កីឡាជាតិ
ជាតិ
ជម្រុះ AFC U-23 ៖ កម្ពុជាស្ថិតក្នុងពូល G ជាមួយកូរ៉េខាងជើង ថៃ និងហ្វីលីពីន
× យោងតាមលទ្ធផលនៃការចាប់ឆ្នោតនៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ កម្ពុជាស្ថិតនៅក្នុងពូល G សម្រាប់ព្រឹត្តិការណ៍ប្រកួតជម្រុះ AFC U-23 ឆ្នាំ២០១៦ ។
ការប្រកួតជម្រុះ AFC U-23 មានការចូលរួមពីក្រុមចំនួន៤៣ ដោយបែងចែកជា១០ពូល។ ក្រុមដែលនាំមុខគេនៃពូលនីមួយៗ និងក្រុមចំណាត់ថ្នាក់លេខ២ចំនួន៥ទៀតដែលមានពិន្ទុលើសគេ រួមទាំងម្ចាស់ផ្ទះកាតា នឹងត្រូវឈានទៅជុំផ្តាច់ព្រ័ត្រនៅក្នុងប្រទេសកាតា ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ។ ក្រុមកំពូលចំនួនបីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៦នៅប្រទេសប្រេស៊ីល។
ការប្រកួតជម្រុះនឹងចាប់ផ្តើមចន្លោះពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៥ ដែលរហូតមកដល់ពេលនេះ ពូលចំនួន៧បានកំណត់ប្រទេសជាម្ចាស់ផ្ទះរួចរាល់ហើយ។ ប៉ាគីស្ថានជាម្ចាស់ផ្ទះក្នុងពូល B អ៊ីរ៉ង់ម្ចាស់ផ្ទះពូល C បង់ក្លាដែសម្ចាស់ផ្ទះពូល E តៃវ៉ាន់ម្ចាស់ផ្ទះពូល F ឥណ្ឌូនេស៊ីម្ចាស់ផ្ទះពូល H ម៉ាឡេស៊ីម្ចាស់ផ្ទះពូល I និងចិន ម្ចាស់ផ្ទះពូល J ខណៈពូល A, D និង G មិនទាន់កំណត់ម្ចាស់ផ្ទះឡើយនៅថ្ងៃនេះ។
អ៊ីរ៉ាក់គឺជាក្រុមម្ចាស់ការពារតំណែងជើងឯកនៃព្រឹត្តិការណ៍នេះដែលត្រូវបានរៀបចំជាលើកដំបូងកាលពីឆ្នាំ២០១៣ ។ អារ៉ាប៊ីសាអួឌីតជាប់ចំណាត់ថ្នាក់លេខពីរ ខណៈហ្សកដង់លេខបី និងកូរ៉េខាងត្បូងលេខ៤៕
© រក្សាសិទ្ធិដោយ thmeythmey.com