ជាតិ
គណៈកម្មការ​ទូក​ខេត្តកំពង់ឆ្នាំង​៖ គ្មាន​ការ​រើសអើង​នយោបាយ​លើ​​​ទូក «ក្តាមប្រៃ» ឡើយ​
07, Nov 2014 , 11:29 pm        
រូបភាព
ដោយ: រួបរួម
បន្ទាប់ពី​ចប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក លោក លៀង ជុំ​សុ​បិ​ន្ត សមាជិក​គណៈកម្មការ​ដឹកនាំ​ទូក​ខេត្តកំពង់ឆ្នាំង បាន​ចេញមុខ​បកស្រាយ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​នានា​ទាក់ទង​នឹង​ករណី​រើសអើង​លើ​ទូកង​ឈ្មោះ «ក្តាមប្រៃ» ។



«ក្តាមប្រៃ» ជា​ទូក​មួយ​ក្នុងចំណោម​ទូក​ចំនួន២២របស់​ខេត្តកំពង់ឆ្នាំង​ដែល​បានមក​ចូលរួម​ប្រកួត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូករ​យៈ​ពេល​បី​ថ្ងៃ (ថ្ងៃទី៥-៧ ខែវិច្ឆិកា) នៅ​រាជធានី​ភ្នំពេញ។ ទូក​ដែលមាន​ប្រភពពី​វត្ត​កំពង់ត្រឡាច​ក្រោម ក្នុងស្រុក​កំពង់ត្រឡាច​នេះ ត្រូវបាន​បណ្តាញ​ផ្សព្វផ្សាយ​មួយចំនួន​លើកឡើងថា រង​នូវ​ការរើសអើង​ផ្នែក​នយោបាយ​ពី​សំណាក់​អាជ្ញាធរខេត្ត ដោយសារតែ​ក្រុម​ចំណុះ​ទូក​មិន​ព្រម​ភ្ជាប់​ឈ្មោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច​ទូក​ជាច្រើន​ទៀត។

លោក លៀង ជុំ​សុ​បិ​ន្ត បាន​សរសេរ​នៅក្នុង​សេចក្តីបំភ្លឺ​របស់ខ្លួន​ថា៖ «មួយរយៈ​ពេលនេះ មាន​បងប្អូន​សកម្មជន​ខាង​គណបក្ស​មួយ​នោះ ដោយ​រួមទាំង​ព្រះសង្ឃ​ឯករាជ្យ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន បំផុសបំផុល​ផ្អើល​គគ្រឹកគគ្រេង ចោទប្រកាន់​យ៉ាង អយុត្តិធម៌​បំផុត​ចំពោះ​អាជ្ញាធរខេត្ត នឹង​គណៈកម្មការ​ដឹក​នាំ ទូក​ខេត្តកំពង់ឆ្នាំង ថា​មិនបាន​គិតគូរ​យកចិត្ត​ទុកដាក់ ចំពោះ​ទូក​ឈ្មោះ ក្ដាមប្រៃ របស់​ស្រុក​កំពង់ត្រឡាច»។

សមាជិក​គណៈកម្មការ​ដឹកនាំ​ទូក​ខេត្តកំពង់ឆ្នាំង​រូបនេះ បាន​អះអាងថា ក្រុមការងារ​របស់លោក បាន​ខិតខំ​បំពេញ​តួនាទី​យ៉ាងសកម្ម លះបង់​សព្វបែបយ៉ាង ដើម្បី​ជួយ​មើលថែទាំ សម្របសម្រួល​រាល់​ការលំបាកផ្សេងៗក្នុងការ​រស់នៅ​របស់​បងប្អូន​កីឡាករ កីឡា​ការ​នី​ទាំងអស់ ជាពិសេស ការរៀបចំ​ពិធី​ជូន​ដំណើរ​មក​ភ្នំពេញ​តាមបែប​សាសនា និង​ប្រពៃណី ការផ្តល់​ថវិកា និង​ស្បៀងអាហារ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត និង​សប្បុរសជន រួមទាំង​ការផ្តល់​ភាពងាយស្រួលផ្សេងៗ លើ​ការធ្វើដំណើរ ការហូបចុក និង​ការ​ស្នាក់នៅ​ជាដើម។

លោក លៀង ជុំ​សុ​បិ​ន្ត បាន​បញ្ជាក់ថា បន្ថែម​ពីលើ​នេះ ទូក​ក្តាមប្រៃ រួមទាំង​ទូក​ផ្សេងទៀត​របស់​ខេត្តកំពង់ឆ្នាំង ទទួលបាន​នូវ​ការយកចិត្តទុកដាក់​ពី​លោក គង់ សំអុល រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម​ផងដែរ។

ទួ​ក «ក្តាមប្រៃ» ស្ថិតក្នុង​ចំណោម​ទូក​ដែល​បាន​ជាប់​ផែន​លេខ១ ផ្នែក​ទូក​អុំ​ផ្នែក​បុរស ដោយ​ឈ្នះ​ទាំង៦ជើង​ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លងមក។ ទាក់ទង​នឹង​ព័ត៌មាន​ដែលថា គណៈកម្មការ​ទូក​ខេត្តកំពង់ឆ្នាំង​រារាំង​ការផ្តល់​អំណោយ​របស់​សប្បុរសជន ត្រូវបាន​លោក ជុំ​សុ​បិ​ន្ត បកស្រាយ​ថា៖ «ក្រុមការងារ​យើងខ្ញុំ​តែង​រីករាយ​ស្វាគមន៍​ចំពោះ​ការជួយឧបត្ថម្ភ​គាំទ្រ​របស់​សប្បុរសជន​ជិត​ឆ្ងាយ​ទាំងអស់ ប៉ុន្តែ​អ្វីដែល គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​ក្រុម​សកម្មជន​ខាងលើ គឺ​ពេល​ក្រុម​ពួកគាត់​ចុះមក​ជួប​កីឡាករ​ទូក​ក្ដាមប្រៃម្ដងៗ ពួកគាត់​មិនដែល​មក​ប្រាស្រ័យ​ទាក់ទង សាកសួរ ឬ​ផ្ដល់ព័ត៌មាន​ដល់​ក្រុម​គណៈកម្មការ​ដឹកនាំ​ទូក​ឡើយ ពួកគាត់​មកម្ដងៗមាន​គ្នាច្រើន មក​ប្រជុំ​ជួបជុំ​ជាមួយ​កីឡាករ ជជែក​ពិភាក្សា​លាយឡំ​បញ្ហានយោបាយ ប្រើ សម្ដី​វាយប្រហារ មកលើ​ក្រុមការងារ​យើងខ្ញុំ ចោទប្រកាន់​ដោយ គ្មាន​មូលដ្ឋាន ច្បាស់លាស់ មិនបាន​សាកសួរ ប្រមូល​ព័ត៌មាន គ្រប់​ជ្រុង ជ្រោយ»។

មន្ត្រី​សាលាខេត្ត​កំពង់ឆ្នាំង​រូបនេះ បាន​ច្រាន​ចោលការ​លើកឡើងថា ក្តាម​គ្មាន​អ្នក​ឧបត្ថម្ភ គ្មាន​អ្នក​គិតគូ​សោះ ជាពិសេស​ការលើកឡើង​ថា ទូក​គ្មាន​ពាក្យ «សែន» គឺ​មិន​ឈ្នះ​ទូក​ដែលមាន​ឈ្មោះ «សែន»។ «យើងខ្ញុំ​រីករាយ​ស្វាគមន៍​នូវ​រាល់​ជំនួយ​ឧបត្ថម្ភ លើកទឹកចិត្ត​ដល់​ទូក​ទាំងអស់​របស់​ខេត្ត​យើងខ្ញុំ ប៉ុន្តែ​ជំនួយ​បន្តិចបន្តួច​ដែលមាន​បង្កប់​ចេតនា​មិន​ស្មោះត្រង់ ចង់​ទទួលបាន​មកវិញ​នូវ​ក្រេ​ឌី​ត មើលរំលង​នូវ​កិច្ចខិតខំ ប្រឹងប្រែង និង​ការយកចិត្តទុកដាក់​ពី​គ្រប់​ថ្នាក់ដឹកនាំ ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ គឺជា​ការមិនអាច​ទទួល​យកបាន»។  នេះ​ជាការ​បន្ថែម​របស់លោក លៀង ជុំ​សុ​បិ​ន្ត៕




© រក្សាសិទ្ធិដោយ thmeythmey.com