កីឡាជាតិ
ជាតិ
ក្រសួង​ឧបត្ថម្ភ​កីឡាករ២៨០០០រៀល​ក្នុង​មួយថ្ងៃ​ដើម្បី​ដោះស្រាយ​ម្ហូបអាហារ​ខ្លួនឯង
12, Nov 2014 , 10:27 am        
រូបភាព
ដោយ:
ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានសម្រេច​ចិត្ត​ផ្ដល់ប្រាក់​ចំនួន២៨០០០ រៀល​ក្នុង​របប​អាហារ​រួមមួយថ្ងៃៗដល់​កីឡាករ​ជម្រើសជាតិម្នាក់ៗទាំងអស់​ដែល​កំពុងតែ​ប្រមូលផ្ដុំ​សម្រាប់​ទិញ​អាហារ​ដោយ​ខ្លួនឯង​ក្រោយ​គ្រប់គ្នា​ភាគច្រើន​បាន​លើកដៃ​សុំ​លោក​ហង់ ជួនណា​រ៉ុ​ន ដោយផ្ទាល់​កាលពីពេល​ថ្មីៗ។



ការសម្រេច​នេះ​បានប្រកាស​ប្រាប់ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី១១ វិច្ឆិកា​ម្សិលមិញ​នេះ​នៅ​មជ្ឍមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ដោយមាន​ការចូលរួម​ពី​តំណាង​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ជាមួយ​មន្ត្រី​នាយកដ្ឋាន​កីឡា​និង មន្ត្រី​មជ្ឈមណ្ឌល។

តាមពិតទៅ​កន្លងមក​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ជា​អ្នកដោះស្រាយ​បញ្ហា​ហូបចុក​រួម​ដល់​កីឡាករ​ជម្រើសជាតិ​ទាំងអស់​ក្នុងពេល​ប្រមូលផ្ដុំ​ដោយ​មួយថ្ងៃ​មាន​អាហារ ៣ពេល សម្រាប់​កញ្ចប់​ទឹកប្រាក់២៨០០០ រៀល​ដូចគ្នា។

ប៉ុន្ដែ​មាន​កីឡាករ​មួយចំនួន​ប្រកែក​ថា​អាហារ​ដែល​រៀបចំ​ឱ្យ​មិនមាន​ថាមពល​គ្រប់គ្រាន់​និង មិនមែនជា​អាហារ​សម្រាប់​អ្នកកីឡា។ចំណែក​កីឡា​ប្រភេទ​ផ្សេងទៀត​ជាប់​ហ្វឹកហាត់​នៅ​ទី​ឆ្ងាយ​ត្រឡប់មក​បរិភោគ​ជុំគ្នា​ជាមួយ​គេ​មិនទាន់ ទើប​ទាមទារ​ជា​ប្រាក់​សម្រាប់​ទិញ​ម្ហូប​ធ្វើ​ខ្លួនឯង​វិញ។

លោក​អ៊ុក សិទ្ធិ​ជាតិ​អគ្គនាយក​នៃ​នាយកដ្ឋាន​កីឡា​នៅតែ​បារម្ភ​ដល់​កីឡាករ​មួយចំនួន​ដែល​បើកប្រាក់​យកទៅ​ហើយ​តែ​មិន​ប្រើប្រាស់​ឱ្យចំ​គោលដៅ​អាច​ប៉ះពាល់​ដល់​ការហូបចុក​នាំឱ្យ​ធ្លាក់​កម្លាំង។

ទោះជា​ក្រសួង​សម្រេច​ផ្ដល់ប្រាក់​ទៅ​កីឡាករម្នាក់ៗសម្រាប់​ថ្លៃ​អាហារ​ក៏ពិតមែន​ប៉ុន្ដែ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ដែលជា​អាណាព្យាបាល​កីឡាករ​ត្រូវ​រួមគ្នា​ទទួលខុសត្រូវ​លើ​ការប្រើប្រាស់​ថ​វិក​ឱ្យចំ​ទិសដៅ​ដើម្បី​រក្សា​សិទ្ធិ​ផល​កីឡាករ។ករណី​បើ​ការសាកល្បង​នេះ​មិន​ទទួលបាន​ផល​ល្អ​នោះ​ក្រសួង​នឹងធ្វើ​ការសម្រេច​សារជាថ្មី​ដើម្បី​ផលប្រយោជន៍​កីឡា​ជាតិ។

លោក​ហង់ ជួនណា​រ៉ុ​ន ធ្លាប់​លើកឡើង​នៅមុខ​កីឡាករ​និង​គ្រូបង្វឹក​ក្នុង​ពិធី​សំណេះសំណាល​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពីពេលថ្មីៗ នេះ​ថា​លោក​នឹង​ពិភាក្សាគ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដើម្បី​ជួយ​បន្ថែម​ថវិការ​មួយចំនួន​ដល់​ក្រុម​ជម្រើសជាតិ​ទាំង​ប្រាក់​ម្ហូបអាហារ ប្រាក់ខែ​ប្រាក់​បេសកម្ម​នៅក្រៅ​ប្រទេស​និង ព​ន្លឿ​ន​ប្រាក់រង្វាន់​ជាដើម៕




© រក្សាសិទ្ធិដោយ thmeythmey.com