កីឡាជាតិ
ជាតិ
សំ ថា​រ័ត្ន និយាយ​សុំទោស​គ្រូ និង​ជនរួមជាតិ​ក្រោយ ចាញ់​ម្ចាស់ផ្ទះ​ហ្វីលីពីន
06, Dec 2014 , 7:30 am        
រូបភាព
ដោយ: រួបរួម
កីឡាការិនី​ល្បុក្កតោ និង​ក្បាច់គុន​បុរាណ​ខ្មែរ សំ ថា​រ័ត្ន បានចេញ​ឃ្លី​ប​វីដេអូ​ខ្លី​មួយ ដើម្បី​សម្តែង​ការ​សុំទោស​គ្រូបង្វឹក និង​ជនរួមជាតិ ក្រោយ​ពេលដែល​នាង​បាន​ប្រកួត​ចាញ់​កីឡាការិនី​ហ្វីលីពីន Jujeath Nagaowa ក្នុង​ទឹក​ទី២នៃ​ព្រឹត្តិការណ៍ ONE FC: Warrior’s Way នៅលើ​សង្វៀន Mall of Asia Arena ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ល្ងាច​ថ្ងៃ​សុក្រ។



សំ ថា​រ័ត្ន ដែលមាន​រហស្សនាម​ថា «តា​ឡ​ន​តន» ឬ «កង្កែប​តូច» (Little Frog) បាន​ក្លាយជា​កីឡាការិនី​ទីមួយ​របស់​កម្ពុជា ដែល​បានបង្ហាញ​វត្ត​មាននៅ​សង្វៀន​អន្តរជាតិ​នៃ​ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​ស្ថាប័ន​ក្បាច់គុន​ចម្រុះ ONE FC។ ថា​រ័ត្ន ត្រូវបាន​កីឡាការិនី​ម្ចាស់​ផ្ទួ​ល​ក្រោយ​ការប្រកួត​អស់​ប្រមាណ ៣:៣៤នាទី។

តាមរយៈ​ឃ្លី​ប​វីដេអូ​របស់ខ្លួន កីឡាការិនី​វ័យ២៤ឆ្នាំ​រូបនេះ បាន​ថ្លែង​ទាំង​អួលដើមក​ថា នាង​មាន​បញ្ហា​ស្មា​នៅ​ជិត​ចប់​ទឹក​ទីមួយ ដោយ​ខ្លួន​ខំ​ស៊ូ​រដែរ ប៉ុន្តែ​ដល់​ទឹក​ទី​ពីរ​បែរជា​គាំង​វាយ​អត់​ចេញ។ នាង​បាន​និយាយ​ទាំង​លើកដៃ​សំពះ​ថា៖ «អរគុណ​មែនទែន​សម្រាប់​ការគាំទ្រ​តាំងពីដើម​រហូតដល់​ចប់ ខ្ញុំ​មាន​កម្លាំងចិត្ត​មែនទែន ពេល​ឡើងទៅ​គឺ​ជឿជាក់​លើ​ខ្លួនឯង​ច្រើន ប៉ុន្តែ​ធ្វើ​អត់​បាន»។

«តា​ឡ​ន​តន» បាន​សុំទោស​ជាពិសេស​ចំពោះ​លោក ចាន់ រាជ ដែលជា​គ្រូបង្វឹក ដោយ​លោក​បាន​ខំ​អស់ពី​សមត្ថភាព ហើយ​នាង​បាន​សម្តែង​ការសោកស្តាយ​ដែល​មិនបាន​ស្តាប់​តាម​ការណែនាំ៕



© រក្សាសិទ្ធិដោយ thmeythmey.com