ្អិន (ដោយ​គ្រាប់ស្រូវ​ចាប់​ផ្ទុះ​ប្រែសៗ ជា​បន្ត​បន្តា​ប់) ហើយ​នោះ​ស្នូរ​គង​អន្លូង​ទី​ពីរបាន​បន្លឺ​ឡើងជា​សញ្ញា​ប្រាប់ថា ឲ្យ​អ្នក​លីង​លើក​អំបែង​ចាក់​ស្រូវ​លីង​ឆ្អិន​ល្មម​នោះ​ទៅក្នុង​ត្បាល់ ព្រម​គ្នា។ បន្ទាប់ពីនោះ​ភ្លាម​ស្នូរ​អង្រែ​បាន​បញ្ចេញ​សន្ធឹក​យ៉ាង​កក្រើក​ដី។

អ្នក​ដាល់អំបុក​គ្រប់​ក្រុម​បាន​បុក​និង​ឆ្កៀស​យ៉ាង​ញាប់ដៃ ដើម្បី​លៃ​យ៉ាងណា​ឲ្យ​អំបុក​របស់ខ្លួន​មានគុណ​ភាពល្អ។ នៅពេលនេះ ទស្សនិកជន​រាប់ពាន់នាក់​មកឈរ​ចោមរោម​មើល​ទស្សនីយភាព​នេះ​យ៉ាង​សប្បាយ​ព្រឺព្រួច ដោយ​ឃើញ​ត្បាល់​អំបែង ចង្ក្រាន​តម្រៀប​គ្នា​យ៉ាង​ត្រង់ ដោយ​ឃើញ​ចង្កៀងគោម ឬ​ចង្កៀងម៉ាំងសុង​ជះ​ពន្លឺ​ព្រោងព្រាត ដើម្បី​បំភ្លឺ​អ្នក​ដល់​អំបុក និង​ទស្សនិកជន។ គេ​រំភើប​រីករាយ​ដោយ​ឃើញ​ចលនា​ស្ត្រី​អ្នក​ដល់​អំបុក មាន​រូបរាង​ស្អាតបាត ប្រដាប់​ដោយ​សម្លៀកបំពាក់​សម្រាប់​ថ្ងៃបុណ្យ​ធ្វើ​កាយវិការ​លើក​អង្រែ​បុក​អំបុក​យ៉ាង​ទន់ភ្លន់។

មិនយូរប៉ុន្មាន ស្នូរ​គង​ទី៣បានធ្វើ​ឡើង (មូង) ជា​សញ្ញា​ប្រាប់​ឲ្យ​អ្នក​ដាល់អំបុក​កាយ​អំបុក​ដាក់​កញ្ជើ។ រួច​សំឡេង​គង ក៏បាន​បន្លឺ​ជាស​ញ្ញា​ប្រាប់​ឲ្យ​អ្នក​ដាល់អំបុក​កាយ​អំបុក​ដាក់​កញ្ជើ។ រួច​សំឡេង​គង ក៏បាន​បន្លឺ​ជាស​ញ្ញា​ឲ្យ​ចាក់​ស្រូវ​ទៅក្នុង​អំបែង ដើម្បី​លីង​ជា​បន្តទៀត។ សកម្មភាព​នេះ ប្រព្រឹត្តឡើង​ក្នុង​ចលនាដដែលៗទាល់តែ​អស់​ស្រូវ​មួយ​តៅ ទើប​បញ្ជាការ​ដាល់អំបុក​ជា​សមូហភាព​នេះ។ គេ​អាច​ប៉ាន់ស្មាន​បាន​ថា តាំងពី​ពេល​ចាប់ផ្ដើម​រហូតដល់​ពេល​បញ្ចប់​នៃ​ពិធី​ដាល់អំបុក អាចមាន​ថេរៈវេលា​ពី៤ ទៅ ៥ ម៉ោង។

អ្នកផង​ធ្លាប់​បានដឹងហើយថា ពិធី​អកអំបុក​ត្រូវ​ប្រព្រឹត្តធ្វើ​នៅពេល​ខែត្រ​ង់ គឺ​ពេលដែល​ព្រះ​ចន្ទ​គោចរ​មក​ចំ​ពីលើ​ក្បាល។ ដូច្នេះ នៅពេល​ដាល់អំបុក​បាន​ចប់​ហើយ គេ​ចាត់ចែង​អុំ​អំបុក​ជាបន្ទាន់ ដោយ​គេ​បាន​ត្រៀម​ចង្អេរ៣ឬ៤ ក្នុងមួយក្រុមៗ សម្រាប់​អុំ​អំបុក​ឲ្យ​បាន​ឆាប់​ទាន់ពេលវេលា​ដែល​លោក​អាចារ្យ​បានគ្រោង​ទុក​ក្នុង​កម្មវិធី។

ការ​អុំ​អំបុក​នេះ ពុំមាន​ធ្វើឡើង​តាម​សង្វាក់​ស្នូរ​គង​ដូចជា​ការចាក់​ស្រូវ​ក្នុង​អំបែង ការចាក់​ស្រូវ​ក្នុង​ត្បាល់ ឬ​ការបញ្ឈប់​ការបុក​អំបុក​នោះឡើយ គឺ​គេ​អុំ​ដោយ​សេរី ធ្វើ​យ៉ាង​ឲ្យ​ក្រុម​របស់ខ្លួន​ផលិត​បាន​អំបុក ដែលមាន​គុណភាព​ល្អ។ ការ​អុំ​អំបុក​នេះ អាចធ្វើ​ហើយ​ស្រេច​តែ​ក្នុង​រយៈពេល​កន្លះ​ម៉ោង​ប៉ុណ្ណោះ។ តាម​ការប្រកាស​របស់​លោក​អាចារ្យ អំបុក​អុំ​ស្រេច​ត្រូវ​បានដាក់​ក្នុង​កញ្ជើ ហើយ​ត្រូវបាន​បែង​ចែកជា​ពីរ​ផ្នែក​គឺ មួយផ្នែក ទុក​ប្រគេន​លោក នៅ​ព្រឹក​ថ្ងៃស្អែក និង សម្រាប់​បំរើ​ដល់​ការ​អកអំបុក។

ការ​ដាល់អំបុក​ដោយ​គោរព​យ៉ាង​ម៉ឺងម៉ាត់​ទៅតាម​ចង្វាក់ តាម​បញ្ជា​បែបនេះ ពិតជា​ពុំ​សូវ​មានគុណ​ភាពល្អ​ឥតខ្ចោះ​ដូច​គេ​ដាល់អំបុក​ឯកជន ដែល​គេ​មាន​ពេល​លីង បុក​អំបុក​ដោយ​សេរី និង​ដោយ​ការ​ប្រឹ​ត​ព្រៀង ផ្ទិ​ត​ផ្ចង់​ត្រឹមត្រូវ​នោះឡើយ ព្រោះ​ក្រុមខ្លះ អំបុក​មិនទាន់​ឆ្អិន​ស្រួលបួល​ផង តែ​ត្រូវគោរព​តាម​សំឡេង​គង​បញ្ជា​ក៏ត្រូវ​លើក​ចាក់​ទៅក្នុង​ត្បាល់​ឲ្យ​គេ​បុក។ ជួនកាល​ក្រុម​ខ្លះទៀត ស្រូវ​ក្នុង​អំបែង​ផ្ទះ​អស់​ជិត ៥០ភាគរយ ទៅហើយ ទើបត្រូវ​លើក​អំបែង​ចាក់​ទៅក្នុង​ត្បាល់​ឲ្យ​គេ​បុក។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី ប្រសិនបើ​យើង​មិនបាន​គុណភាព​អំបុក ១០០ ភាគរយ ក៏​យើង​បាន​ល្បែង​កំសាន្ត​មួយ បាន​ទស្សនីយភាព​មួយ បាន​ចលនា​រួមមួយ​ស្រុះ​ស្រៀ​ច រំភើប​រីករាយ តាំងពី​ក្បាល​ព្រលប់​រហូតដល់​ខែត្រ​ង់។ នេះ​ក៏​ជា​ឱកាស​មួយ ដែល​ក្រមុំ​ស្រុកស្រែ ពិសេស​នៅ​ភាគខាងត្បូង​នៃ​ខេត្តតាកែវ មានឱកាស​បានបង្ហាញ​រូបរាង បានបង្ហាញ​កាយវិការ បានបង្ហាញ​ភាព​ប៉ិនប្រសប់​របស់ខ្លួន​ចំពោះ​កម្លោះៗស្រុកស្រែ​ដែរ។

ហើយ​នេះ​ជា​ឱកាស​មួយ​ដ៏​ល្អ​ផងដែរ ចំពោះ​កម្ល៉ោះៗ ដែល​ចង់​ជ្រើសរើស​ប្រពន្ធ​មួយ​មាន​រូបរាង​ស្រស់បស់​ស្អាត​ប្រិមប្រិយ​ទន់ភ្លន់​រវៀសរវៃ​ប៉ិនប្រសប់​ក្នុង​ការងារ​ចូល​ចុះ​ក្នុង​ជំនុំ​ចំណោម។ ដូច្នេះ ជាមួយនឹង​ពិធី​មួយ​ដែល​ធ្វើតាម​ដំណែល​ចាស់​បុរាណ ត​ជា​ប្រពៃណី​នេះ ក៏​ជា​ឱកាស​មួយ​បង្កលក្ខណៈ​ឲ្យ​យុវជន យុវនារី​ខ្មែរ​នៅ​ជនបទ មានឱកាស​នឹង​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា ស្វែងយល់​ចិត្ត​គ្នា​ទៅវិញទៅមក បន្ទាប់ពី​បានបញ្ចប់​ការងារ​ធ្វើស្រែ​ចំការ​អស់​មួយ​រដូវ​រួចមក។

ពិធី​មហា​អំបុក​ត្រូវ​បញ្ចប់​ត្រឹម​អុំ​បុក​ដាក់​ក្នុង​កញ្ជើ ត្រៀម​មួយផ្នែក​ទុក​ប្រគេន​លោក​នៅ​ព្រឹកស្អែក និង​មួយផ្នែក​ទៀត ទុក​សម្រាប់​ចាត់ចែង​ក្នុង​ពិធី​អកអំបុក។ គេ​បាន​យក​អំបុក ដែល​បាន​ត្រៀម​ទុក​នោះ​ដាក់​ក្នុង​កញ្ជើ​មួយ​ដោយឡែក​តម្កល់​លើ​តុ​តាម​ក្រុម​ដាល់អំបុក ដែល​បានធ្វើ​សមយុទ្ធ​ហើយថ្មីៗមកនេះ។ នៅលើ​តុ​នេះដែរ ហើយនៅក្បែរៗកញ្ជើ​អំបុក ចេកទុំ​ច្រើន​ប្រភេទ និង​ច្រើន​ស្និត បាន​ត្រូវ​ត្រៀម​ទុកជា​ស្រេច​ដែរ។ លោក​អាចារ្យ បាន​ប្រកូក​ប្រកាស​ឲ្យប្រុសៗ កម្លោះៗចូលមក​អកអំបុក​នៅ​តាម​តុ តាម​ក្រុម​ដែល​បាន​តម្រៀ​ម​គ្នា​ហូរហែ​ជា​ជួរ បំភ្លឺ​ដោយ​ចង្កៀងគោម ឬ​ម៉ាំង​សុង​ដ៏​គួរ​ឲ្យ​សប្បាយរីករាយ។ ស្រី​ម្នាក់​ចាប់​សក់​បុរស​ភ្ងើយ ហើយ​បង្គាប់​ឲ្យ​ប្រុស​នោះ​ហាមាត់​ឲ្យ​ធំ។ ស្រី​ម្នាក់ទៀត​ក្ដាប់​អំបុក ហើយ​បង្ហូរ​អំបុក ទៅក្នុង​មាត់​ប្រុស​នោះ។

គេ​បង្អក​ដូច្នេះ ម្ដង​ហើយ​ម្ដងទៀត ដោយ​សួរថា "ពេញ​ឬ​នៅ? “ អ្នក​ត្រូវគេ​បង្អក មិនទាន់​ឆ្លើយ​ស្រួលបួល​ផង ក៏​ត្រូវគេ​បង្អក​បន្ថែមទៀត ទាល់តែ​ឆ្លើយ​ចេញមក​ទាំង​ឡុលៗ មិន​ច្បាស់​ថា ពេញ​ហើយ។ បន្ទាប់ពី​បង្អក​អំបុក​ហើយ គេ​បង្អក​ចេញ​ទៀត ដោយ​ចាប់​ញាត់​ឲ្យ​តែ​ខាង​ឈ្នះ​ដៃ។ ប្រុស​អ្នក​អកអំបុក មើល​ពី​ខាងក្រៅ ហាក់ដូច​បានទទួល​នូវ​ទា​រុក​ណ​កម្ម​មួយ ព្រោះ​ត្រូវគេ​បង្អក​អំបុក​ពេញមាត់​ហើយ ត្រូវគេ​ញាត់​ចេក​ទាំងមូល​ថែមទៀត ធ្វើ​ឲ្យ​មាត់​គេ​ពេញ​ហួស​ពី​ចេញ គឺ​ដល់​ថ្នាក់ «ហៀរ»។ និយាយ​ក៏​មិន​រួច ទំពារ​ក៏​មិនកើត​យ៉ាង​នេះហើយ​នៅ​ត្រូវគេ​គក់​ខ្នង​ឮសូ «ឌិប» ដោយ​សួរថា «ពេញ​ឬ​នៅ?» ។ លុះ​ឆ្លើយ​ដោយ​មិន​ច្បាស់​ថា «ពេញ​ហើយ» ស្រីៗ ក៏​សួរ​ទៀតថា ឆ្នាំក្រោយ​ភ្លៀង​ល្អ ឬទេ ? ឬ​សួរ​សង្ខេប​ខ្លី​ថា "ភ្លៀង​ឬ​មិន​ភ្លៀង" អក​ឆ្លើយ​មិន​ច្បាស់«ឡុល»ថា «ភ្លៀង!» ។ ក្រុម​ណា​ក៏​អក​តាម​របៀបនេះ គឺស្រីៗបង្អក​អំបុកប្រុសៗ ។ ព្រមជាមួយ​ចលនា​អកអំបុក​ជា​ទ្រង់ទ្រាយ​ធំ ដូច​មហា​អំបុក​ដែរ​នេះ គេ​ឃើញ​សកម្មភាព​មួយ គឺ, កសិករ​ខ្មែរ​នៅ​ស្រុកស្រែ បាន​ឱកាស​ជួបគ្នា ក​ម្លោះ​ជួប​ក្រមុំ។ គេ​បាន​សម្ដែង​ការស្និទ្ធស្នាល​ជាមួយគ្នា តាម​ការអនុគ្រោះ​របស់​ប្រពៃណី នៅក្រោម​ក្រសែភ្នែកចាស់ៗ ជា​ឱ​ពុក​ម្ដាយ​របស់​ក​ម្លោះ និង​ក្រមុំ។ អត្ថន័យ​ម្យ៉ាងទៀត គឺ​ក្នុង​ពិធី​មហា​អំបុក អកអំបុក​នេះ ទាំងអស់គ្នា​បានបង្ហាញ​អំពី​សាមគ្គីភាព​ជិតស្និទ្ធ​ក្រោម​ការដឹកនាំ​របស់​បញ្ជា​ការ​ម្នាក់ គឺ​ចាស់​ស្រុក។ អ្នកអនុវត្ត​គោរព​បទបញ្ជា​របស់​មេ​កោយ​យ៉ាង​សស្រាក់សស្រាំ ធ្វើ​ឲ្យ​ពិធី​នេះ​ទទួលបាន​ជោគជ័យ។ ពេល​អកអំបុក​ទៀតសោត គេ​ឃើញ​អំបុកពេញៗកញ្ជើ ចេក​គ្រប់មុខ​រៀបចំ​ពោរ​ពាស​លើ​តុ។ គេ​ឃើញ​ម្យ៉ាងទៀត នៅពេល​បង្អក និង​ពេល​អកអំបុក​នឹង​ចេក​កំពប់ ធ្លាក់​រពោង​របា​យមក​លើដី ជាការ​បកស្រាយ​នូវ​ភាពសម្បូរ​ហូរហៀរ​រប​ស់​ស្រុកទេស​ពី​បុរាណ។

និយាយ​រឿង​មហា​អំបុក អកអំបុក​ក្នុងពេលនោះ ហាក់បីដូចជា​និយាយ​ពី​សុបិន​មួយ​ដូច្នេះ​ឯង។ ព្រោះ​សព្វថ្ងៃនេះ​ពិធី​មហា​អំបុក​ក្ដី អកអំបុក​ក្ដី មានតែ​នៅលើ​ឯកសារ ដែលចាស់ៗជំនាន់​មុន​ធ្លាប់បាន​ឆ្លងកាត់ ហើយ​បាន​សរសេរ​ចងក្រង​ទុក​កុំ​ឲ្យ​បាត់​ដំណែល ចំណែកឯ​ការអនុវត្ត​វិញ មិនសូវមាន​ដូច​កាលពី​បុរាណ​ទេ។ សម្រាប់ក្មេងៗជំនាន់​នេះ​វិញ ជួនកាល​គេ​ស្ដាប់ឮ​រឿងនេះ ដូចជា​រឿងព្រេង​និទាន​ដែល​គេ​ចង់​ជឿ​បន្តិច សង្ស័យ​បន្តិច។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏ចាស់ៗដែលមាន​អាយុ​លើ​ពី ៦០ ឆ្នាំ នៅ​ខេត្តតាកែវ បានដឹង​បានឮ ហើយ​អាច​បញ្ជាក់​ច្បាស់​ថា នេះ​គឺជា​រឿង​ពិត នឹង​ជា​ប្រពៃណី​មួយ​របស់​ប្រជាជន​ខ្មែរ តាំងពី​បុរាណ​មក៕

ដកស្រង់​ពី​អត្ថបទ​ពី មៀ​ច ប៉ុណ្ណ ប្រធានការិយាល័យ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ


© រក្សាសិទ្ធិដោយ thmeythmey.com