កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ ហ្វីលីពីន ឬ ថៃ អាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រមុនគេ?
× ទីបំផុតពានរង្វាន់បាល់ទាត់ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ដែលមានឈ្មោះថា AFF Suzuki Cup 2014 ជិតស្វែងរកក្រុមឡើងទៅវគ្គផ្ដាច់ព័ត្រហើយ ដោយនៅវេលាម៉ោង ៧ យប់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៤ នេះនឹងកាត់សេចក្ដីក្នុងជំនួបជើងទី២ រវាងក្រុមថៃ និង ហ្វីលីពីន នៅទីក្រុងបាងកក ក្នុងវគ្គ១/២ ដើម្បីរកឈ្នះចាញ់។
សម្រាប់ប្រកួតនៅជើងទី ១ កាលពីថ្ងៃទី ៦ ធ្នូ កន្លងទៅលើទីលានកីឡដ្ឋាន Rizal Memorial Stadium ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្រុមទាំង២ មិនអាចរកគ្រាប់បាល់បញ្ជូលទីគ្នាបាននោះទេ ដោយបញ្ចប់ទៅក្នុងលទ្ធផល ០ ទល់ ០ ខណៈកីឡាករ Adisak Kraisorn មកពីក្លិប Buriram United របស់ថៃ ត្រូវលោកអាជ្ញាកណ្ដាល Abdullah Balideh ជនជាតិកាតា ពិន័យកាតក្រហមនៅនាទី ៦៩ ក្រោយបង្ករកំហុស។
លោក Kiatisuk Senamuang គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បាននិយាយប្រាប់គេហទំព័រផ្លូវការ AFF Suzuki Cup ក្រោយប្រកួតចប់ជើងទី១ ថា៖ «នេះមិនមែនជារឿងងាយស្រួលសម្រាប់យើងនោះទេ ហ្វីលីពីនជាក្រុមខ្លាំងមួយ។ បាល់ទាត់យើងមិនអាចគិតថាឈ្នះគ្រប់ពេលបាននោះទេ។ កីឡាករខ្ញុំភាគច្រើននៅក្មេង ហើយត្រូវរៀនលេងនៅពេលមានគ្នាតែ ១០ នាក់លើទីលាន»។
បែបណាក៏ដោយលទ្ធផលនេះបានបង្កើនក្ដីសង្ឍឹមជាច្រើនភាគរយដល់ក្រុមថៃ មុនពេលបើកទ្វាកីឡដ្ឋាន Rajamangala National Stadium របស់ខ្លួនអមដោយអ្នកគាំទ្រជាច្រើនម៉ឺននាក់នៅយប់នេះ។
ចំណែកលោក Thomas Dooley គ្រូបង្វឹកក្រុមហ្វីលីពីន ជនជាតិអាមេរិក បានលើកឡើងដែរថា៖ «ដំបូងឡើយប្រកួតជើងទី១ ខ្ញុំគិតថាលទ្ធផលទំនងជា សូន្យស្មើ ប៉ុន្ដែក្រោយពេលក្រុមគេ សល់គ្នា ១០ នាក់ខ្ញុំគិតថាយើងគួរតែមានគ្រាប់បាល់បញ្ជូលទី ដើម្បីរកជ័យជម្នះ។ ខ្ញុំសប្បាយចិត្តពេលកីឡាករលេងតាមអ្វីដែលបានរៀបទុក ហើយរំពឹងថាពួកគេនឹងមានទំនុកចិត្តឡើងវិញ មុនជើងទី២ មកដល់»។
៥ ប្រកួតចុងក្រោយថៃ មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយ ក្នុងនោះឈ្នះ ៤ និង ស្មើ ១ ស្របពេលហ្វីលីពីន ឈ្នះ ៣ ស្មើ ១ និង ចាញ់ ។ មិនថា ថៃ ឬ ហ្វីលីពីន ទេ ជ័យជម្នះយប់នេះនឹងជួយឱ្យក្រុមដែលឈ្នះមានកៅអីឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រ ដោយអាចប៉ះក្រុម វៀតណាម ឬ ម៉ាឡេស៊ី ដែលនឹងកាត់សេចក្ដីគ្នានៅវគ្គ ៤ ក្រុមចុងក្រោយនៅយប់ស្អែក។
© រក្សាសិទ្ធិដោយ thmeythmey.com