កីឡាជាតិ
ជាតិ
លោក Lee ផ្លាស់ប្តូរ​កីឡា​ករបី​រូប​ក្នុង​ជម្រើស​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​នាពេលខាងមុខ
07, Nov 2014 , 4:27 pm        
រូបភាព
កីឡាករ សួង វិរៈ (ឆ្វេង) និង ឈុន សុធារត្នន៍ មិនមានឈ្មោះ​ក្នុងបញ្ជី​សម្រាប់​ការ​ប្រកួតមិត្តភាព​នា​ពេល​ខាងមុខ​ឡើយ​
កីឡាករ សួង វិរៈ (ឆ្វេង) និង ឈុន សុធារត្នន៍ មិនមានឈ្មោះ​ក្នុងបញ្ជី​សម្រាប់​ការ​ប្រកួតមិត្តភាព​នា​ពេល​ខាងមុខ​ឡើយ​
ដោយ:
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បា​នប​ញ្ជេ​ញ​បញ្ជី​ឈ្មោះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ចំនួន ២០ នាក់ ត្រៀម​បេសកម្ម​ចេញទៅ​ប្រកួត​មិត្តភាព​ចំនួន ២ លើក​ទៀត​នៅឯ​ក្រៅប្រទេស​ក្នុង​ពាក់កណ្ដាល​ខែវិច្ឆិកា នេះ​ដោយ​ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​ហ្វីលីពីន មុន​បន្ត​ហោះ​ទៅ​ប៉ះ​សិង្ហ​បុរី។



ក្នុងចំណោម​កីឡាករ​ទាំង២០រូបនោះ មិនមាន​វត្តមាន ខ្សែបម្រើ​ចម្ការកៅស៊ូ​បឹងកេត ឈុន សុធា​រត្ន​ន៍ ខ្សែបម្រើ​ត្រាយ​អាស៊ី​ភ្នំពេញ សួង វិ​រៈ និង​ខ្សែការពារ​ណាហ្គា​ខ​ប ស៊ុន សុវណ្ណ​រិទ្ធី ឡើយ។ អ្នក​ទាំងបី​សុទ្ធតែ​ស្ថិតក្នុង​ជម្រើស​នា​ការប្រកួត​ជម្រុះ Suzuki Cup កន្លងមក។ ផ្ទុយទៅវិញ កីឡាករ​បី​រូប​ត្រូវបាន​ដាក់បញ្ចូល​វិញ ដែល​ក្នុងនោះ​រួមមាន ខ្សែប្រយុទ្ធ មួង មករា ខ្សែបម្រើ ហូ​យ ផល្លី​ន នៃ​ក្លិប​ស្វាយរៀង និង​ខ្សែការពារ ទូច បញ្ច​រ៉ុង នៃ​ក្លិប​ចម្ការកៅស៊ូ​បឹងកេត។

យោងតាម​វេ​ប​សាយ​ផ្លូវការ​របស់​សហព័ន្ធ ឈុត​កីឡា​ករទាំង ២០ នាក់ និង ថ្នាក់ដឹកនាំ​ចំនួន ៧ រូប ប្លែក​ពី​វគ្គ​ជម្រុះ AFF Suzuki Cup នាពេល​កន្លងទៅ​នៅ​ប្រទេស​ឡាវ ខ្លះ។  លោកគ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង Lee Tae Hoon នៅតែ​ជា​គ្រូ​ប​ង្កោ​ល​ដដែល ខណៈ​លោក ឆាំង ពិសិដ្ឋ ជា​អ្នកចាត់ការ​ទូទៅ រី​លោក មាស ចាន់ណា, អ៊ុង កង​យ៉ា​និ​ត, អ៊ុំ សាវង្ស ជា​គ្រូ​ជំនួយ ហើយ​លោក ប្រាក់ វ​ណ្ណី ជា​គ្រូបង្វឹក​អ្នកចាំទី និង លោក ហៃ ស​ក្ខ​រី ជា​គ្រូពេទ្យ។

ចំណែក​កីឡាករ​វិញ​មាន៖
អ្នកចាំទី៖ ស សុភា, ស៊ូ យ៉ា​ទី
ខ្សែការពារ៖ មូល ដា​រ៉ា​វ័​ន្ត, សឿ​យ វិសាល, ហុង ផេង, ទូច បញ្ច​រ៉ុង, រស់ សំអឿន, សុខ សុវណ្ណ, សាយ ពិសិដ្ឋ
ខ្សែបម្រើ៖ ចាន់ វឌ្ឍនាកា, ឈិន ឈឿន, ស៊ុះ ស៊ូ​ហា​ណា, គួច សុ​កុម្ភៈ, ង​យ ស្រ៊ី​ន, ប្រាក់ មុន្នី​ឧ​ត្ត​ម, ហួយ ផល្លី​ន, មួង មករា,
ខ្សែប្រយុទ្ធ៖ សុខ ចាន់​រស្មី, ឃួន ឡា​បូ​រ៉ាវី, ភួង សុខ​សា​ណា

ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា ជម្រើសជាតិ​កម្ពុជា ត្រូវ​ប្រកួត​ប៉ះ​ក្រុម​ហ្វីលីពីន នៅ​ថ្ងៃទី ១៤ វិច្ឆិកា វេលា​ម៉ោង ៨ យប់ លើ​ទីលាន​កីឡដ្ឋាន Rizal Stadium ក្នុង​ទីក្រុង​ម៉ានីល ហើយ​ប្រកួត​បន្ទាប់​ប៉ះ​សិង្ហ​បុរី នៅ​ថ្ងៃទី ១៧ វិច្ឆិកា វេលា​ម៉ោង ៨ យប់​ដូចគ្នា នៅ​កីឡដ្ឋាន​ជាតិ​ប្រទេស​អាស៊ាន​មួយ​នេះ។

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ទើបតែ​ធ្លាក់​ចេញពី​វគ្គ​ជម្រុះ​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2014 ក្រោយ​ប្រកួត​ចាញ់​ម្ចាស់ផ្ទះ​ឡាវ ៣ ទល់ ២ តែ​ទី​ម័​រ​ខាងកើត ៣ ទល់ ២ ហើយ​ចាញ់​មី​យ៉ាន់​ម៉ា ១ ទល់ ០ និង ចុងក្រោយ​ឈ្នះ​ប្រ៊ុយណេ ១ ទល់ ០ កាលពី​ខែ តុលា កន្លងទៅ៕





© រក្សាសិទ្ធិដោយ thmeythmey.com