ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ខៀវ សុភ័គ៖ យើង​មិន​ខ្វល់​ពី​​សំឡេង​ដែល​អះអាង​​ថាជា​ ​ថោង សារ៉ាត់​ នោះ​​ឡើយ​​​
11, Dec 2014 , 2:17 pm        
រូបភាព
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ
ដោយ:
តើជា​សំឡេងរបស់​លោក ថោង សារ៉ាត់ ពិតប្រាកដ ឬ​ក៏​មិនមែន? វានៅតែជាសំនួរ​នៅឡើយ ​សម្រាប់មហាជន​ដែល​តាម​ដាន​សំណុំរឿង​បាញ់ប្រហារ​ឧកញ៉ា អ៊ឹង ម៉េងជឺ ហើយ​ដែលក្រោយមក ប៉ូលីស​បាន​ដាក់ការសង្ស័យទៅ​លើ​ឧកញ៉ា ថោង​សារ៉ាត់ រហូតដល់​មាន​ការ​ចាប់ឃុំខ្លួន​អង្គរក្ស និង​ឪពុកម្តាយ​ឧកញ៉ា​ម្នាក់នេះ។


បើទោះជាមានការ​បង្ហោះ​ផ្សព្វផ្សាយ​ខ្សែអាត់សំឡេង​ដោយមានការ​អះអាងថា ជាសំឡេង​របស់​ឧកញ៉ា ថោង សារ៉ាត់​ក៏ដោយ ប៉ូលីស​មិនបាន​បង្ហាញអំពីការ​ចាប់អារម្មណ៍​ទៅលើ​ការ​ផ្សព្វផ្សាយ​នេះឡើយ ឬមួយ​ក៏អាចថា វាជា​ការងារ​ស៊ើបអង្កេត​សម្ងាត់​របស់​ប៉ូលីស ដែលគេមិនអាច​និយាយជាសាធារណៈបាន។ ថ្លែងប្រាប់សារព័ត៌មាន​ថ្មីៗ នាយឧត្តមសេនីយ៍​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃបាន​អះអាងយ៉ាងដូច្នេះថា៖«យើងមិនខ្វល់ពី​សំឡេង​នោះឡើយ។ បញ្ហា​សំខាន់ គឺ​យើងត្រូវ​ចាប់ខ្លួន​ជនសង្ស័យ​ឲ្យ​បាន»។

កាលពីពេល​កន្លងទៅថ្មីៗនេះ មន្ត្រីជាន់ខ្ពស់ដដែលនៃ​​ក្រសួងមហាផ្ទៃបាន​ប្រាប់សារព័ត៌ថ្មីៗ​ផងដែរថា សមត្ថកិច្ច​ទំនងជា​ដឹងថា លោក ថោង​ សារ៉ាត់ លាក់ខ្លួន​នៅ​កន្លែងណាហើយ។ តើ​រហូតដល់ពេលនេះ ប៉ូលីស​បាន​ពន្លឺកាន់តែច្រើន​ហើយ​ឬនៅ ទាក់ទង​នឹង​កន្លែងលាក់ខ្លួន​របស់​ជនសង្ស័យ? លោក ខៀវ សុភ័គ បដិសេធ​មិន​ធ្វើអត្ថាធិប្បាយ។ «ប្រសិនជាខ្ញុំ​ជានិយាយ សមត្ថកិច្ច​មិនអាច​ធ្វើការ​ងារ​ស៊ើបអង្កេតនេះបានជោគជ័យឡើយ»។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ពន្យល់យ៉ាង​ដូច្នេះ។

ខ្សែអាត់សំឡេង​ចំនួន​២​ផ្សេងៗគ្នា​ត្រូវបាន គេបង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដោយអះអាងថា ជាសំឡេង​របស់​លោក ថោង សារ៉ាត់ ដែលដុំសំឡេង​ទីមួយ គឺការ​សុំ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងនៅក្នុង​ដុំសំឡេងទី២ គឺបុរស​ដែលនិយាយ​នោះ បាន​សុំអន្តរាគមន៍​ពី​លោក សម រង្ស៊ី និង​លោក​ កឹម សុខា​ វិញម្តង៕



© រក្សាសិទ្ធិដោយ thmeythmey.com