កីឡាជាតិ
ជាតិ
Asian Beach Games៖ក្រោយចំបាប់ឈ្នះមេដាយសំរឹទ្ធ កម្ពុជាចាំអ៊ុតបាល់ទះលើឆ្នេរខ្សាច់ កីឡាការិនី នី សំណាង (មុខគេ) នៅពេលទទួលមេដាយសំរិទ្ធ
× កីឡាការិនីចំបាប់ នី សំណាង ទទួលបានមេដាយសំរឹទ្ធពីព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់ (Asian Beach Games) លើកទីបួននៅខេត្តភូកេត ប្រទេសថៃ ដែលជាមេដាយទីមួយរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី មួយនេះ។
ក្នុងការប្រកួតទម្ងន់៦០កីឡូក្រាម កីឡាការិនី នី សំណាង ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០១៣ បានបើកឆាកចាញ់កីឡាការិនីវៀតណាម Nguyen Thi Nga ក្នុងលទ្ធផល ២-០ ប៉ុន្តែបានយកឈ្នះកីឡាការិនីឥណ្ឌូនេស៊ី ២-១ វិញ នាការប្រកួតបន្ទាប់។ សំណាង បានទទួលត្រឹមមេដាយសំរឹទ្ធ បន្ទាប់ពីចាញ់កីឡាការិនីថៃ Thongkan Kanjana ក្នុងលទ្ធផល ២-០ ។
ដោយឡែកការប្រកួតចំបាប់ផ្នែកបុរសទម្ងន់៧០គីឡូក្រាមវិញ កីឡាករ កាង ដែនពិសិដ្ឋ បានរងបរាជ័យទាំងបីប្រកួតនៅក្នុងក្រុម ដោយចាញ់កីឡាករតួកមេនីស្ថាន ATAYEV Seyitnur កីឡាករកាហ្សាក់ស្ថាន BEKZHANOV Nurlan កាហ្សាក់ស្ថាន និងកីឡាករស៊ីរី KHAN SHAIKHOUNI Mohamed ក្នុងលទ្ធផល ២-០ ដូចគ្នា។
ដូចគ្នាផងដែរ ក្នុងការប្រកួតទម្ងន់៨០គីឡូក្រាម កីឡាករ ជន់ ធូន បានចាញ់កីឡាករកូរ៉េខាងត្បូង LEE Seunga កីឡាករវៀតណាម TRAN van Tuan និងកីឡាករអ៊ីរ៉ង់ HOSSEINIJAM Seyedkamran ក្នុងលទ្ធផល ២-០ ។
ដោយឡែកលទ្ធផលនៃការប្រកួតកីឡា Foot-volley របស់កីឡាករ គីម ហាប់ និង សឿង ខន្តី វិញ កីឡាករអាយុ១៦ឆ្នាំទាំងពីររូបនេះ បានចាញ់ម៉ាឡេស៊ី ២-០ (១៨-១១, ១៨-១០) ចាញ់ឡាវ ២-០ (១៨-១៣, ១៨-៧) ចាញ់អារ៉ាប់រួម អេមីរ៉េត ២-០ (១៨-១៦, ១៩-១៧) ប៉ុន្តែឈ្នះឥណ្ឌា ២-០ (១៨-៧, ១៨-១០) ។
ទោះបីជាក្រុម Foot-volley របស់កម្ពុជា បានហាលអាវក៏ដោយ ប៉ុន្តែកីឡាករកម្ពុជាទទួលបាននូវបទពិសោធន៍យ៉ាងល្អនាការបង្ហាញខ្លួនលើកដំបូងលើប្រភេទកីឡាដែលមានលក្ខណៈស្រដៀងនឹងបាល់ទះលើឆ្នេរខ្សាច់មួយនេះ។
ចំពោះក្រុមកីឡាករជម្រើសជាតិបាល់ទះលើឆ្នេរខ្សាច់ ដែលមានកីឡាករ ស៊ឹម ឃ្លោក និងលឹម សំអាត បានទទួលជ័យជម្នះដោយស្វ័យប្រវត្តិលើក្រុមកីឡាករប៉ាឡេស្ទីនក្នុងលទ្ធផល ២-០ (២១-០, ២១-០ ) ដោយសារតែគូប្រជែងមិនបង្ហាញវត្តមាន។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ស្អែកនេះ ស៊ឹម ឃ្លោក និងលឹម សំអាត ត្រូវប៉ះជាមួយក្រុមកាតា។ កីឡាករ Pereira Jefferson Santos គឺជាសមាជិកម្នាក់របស់ក្រុមកាតា ដែលបានយកឈ្នះកម្ពុជា ២-០ ក្នុងព្រឹត្តិការណ៍ Asian Games នៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។
បន្ទាប់ពីកាតា កីឡាករកម្ពុជាត្រូវតទល់ជាមួយវៀតណាម និងលីបង់ នៅក្នុងពូល B ដើម្បីស្វែងរកកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com