ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន​បច្ចុប្បន្ន«ញ៉ែ»យុវនារី តាម​វិធី​ណាខ្លះ?
30, Sep 2016 , 12:30 pm        
រូបភាព
ខណៈ​ការបើក​ទូលាយ​នៃ​ទំនាក់ទំនង​របស់​យុវវ័យ​បានក្លាយ​ទៅជា​រឿង​ធម្មតា​ទៅហើយ​យុវជន និង​យុវនារី​សម័យនេះ​បាន​ទាក់ទង​សារភាព​ស្នេហ៍​របស់​ពួកគេ​យ៉ាង​ចំហ។ប៉ុន្តែ​មុននឹង​ទំនាក់ទំនង​ទាំងនោះ​លេច​រូបរាង​ឡើងជា​ទំនាក់ទំនង​ស្នេហា​យុវជន​មាន​របៀប​ទាក់ទង​គ្នាដោយឡែកៗពីគ្នា។



វិវឌ្ឍន៍ ដែលជា​សិស្ស​ថ្នាក់១២ឆ្នាំនេះ នៃ​វិទ្យាល័យ​បឹងត្របែក​បាន​ប្រាប់ថា ខ្លួន​បាន​ចាប់ចិត្ត​ស្រឡាញ់​សិស្សស្រី​ម្នាក់​ដែល​រៀន​ថ្នាក់​ក្បែរ​គ្នា ហើយ​ដែល​វិវឌ្ឍន៍​មិនដែល​មានឱកាស​ប្រាប់​អោយ​នារី​ម្នាក់​នោះ​ដឹង​ឡើយ។ ដើម្បី​អាចទាក់ទង​នារី​ដែល​ខ្លួន​ស្រឡាញ់​នោះបាន វិវឌ្ឍន៍​បាន​ព្យាយាម​រក​មធ្យោបាយ​ដើម្បី​ស្គាល់​លេខ​ទូរ​សព្ទ​របស់​នារី​នោះ។ វិវឌ្ឍន៍​សុំ​លេខ​ទូរ​សព្ទ​របស់​នារី​ដែល​ខ្លួន​ស្រឡាញ់ ពី​មិត្តភក្តិ​ម្នាក់។ បន្ទាប់ពី​មាន​លេខ​ទូរ​សព្ទ​នោះ​ហើយ ដែល​វិវឌ្ឍន៍​ត្រូវ​បញ្ចេញ​តិក​និក​របស់ខ្លួន។ គឺ​ទូរ​សព្ទ​ច្រឡំ​លេខ។ ទូរ​សព្ទ​ច្រឡំ​លេខ១ដង ២ដង ៣ដង រហូតដល់​នារី​នោះ​ព្រម​និយាយ​ជាមួយ។ នេះ​ជា​ពិសោធន៍​របស់​យុវ​សិស្ស​វិវឌ្ឍន៍។ វិវឌ្ឍន៍​បានបញ្ជាក់​ប្រាប់​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​ទូរ​សព្ទ​ទៅរក​គេ​ញយ​រហូតដល់​គេ​ទន់​ចិត្ត​និយាយ​ជាមួយ​ខ្ញុំ។ ក្រោយមក​ខ្ញុំ​ក៏​ណាត់​គាត់​ដើរលេង ហើយក៏​សារភាពថា​ខ្ញុំ​ស្រឡាញ់​គាត់»។

អ្នក​ដែលមាន​សំណាង​បង្កើត​ស្នេហា​ជាមួយ​នារី​ដែល​ខ្លួន​ស្រឡាញ់ តាមរយៈ​ទំនាក់ទំនង​តាម​ទូរ​សព្ទ​នោះ ក៏​ជា​ករណី​របស់​បូរ៉ា​ដែរ។ កាលពី២ឆ្នាំមុន​បូរ៉ា ដែលជា​អតីត​យុវជន​វាស់ដី​អោយ​ពលរដ្ឋ​នៅក្នុង​ស្រុក​ឆ្លូង​ខេត្តក្រចេះ ក៏បាន​ជួប​កូនស្រី​អ្នកភូមិ​ម្នាក់​ដែលជា​និស្សិត​រៀន​នៅ​ភ្នំពេញ​ដែរ។ ក្រោយពី​បាន​ស្គាល់​លេខ​ទូរ​សព្ទ បូរ៉ា​បាន​ចំណាយពេល​ពីរ​ទៅ​បី​ខែ ដើម្បី​បណ្តុះ​ទំនាក់ទំនង ដែល​ភាគច្រើន​គែ​ជាការ​ជជែក​គ្នា​តាម​ទូរ​សព្ទ មុននឹង​បូរ៉ា​និយាយ​សារភាពថា ខ្លួន​ស្រឡាញ់​នារី​ម្នាក់​នោះ។

ប្រើ​ពេលវេលា​ស្គាល់​នារី​ដែល​ខ្លួន​ស្រឡាញ់ គឺ​រឿង​ចៀស​មិន​រួច។ ប៉ុន្តែ​រូបភាព​ការសារភាព​ស្នេហ៍​ក៏​ខុសគ្នា​ខ្លះ​ដែរ។ ប្រសិនបើ​នៅមាន​បុរស​ខ្លះ​ដែល​ខ្មាសអៀន​ហើយ​សារភាព​ស្នេហ៍​ចំពោះ​នារី​ដែល​ខ្លួន​ស្រឡាញ់​តាម​សារ​ទូរ​សព្ទ ឬ​អ៊ី​ម៉ែ​ល​នោះ រតនា​ជា​យុវជន​ម្នាក់​ដែល​ក្លាហាន ហើយ​តែងតែ​សារភាព​ស្រឡាញ់​នារី​ដោយ​ផ្ទាល់មាត់ ឬ​នៅ​ទល់មុខ​គ្នា​តែម្តង។ យុវជន​វ័យ២៥ឆ្នាំ​រូបនេះ​ដែល​អះអាងថា ខ្លួន​ធ្លាប់បាន​សារភាព​ស្រឡាញ់​នារី៥នាក់​ហើយ​នោះ បាន​ពន្យល់ថា៖«ខ្ញុំ​ចូលចិត្ត​និយាយ​ត្រង់​ទល់មុខ​គ្នា។ ប្រសិនបើ​គេ​ព្រម ឬ​មិន​ព្រម​យ៉ាងណា គឺ​យើង​ដឹង​តែម្តង»។ រតនា​មិនបាន​ខ្វល់​អំពី​ភាព​អៀនប្រៀន​របស់​នារី​ដែល​អាច​ពិបាក​ឆ្លើយ​យល់ព្រម​ជា​ចំហ​ក្នុង​រឿង​ស្នេហា​ឡើយ។ យោងតាម​បទពិសោធន៍​របស់ខ្លួន រតនា​និយាយថា ក្នុងចំណោម​នារី​ដែល​គេ​បាន​សារភាព​ស្នេហ៍ ក៏មាន​នារី​ខ្លះ​ហ៊ាន​ឆ្លើយឆ្លងភ្លាមៗជាមួយ​រូបគេ​ដែរ។

ក្រៅពី​ទូរ​សព្ទ និង​ការនិយាយ​គ្នា​ផ្ទាល់មាត់ ក៏​នៅមាន​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ និង​ពេញនិយម​ផង​នោះ គឺ​ហ្វេ​ស​ប៊ុ​ក និង​បណ្តាញ​សង្គម​ផ្សេងទៀត​ដូចជា Line និង Wechat ជាដើម។

ដា​ណា ដែលជា​និស្សិត​ឆ្នាំ​ទី៣នៃ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ គឺជា​អ្នកទទួលបាន​ស្នេហា​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះឯង។ ដា​ណា បាន​ទាក់ទង​នារី​ដែល​ខ្លួន​ស្រឡាញ់​តាម​ហ្វេ​ស​ប៊ុ​ក។ យុវជន​ដែលមាន​រាង​ស្គម ហើយ​និយាយ​បែប​អៀន បាន​រម្លឹកថា៖«ខ្ញុំ​ទាក់ទង​សង្សារ​ខ្ញុំ​ដំបូង​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​ខ្ញុំ​សុំ​លេខ​ទូរ​សព្ទ​របស់គាត់។ បន្ទាប់មក​ខ្ញុំ​បបួល​គាត់​ដើរលេង ឬ​ទៅ​ញ៉ាំ​អាហារ។ ខ្ញុំ​និយាយ​លេង​ជាមួយនាង សរសើរ​ផង បង្អាប់​ផង រហូតដល់​ថ្ងៃមួយ​ខ្ញុំ​សារភាពថា​ស្រឡាញ់​គាត់»។

ការរីកចម្រើន​ផ្នែក​ព័ត៌មានវិទ្យា បាន​ក្លាយជា​ឧបករណ៍​ដែល​សម្រួល​ក្នុង​ទំនាក់ទំនង​ស្នេហា​របស់​យុវជន​និង​យុវនារី​សម័យ​បច្ចុប្បន្ន។ ការវិវឌ្ឍ​ន៍​នៃ​សង្គម​ក៏បាន​បំ​ព្រួញ​រយៈពេល​នៃ​ទំនាក់ទំនង​ស្នេហា​ដែរ។ យុវជន យុវនារី​ពេលនេះ​មិនបាន​ប្រើប្រាស់​ពេលវេលា​យូរ មុននឹង​ឈានដល់​ការសារភាព​ស្នេហ៍​ប្រាប់​គ្នា​ឡើយ។

មនុស្ស​ចាស់​បាន​និយាយ​ប្រាប់ថា កាលពី​សម័យមុន យុវជន​ប្រើ​ពេលវេលា​យូរណាស់​ទើប​អាច​ហ៊ាន​សារភាព​ស្នេហា។ យុវជន​សម័យមុន ភាគច្រើន យក​លេស​ខ្ចី​សៀវភៅ​នារី​ដែល​ខ្លួន​ស្រឡាញ់​ដើម្បី​កត់​មេរៀន។ ប៉ុន្តែ​តាមពិត ពួកគេ​ធ្វើ​យ៉ាងនេះ ដើម្បី​អាច​ផ្ញើ​សំបុត្រ​សារភាព​ស្នេហ៍ នៅពេលដែល​ត្រូវ​សង​សៀវភៅ​ទៅ​នារី​ម្នាក់​នោះ​វិញ។ យុវជន​ខ្លះទៀត​សរសេរ​សំបុត្រ​ស្នេហា ហើយ​យកទៅដាក់​នៅ​កន្ត្រក​កង់​របស់​នារី​ដែល​ខ្លួន​ស្រឡាញ់។ មួយចំនួនទៀត​ក៏​ខំ​ជិះ​កង់​ឬ​ម៉ូតូ​ពី​សាលារៀន​តាម​នារី​ដែល​ខ្លួន​ស្រឡាញ់​ដល់ផ្ទះ​របស់គេ​ជាដើម៕



© រក្សាសិទ្ធិដោយ thmeythmey.com