អន្តរជាតិ
ប្រា​យុទ្ធ​ស្នើសុំ​សមាជិក​អាស៊ាន​រឹតបន្តឹង​សហប្រតិបត្តិការ​មុន​សមាហរណកម្ម
13, Nov 2014 , 8:00 pm        
រូបភាព
នាយ​ករដ្ឋមន្ត្រី​ថៃ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា បានប្រកាស​អំពាវនាវ​អោយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​បង្កើន​ការ​សហប្រតិបត្តិការ​ជាមួយគ្នា​អោយ​កាន់តែ​ស៊ីជម្រៅ ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​មុន​ការមកដល់​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​ចុងឆ្នាំ២០១៥ខាងមុខ។ លោក​ប្រា​យុទ្ធ​បាន​អំពាវនាវ​ដូច្នេះ ស្របពេល​ដែល​លោក​ចូលរួម​ក្នុង​សន្និសីទ​កំពូល​អាស៊ាន​លើក​ទី២៥ដែល​ប្រារព្ធ​ឡើង​នាទី​ក្រុង​ណៃ​ពី​ដ៏​មី​យ៉ាន់​ម៉ា ម្សិលមិញ​នេះ។



នាយករដ្ឋមន្ត្រី​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​អំពាវនាវ​អោយ​បណ្តា​មេដឹកនាំ​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​ទាំងអស់​ផ្តើម​ការបង្កើន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​លើ​វិស័យសំខាន់ៗទាំង​សង្គម សេដ្ឋកិច្ច នយោបាយ អោយបាន​ស៊ីជម្រៅ មុន​ការឈាន​មកដល់​នៃ​ក​សមាហរកម្ម​សេដ្ឋកិច្ច​ចុងឆ្នាំ ២០១៥ខាងមុខនេះ។

តាមពិតទៅ លោក ប្រា​យុទ្ធ បាន​ឆ្លៀត​យក​វេទិការ​តំបន់​នៃ​ជំនួប​ប្រចាំឆ្នាំ​រវាង​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​ប្រទេស​មា​ជិ​ក​អាស៊ាន ដើម្បី​ស្នើ​សុំអោយ​បណ្តា​មេដឹកនាំ​ទាំងនោះ​ផ្តោត​ការចាប់អារម្មណ៍​លើ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ដ្បិតថា លទ្ធភាព​នៃ​ការកសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​ឆ្នាំ ២០១៥ នៅតែ​ជា​បញ្ហា​ប្រឈម​នៅឡើយ​មកទល់ពេលនេះ។

 លោក ប្រា​យុទ្ធ បាន​ថ្លែងថា ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង១០ ចាំបាច់​ត្រូវបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅតាម​បណ្តោយ​បន្ទាត់​ព្រំដែន ដើម្បី​ជំរុញ​អោយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងអស់​កាន់តែ​ជិតស្និទ្ធ និង​ផ្តល់នូវ​ផលប្រយោជន៍​សម្រាប់​ដំណើរការ​សមាហរណកម្ម​សេដ្ឋកិច្ច​ខាងមុខ។

លោក​ឧ​ត្ត​មនី​យ៍​រូបនេះ​បាន​សង្កត់ធ្ងន់ថា ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង រួមទាំង​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​ព្រំដែន​នោះ​ជា​ផ្នែក​នៃ​ការ​កាត​បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍន៍​រវាង​សមាជិក​ទាំងអស់នោះ។ 
ដោយឡែក​ក្រៅពី​ស្នើ​សុំអោយ​មេដឹកនាំ​អាស៊ាន​ផ្តោតលើ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​លោក ប្រា​យុទ្ធ ក៏បាន​បង្ហាញ​ក្តីបារម្ភ​ពី​ការកើនឡើង​នៃ​បញ្ហា​ប្រឈម​ឆ្លងដែន ជាពិសេស​បញ្ហា​ជួញដូរ​មនុស្ស​ខុសច្បាប់​នោះ។

 ប្រទេស​ថៃ​បច្ចុប្បន្ន​កំពុងតែ​រៀបចំ​ព្រាង​ផែនការ​តំបន់ រួមទាំង​អនុសញ្ញា​អាស៊ាន​ប្រឆាំង​ការជួញដូរ​មនុស្ស ហើយ​ថៃ​កំពុងតែ​ព្យាយាម​ជំ​រុញអោយ​មេដឹកនាំ​អាស៊ាន​គាំទ្រ​ចំណាត់ការ​នេះ​ដើម្បីអោយ​ការងារ​នេះ​អាច​បញ្ចប់​បាន​ត្រឹម​ឆ្នាំក្រោយ។ ក្រៅពីនេះ​លោក ប្រា​យុទ្ធ ក៏បាន​លើកឡើង​ពី បញ្ហាសំខាន់ផ្សេងៗជាច្រើន​ដែល​ប្រទេស​មា​ជិ​ក​អាស៊ាន​ចាំបាច់​ត្រូវ​ដោះស្រាយ​ជាពិសេស​បញ្ហា​ទប់ស្កាត់​ចរាចរណ៍​គ្រឿងញៀន​ខុសច្បាប់ ពង្រឹង​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ក្នុង​តំបន់ ការលើកកម្ពស់​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច កិច្ចចរចា​បង្កើត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​តំបន់ រួមទាំង​មធ្យោបាយ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ថែម​ទៀតផង។

យ៉ាងណាក៏ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ បាន​ថ្លែងអំណរគុណ​ដល់​បណ្តា​មេ​ដឹក​នា​អាស៊ាន​ទាំងអស់​ដែល​តែង​ផ្តល់​ការគាំទ្រ​និង​យោគយល់​ចំពោះ​ការវិវត្តន៍​នៃ​ស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេស​ថៃ ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​យោធា​ឥត​បង្ហូរឈាម ២២ឧសភា​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com