អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រទេស​ផ្តាច់ការ​ថ្កោលទោស​និង​សើចចំអក រឿងអាស្រូវ​ទណ្ឌកម្ម​ព្រៃផ្សៃ​របស់ CIA
12, Dec 2014 , 3:26 pm        
រូបភាព
ក្រោយពេល​គណកម្មាធិកា​រ​ចារកម្ម​នៃ​ព្រឹទ្ធសភា​អាមេរិក​បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​ស្តីពី​ការធ្វើ​ទារុណកម្ម​ជនសង្ស័យ​ពាក់ព័ន្ធ​ក្រុម​អាល់​កៃ​ដា​និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ របស់​ស្ថាប័ន​ចារកម្ម CIA អាមេរិក កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ អាមេរិក​រង​ការ​អាម៉ាស និង​ការ​ថ្កោលទោស​ជាខ្លាំង។ គេ​សង្កេតឃើញ​ស្ថាប័ន​សិទ្ធិមនុស្ស រួមទាំង​រដ្ឋាភិបាល​អាមេរិក​ផង​នោះ បាន​ប្រកាស​ថ្កោលទោស និង​ទាមទារ​អោយ​បញ្ចប់​សកម្មភាព​ព្រៃផ្សៃ​ទាំងនេះ។ ចំណែក​ប្រធាន​ស្ថាប័ន CIA បានចេញ​មុខការ​ពារ​អង្គភាព​លោក ដោយ​លោក​លើកឡើងថា  CIA មាន​តួនាទី​សំខាន់​ក្នុង​ការរក្សាសន្តិសុខ​អាមេរិក ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ១១ ខែ​ក​ញ្ញ​ឆ្នាំ ២០១។ ប៉ុន្តែ​បើទោះជា​ស្ថាប័ន​នេះ​ប្រើប្រាស់​អំពើ​ព្រៃផ្សៃ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ ក៏​ជនឧក្រិដ្ឋ​ដែល​រួមទាំង​អតីត​ប្រធានាធិបតី​អាមេរិក​លោក George W Bush នឹងមិន​ត្រូវគេ​កាត់ទោស​នោះដែរ។



សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​បញ្ហា​នេះ៖


រយៈពេល​ជាង១០ឆ្នាំ​ហើយ ក្រោយ​ពេលដែល​សហរដ្ឋ​អាមេរិក​រង​ការវាយប្រហារ​ពី​សំណាក់​ក្រុម​ភេរវជន​អាល់​កៃ​ដា នៅ​ថ្ងៃ ១១ខែកញ្ញា​ឆ្នាំ ២០០។ សោកនាដកម្ម​ថ្ងៃ ១១ កញ្ញា​នេះ បាន​ជំ​រុញអោយ​រដ្ឋាភិបាល​អាមេរិក ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ប្រធានាធិបតី ច​ច ដា​ប៊ិ​ល​យូ ប៊ូ​ស បានប្រកាស​សង្គ្រាម​ប្រឆាំង​ក្រុម​ភេរវជន​លើ​ពិភពលោក​ទាំងមូល។ ដូចដែល​បានឃើញ​ស្រាប់ អាមេរិក​បាន​នាំ​ទ័ព​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​តា​លី​បង់​និង​ក្រុម​អាល់​កៃ​ដា​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ក្នុង​ឆ្នាំ ២០០១ និង​សង្គ្រាម​នៅ​អ៊ីរ៉ាក់​ប្រឆាំង​សា​ដាម ហ៊ូ​សេន នៅក្នុង​ឆ្នាំ ២០០។ ក្រៅពី​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​ភេរវជន ប្រធានាធិបតី​អាមេរិក​កាល​នោះបាន​បង្កើត​កម្ម​វី​ធី​មួយ​ដើម្បី​ធានា​សន្តិសុខ​សហរដ្ឋអាមេរិក​ដោយ​អនុញ្ញាត​ក្រុម​ចារកម្ម CIA ចាប់បញ្ជូន​ខ្លួន ឃុំខ្លួន និង​សួរចម្លើយ​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ភេរវកម្ម។ គេ​ដឹងថា រយៈពេល​ប្រមាណ ៧ឆ្នាំ ក្រុម​ចារកម្ម CIA នេះ​បាន​ប្រើប្រាស់​មធ្យោបាយ​ព្រៃផ្សៃ​ស្ទើ​គ្រប់បែបយ៉ាង​ដើម្បី​ធ្វើ​ទារុណកម្ម​ជនសង្ស័យ ហើយ​ទង្វើ​ព្រៃផ្សៃ​លើសពី​ការរំពឹងទុក​នេះ​ទើបតែ​ត្រូវបាន​ទម្លាយ​ចេញ​កាលពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ​ដោយ​ព្រឹទ្ធសភា​អាមេរិក។

កាលពីដើម​សប្តាហ៍​នេះ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ភ្ងា​ក់​ផ្អើល នៅពេលដែល​គណកម្មាធិកា​រ​ចារកម្ម​នៃ​ព្រឹទ្ធសភា​អាមេរិក​បាន​ទម្លាយ​ចេញ​របាយការណ៍​ស៊ើបអង្កេត​មួយ​កម្រាស់៥០០ទំព័រ ស្តីពី​ការធ្វើ​ទារុណកម្ម​ព្រៃផ្សៃ​របស់​ស្ថាប័ន​ចារកម្ម CIA លើ​ជនសង្ស័យ។ របាយការណ៍​ស៊ើបអង្កេត​នេះ​ត្រូវបាន​គេ​ចងក្រង​ឡើង​ដោយ​ចំណាយពេល​ប្រមាណ ៥ឆ្នាំ​ឯណោះ ហើយ​របាយការណ៍​នេះ​បាន​ទម្លាយ​ការពិត​នៃ​ការប្រើប្រាស់​រាល់​អំពើ​ព្រៃផ្សៃ ដោយ​ការវាយដំ ជ្រមុជ​ទឹក ព្រមទាំង​ទង្វើ​អមនុស្សធម៌​ជាច្រើន​ផ្សេងទៀត​ថែមទៀត​ផង។ ក្រោយ​ការបង្ហាញ​របាយការណ៍​នេះ បណ្តា​ស្ថាប័ន​សិទ្ធិមនុស្ស រួមទាំង​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផង​នោះ បាន​ថ្កោលទោស​សកម្មភាព​ទាំងនោះ។ ប៉ុន្តែ​គេ​ចោទ​សួរថា តើ​អតីត​ប្រធានាធិបតី​អាមេរិក ច​ច ដា​ប៊ិ​ល​យូ​ប៊ូ​ស ពិតជា​មិនដឹង​អ្វី​ទាំងពី​អស់ពី​ទារុណកម្ម​ព្រៃផ្សៃ​នេះ?

មិនបាច់​ឆ្ងល់​ច្រើន​ឡើយ មេដឹកនាំ​អាមេរិក​ដឹង​គ្រប់យ៉ាង​ព្រោះ គម្រោង​នេះ​ត្រូវបាន​អនុ​ញ្ញ​ត​ដោយ​រដ្ឋាភិបាល​លោក ច​ច ដា​ប៊ិ​ល​យូ​ប៊ូល។ ហើយ​គេ​ប្រាកដថា រាល់​ទារុណកម្ម និង​វិធីសាស្ត្រ​ប្រើប្រាស់​ដើម្បី​បង្ខំ​ជនរងគ្រោះ​អោយ​ឆ្លើយ​ចម្លើយ​ក៏​ជា​គំនិត​របស់​មេដឹកនាំ​អាមេរិក​ផងដែរ។ ជាក់ស្តែង​កាលពី​ម្សិលមិញ​នេះ​អតីត​អនុ​ប្រធានាធិបតី​អាមេរិក​លោក Dick Cheney បាន​សារភាពថា​លោក ប៊ូ​ស ពិតជា​បានដឹង​ច្បាស់​ពី​សកម្មភាព​របស់​ក្រុម​ចារកម្ម CIA ដែល​ធ្វើឡើង​ចំពោះ​ជនសង្ស័យ ប៉ុន្តែ​លោក​ព្យាយាម​ការពារ​ខ្លួន ដោយ​លើកឡើងថា លោក និង​លោក ប៊ូ​ស ពិតជា​បាន​ពិភាក្សាគ្នា​ពី​មធ្យោបាយ​នៃ​ការធ្វើ​ទារុណកម្ម​បង្ខំ​សួរចម្លើយ ប៉ុន្តែ​មិនមែន​ព្រៃផ្សៃ​ដូច្នេះ​ទេ។ យ៉ាងណាក៏ដោយ​លោក ប៊ូ​ស​មិនទាន់​ចេញមុខ​បកស្រាយ ឬ​បង្ហាញ​ប្រតិកម្ម​បែបណា​ឡើយ​ចំពោះ​របាយការណ៍​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​អាមេរិក ប៉ុន្តែ​សាធារណជន រួមទាំង​សហគមន៍​អន្តរជាតិ​ទាមទារ​អោយមាន​ការកាត់ទោស​ជ​ន​ដែល​សមគំនិត​ក្នុង​សំណុំរឿង​រំលោភសិទ្ធិ​មនុស្ស​នេះ។ ដល់​ត្រឹមនេះ​គេ​ត្រូវ​សួរ​សំណួរ​ជាថ្មី​ម្តង​ទៀតហើយ​ថា តើ​មេដឹកនាំ​អាមេរិក​អាច​រង​ការកាត់ទោស​ដោយ​តុលាការអន្តរជាតិ​ដែរ​ឬ​អត់?

ចម្លើយ​គឺ​ច្បាស់​ជា​មិនអាច​ទៅរួច​ឡើយ ដែល​មេដឹកនាំ​អាមេរិក​ត្រូវគេ​យកទៅ​កាត់ទោស​ដោយសារ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​នោះ។ តាមពិតទៅ បច្ចុប្បន្ននេះ​ស្ថាប័ន​ដែលមាន​តួនាទី​សំខាន់បំផុត​ក្នុងការ​កាត់ទោស​មេដឹកនាំ​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ គឺមាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែល​ស្ថិតនៅ​ក្នុងប្រទេស​ហូ​ឡង់ និង​តុលាការ​នៅ​ប្រទេស​មួយចំនួន​នៅ​តំបន់​អឺរ៉ុប។ ប៉ុន្តែ​សហរដ្ឋអាមេរិក​នៅពេល​នេះ មិនមែនជា​ភាគី​នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​ស្តីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឡើយ ដូច្នេះ​មានន័យថា តុលាការ​គ្មាន​យុត្តាធិការ​នាំខ្លួន​មេដឹកនាំ​អាមេរិក​មក​កាត់ទោស​បើទោះជា​មាន​បណ្តឹង​ស្តីពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម ឬ​ប្រល័យពូជសាសន៍​ក៏ដោយ។ យ៉ាងណាក៏ដោយ ស្ថាប័ន​ដែលមាន​អំណាច​បំផុត​មួយទៀត​អាច​បញ្ជូន​សំណុំរឿង​អោយ​តុលាការ​នេះ​កាត់ទោស​បាន​ដោយ​ប្រើ​ដំណោះស្រាយ​របស់ខ្លួន បើទោះជា​ប្រទេស​នេះ​មិនមែនជា​ភាគី​នៃ​លក្ខន្តិកៈ​ក៏ដោយ។

ស្ថាប័ន​នោះ​គឺ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ប៉ុន្តែ​គ្រប់គ្នា​ដឹង​ច្បាស់​ថា សហរដ្ឋអាមេរិក​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា មាន​សិទ្ធិ​ជំទាស់​ដំណោះស្រាយ។ ដូច្នេះ​កុំ​សង្ឃឹមថា អាមេរិក​នឹង​ព្រលែង​សំណុំ​រឿងនេះ​ទៅអោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​អោយសោះ។  ដោយឡែក​មធ្យោបាយ​មួយទៀត គឺ​តុលាការ​តាម​បណ្តា​ប្រទេសមួយ​ចំនួន​នៅ​អឺរ៉ុប​ដូចជា​បែលហ្ស៊ិក បារាំង អេ​ស្ប៉ា​ញ​សុទ្ធតែ​អាចមាន​យុត្តាធិការ​កាត់ទោស​ជន​ណា​ដែល​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ឧទាហរណ៍​ជាក់ស្តែង កាលពី​ឆ្នាំ ១៩៩៨ តុលាការ​អេ​ស្ប៉ា​ញ​បានចេញ​ដីកាចាប់ខ្លួន​និង​កាត់ទោស​អតីត​មេដឹកនាំ​ផ្តាច់ការ​ស៊ី​លី Augusto Pinoche ។ ប៉ុន្តែ​កាលពី​ឆ្នាំ២០០៣ តុលាការ​បែលហ្ស៊ិក គ្រោង​នាំខ្លួន​ឧ​ត្ត​ម​សេនីយ៍​យោធា​អាមេរិក​ដែល​ដឹកនាំ​ទ័ព​ធ្វើសង្គ្រាម​នៅ​អ៊ីរ៉ាក់ មក​កាត់ទោស ដោយសារ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ប្រឆាំង​ជន​ស៊ីវិល។ យ៉ាងណាក៏ដោយ​នៅពេលនោះ អតីតរដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​Donald Rumsfeld បាន​គំរាម​ដកហូត​ទីស្នាក់កា​រ​កណ្តាល​បក្សសម្ព័ន្ធ​យោធា​ណា​តូ ចេញពី​ប្រ៊ុ​យ​សែ​ល បើ​ហ៊ាន​កាត់ទោស​កូនចៅ​របស់ខ្លួន។ សកម្មភាព​ទាំងអស់នេះ​បញ្ជាក់ថា គ្មាន​ឡើយ​ក្តីសង្ឃឹម​ដែលថា ឧក្រិដ្ឋជន​ជា​អ្នកនយោបាយ​អាមេរិក​អាច​នឹង​ត្រូវគេ​នាំមក​កាត់ទោស​នោះ។

ផ្ទុយទៅវិញ បើទោះជា​ឧក្រិដ្ឋជន​មិនត្រូវ​បាន​គេ​នាំទៅ​កាត់ទោស​ក្តី ក៏​របាយការណ៍​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​បំផុត​នៅពេលនេះ​ធ្វើអោយ​មហា​យក្ស​ប្រជាធិបតេយ្យ​និង​បី​តា​សិទ្ធិមនុស្ស​រង​ការ​អាម៉ាស​ខ្លាំង​ផងដែរ។ ជាក់ស្តែង​ប្រទេស​ដែល​ធ្លាប់​តែង​រក​ការរិះគន់​ពី​សំណាក់​អាមេរិក ថា​បាន​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដូចជា​ចិន គុយបា កូរ៉េខាងជើង បាន​សើចចម្អក ព្រមទាំង​ថ្កោលទោស​អាមេរិក​ថែម​ទៀតផង។ កូរ៉េខាងជើង​ដែល​កំពុងស្ថិត​ក្រោម​ការ​តាម​ប្រមាញ់​រឿង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ បាន​ស្រែ​កដ​ង្ហើ​យ​ហៅ​អោយ​អង្គការសហប្រជាជាតិ​បញ្ចេញ​ចំណាត់​ការប្រឆាំង​ការធ្វើ​ទារុណកម្ម​របស់​អាមេរិក ហើយ​ប្រទេស​មួយចំនួន​ដែលជា​មិត្ត និង​គាំទ្រ​អាមេរិក​មាន​អាល្លឺម៉ង់ និង​អា​ហ្វ​ហ្កា​នី​ស្ថាន បានបង្ហាញ​ក្តី​ខកចិត្ត និង​ថ្កោលទោស​ទង្វើ​អាមេរិក​ដូចគ្នា​ដែរ៕
 



© រក្សាសិទ្ធិដោយ thmeythmey.com