កីឡាជាតិ
ជាតិ
អាហារ និង ប្រាក់ឧបត្ថម្ភ ជា​ប្រធានបទ​ក្ដៅ​ពេល​រដ្ឋមន្ត្រី​ជួប​ក្រុម​កីឡាករ​ជម្រើសជាតិ
07, Nov 2014 , 10:21 am        
រូបភាព
ដោយ:
ចំណីអាហារ​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​អំឡុងពេល​ប្រមូលផ្ដុំ និង ប្រាក់ឧបត្ថម្ភ​នានា គឺជា​ប្រធានបទ​សំខាន់​ពេល​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​ទាំង ២១ ប្រភេទ​កីឡា នៅ​ព្រឹក​ថ្ងៃទី ៤ វិច្ឆិកា កន្លងមក នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។




នៅតែ​បែងចែក​មិន​ដាច់​រវាង​ការបរិភោគ​អាហា​ជុំគ្នា​ដែល​ក្រសួង​អប់រំ យុវជន​និង​កីឡា រៀបចំ​ឱ្យ និង បើកប្រាក់​យកទៅ​ទិញ​ម្ហូប​សម្រាប់​បរិភោគ​ខ្លួនឯង សម្រាប់​មតិ​របស់​កីឡាករ​ជម្រើសជាតិនីមួយ។ ក្រសួង​បានផ្ដល់​កញ្ចប់​ប្រាក់​ចំនួន ២៨,០០០ រៀល​សម្រាប់​កីឡាករ​ម្នាក់ ចំពោះ​អាហារ ៣ ពេល​ក្នុង​មួយថ្ងៃ។

ក្នុង​វេទិការ​ដោះស្រាយ​បញ្ហា និង នាទី​សំនួរចម្លើយ ខាង​កីឡា​ទោច​ក្រ​យាន្ត បានទាមទារ​សុំ​ប្រាក់​ទិញ​ម្ហូប​ខ្លួនឯង​ព្រោះ​មិនមាន​ពេល​ត្រឡប់មក បាយ​ជុំគ្នា​ដែល​រដ្ឋ​រៀបចំ​ឱ្យ​នោះទេ ព្រោះ​ហាត់​នៅតាម​ផ្លូវ​ស្ងាត់​ហើយ​ប្រើ​ចម្ងាយ​លើស ១០០ គីឡូម៉ែត្រ ឯណោះ។ ចំណែក​ខាង​អត្ត​ពលិកម្ម បាន​សុំឱ្យ​បាយ​ជុំគ្នា តែ​ត្រូវមាន​អ្នកជំនាញ ត្រួត​ពិនិត្យថា​អាហារ​មាន​សារជាតិ​ចិ​ញ្ជិ​ម​គ្រប់គ្រាន់​ដល់​កីឡា​ឬ​អត់ ខណៈ​បច្ចុប្បន្ន​គ្មានអ្វី​ក្រៅពី ឆា ស្ងោ ចៀន ដែល​មិនមែនជា​អាហា​សម្រាប់​អ្នកកីឡា​តែប៉ុណ្ណោះ។

ងាក​ទៅខាង​ក្រុមកីឡា​ប៉េតង់ បាន​ឡើង​សុំឱ្យ​លោក​រដ្ឋមន្ត្រី​ជួយ​សម្រួល​ដល់​ប្រាក់ខែ​របស់​ជម្រើសជាតិ​ឱ្យ​បើក​បាន​ទាន់​ពេក​វេលា បូក​បន្ថែម​ទាំង​ព​ន្លឿ​ន​ប្រាក់រង្វាន់​ដែល​ទទួលបាន​មេដាយ​មកពី​ឆាក​អន្តរជាតិ ជាដើម។ មិន​ភ្លេច​ដែរ ក៏មាន​ការស្នើសុំ​ឱ្យជួយ​បន្ថែម​ប្រាក់​បេសកម្ម​នៅក្រៅ​ប្រទេស ដោយ​កន្លងមក​បានត្រឹមតែ ២០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ហើយ​បើក​បានតែ ពាក់កណ្ដាល​សិន​តែប៉ុណ្ណោះ រហូត​ដល់ពេល​ត្រឡប់មកវិញ ទើប​បើក​ពាក់កណ្ដាល​ទៀត។

ដំណាលគ្នា​នេះដែរ លោក ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា នឹង​ពិភាក្សា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ពិចារណា​រឿង​ដើម្បី​ដំឡើង​ប្រាក់ខែ​ដល់​កីឡាករ​ដែល​សព្វថ្ងៃ​ត្រឹម ២៥ ម៉ឺន​ក្នុង​មួយខែ រួមទាំង​ប្រាក់​ចំណីអាហារ និង ប្រាក់​បេសកកម្ម​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ដល់​កីឡាករ​ឱ្យបាន​ច្រើនជាង​មុន​អាច​ទទួលយកបាន។ លោក​ក៏​កំពុងតែ​ពិចារណា​ថា​នឹង​បន្ត​ឱ្យ​កីឡាករ​ដែល​កំពុង​ប្រមូលផ្ដុំ​បរិភោគ​រួមគ្នា ឬ ផ្ដល់​ជា​ប្រាក់​សម្រាប់​ទិញ​ម្ហូប​ខ្លួនឯង វិញ៕





© រក្សាសិទ្ធិដោយ thmeythmey.com