ជាតិ
សេដ្ឋកិច្ច
តំណាង​ក្រុមហ៊ុន​សំណង់​របស់​បារាំង​ចំនួន៥ធ្វើ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ
12, Dec 2014 , 3:34 pm        
រូបភាព
ដោយ: ថ្មីៗ
ទីផ្សារ​សំណង់​កម្ពុជា​ដែល​កំពុង​រីកដុះដាល​ខ្លាំង​ផ្តល់នូវ​ឱកាស​ជាច្រើន​ដល់​សហគ្រាស​បារាំង ដែលមាន​ជំនាញ​ក្នុង​វិស័យ​សំណង់​ស៊ីវិល នគរូបនីយកម្ម និង​ស្ថាបត្យកម្ម។ វិស័យ​សំណង់​នាពេលនេះ​បាន​ក្លាយជា​សសរស្តម្ភ​ទី២សម្រាប់​សេដ្ឋកិច្ចកម្ពុជា ដោយ​នាំមុខ​លើ​ផ្នែក​ទេសចរណ៍ និង​កសិកម្ម។ ជាក់ស្តែង​វិស័យនេះ​បាន​ទាក់ទាញ​វិនិយោគ​បរទេស​ជាង២ ៥០០លាន​ដុល្លារ​អាមេរិក​ក្នុង​រយ:ពេល៩ខែ​ដើមឆ្នាំ២០១៤ ។ ជាងនេះទៅទៀត កម្ចី​អចលនទ្រព្យ​បាន​កើនឡើង២២ភាគរយ​ក្នុង​រយ:ពេល​មួយឆ្នាំ។



ដោយ​សង្កេតឃើញ​ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​បារាំង​ចំនួន៥បានសម្រេច​ចូលរួម​ក្នុង​សន្និសីទ​បារាំងខ្មែរ​លើក​ទី១ស្តីពី "ទីក្រុង​ប្រកបដោយ​និរន្ត​ភាព" ដែល​បាន​ប្រព្រឹត្ត​ធ្វើឡើង​កាលពី​ថ្ងៃ​សុក្រ ទី១២ ធ្នូ នៅ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា។ ជំនួប​នេះ​បាន​អនុញ្ញាតអោយ​ក្រុមហ៊ុន​បារាំង ដែលមាន​បទពិសោធន៍​និង​ចំណេះធ្វើ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​នោះ ធ្វើការ​បង្ហាញ​អំពី​ជំនាញ​របស់ខ្លួន​ដល់​ក្រុមហ៊ុន​កម្ពុជា​នានា ស្រប​ពេលដែល​ការអភិវឌ្ឍ​ក្រុង​នៅ​កម្ពុជា​កំពុង​ជួប​បញ្ហា​ប្រឈម​ជាច្រើន។

ក្រុមហ៊ុន​បារាំង​ទាំងនោះ​រួមមាន៖ DE-SO ដែលជា​ក្រុមហ៊ុន​ធ្លាប់បាន​ទទួលជោគជ័យ​ក្នុងការ​ប្រកួតប្រជែង​អន្តរជាតិ​នានា។ ក្រុមហ៊ុន​នេះ​មាន​ជំនាញ​ក្នុង​ការផលិត​ឧបករណ៍​បំពាក់​តាម​ទីសាធារណ: លំនៅដ្ឋាន ការិយាល័យ​ធ្វើការ និង​ការរៀបចំ​នគររូបនីយកម្ម។ មាន​វត្ត​មាននៅ​ប្រទេស​បារាំង​និង​វៀតណាម ក្រុមហ៊ុន​នេះ​មាន​បណ្តាញ​ស្ថាបត្យករ និង​វិស្វករ​អន្តរជាតិ​ជំនាញ​ក្នុងការ​សាងសង់​អាគារ។ សាខា​ក្រុមហ៊ុន​នេះ​នៅ​ទីក្រុង​ហូជីមិញ​ផ្តោត​ជាពិសេស​លើ​ស្ថាបត្យកម្ម​ប្រកបដោយ​ចីរភាព និង​ការ​រចនា​ម៉ូត​ដែល​គិតគូរ​អំពី​បរិស្ថាន។

ចំណែក​ក្រុមហ៊ុន​AREPវិញ​គឺជា​អ្នកផ្តល់​សេវា​រៀបចំ និង​សាងសង់​សំណង់​ក្នុង​ក្រុង។  ក្រុមហ៊ុន​នេះ​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ផ្លូវដែក​ជាតិ​បារាំង SNCF ។ ក្រុមហ៊ុន​ធ្វើការ​ក្នុង​វិស័យ​បួន (មាន​ស្ថាបត្យកម្ម វិស្វកម្ម ការ​រចនា​ម៉ូត និង​នគរូបនីយកម្ម) និង​ជំនាញ​បី​ទៀត (ដែនដី អាគារ និង​បំពាក់​ឧបករណ៍)។ AREP គឺជា​ក្រុមហ៊ុន​មួយ​ស្ថាបត្យកម្ម​បារាំង​សំខាន់​មួយ ដែល​ពាក់ព័ន្ធ​ក្នុង​គម្រោង​នគរូបនីយកម្ម​នានា និង​មាន​ការិយាល័យ​នៅ​ទីក្រុង​ហាណូយ។


ក្រុមហ៊ុន​បារាំង​មួយទៀត ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា មាន​ឈ្មោះថា INTERSCENE ជំនាញ​ក្នុងការ​អភិវឌ្ឍ​នគរូបនីយកម្ម​ក្នុង​ទ្រង់ទ្រាយ​ធំ ការអភិវឌ្ឍ​តំបន់​ជនបទ និង​ការថែរក្សា​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ។ ក្រុមហ៊ុន​នេះ​មាន​វត្ត​មាននៅ​ទីក្រុង​ប៉ារីស៍ និង​ទីក្រុង​ម៉ា​រ៉ា​កេស។ វា​ត្រូវបាន​បង្កើត​ដោយ​លោក Thierry HUAU អស់​រយ:ពេល៣០ឆ្នាំ​មកហើយ ហើយ​បច្ចុប្បន្ន​លោក​នៅតែ​ជា​អ្នកដឹកនាំ​ក្រុមហ៊ុន​នេះ​នៅឡើយ។ INTERSCENE ចូលរួម​ក្នុង​គម្រោង​ជាតិ និង​អន្តរជាតិ​ជាច្រើន​ក្នុងការ​រចនា​ម៉ូត និង​ការស្តារ​បរិស្ថាន​ដែល​កំពុង​រង​ការ​គម្រាមកំហែង ដោយ​ធ្វើ​ការផ្តល់​ប្រឹក្សា​យោបល់ ការគ្រប់គ្រង​គម្រោង និង​ជំនួយការ​ក្នុងការ​គ្រប់គ្រង​គម្រោង។

ចំណែក​ក្រុមហ៊ុន SCHNEIDER ELECTRIC គឺជា​ក្រុមហ៊ុន​ឧស្សាហកម្ម​អឺរ៉ុប​នាំមុខគេ​លើ​ពិភពលោក​ក្នុង​ទីផ្សារ​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម មណ្ឌល​ផ្ទុក​ទិន្នន័យ អាគារ និង​លំនៅដ្ឋាន។  ក្រុមហ៊ុន​នេះ​ផលិត​និង​ចែកចាយ​ផលិតផល​ផ្គត់ផ្គង់​អ​គិ្គ​ស​នី ម៉ាស៊ីន​ស្វ័យប្រវត្តិ​ក្នុង​វិស័យ​ឧស្សាហកម្ម ការធានា​សុវត្ថិភាព​ថាមពល និង​អាគារ​នានា ក៏ដូចជា​ឧបករណ៍ប្រើប្រាស់​ថាមពល​ករ​កើត​ឡើងវិញ ដែល​អាចអោយ​សន្សំសំចៃ​ការប្រើប្រាស់​ថាមពល។ ក្រៅពី​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ប៉ារីស៍ ក្រុមហ៊ុន​មាន​ការិយាល័យ​មួយទៀត​នៅ​ទីក្រុង​ញូវយ៉ក និង​ការិយាល័យ​មួយទៀត​នៅ​ក្រុង​ហុងកុង ដែល​បច្ចុប្បន្នកំពុង​សាងសង់។

ក្រុមហ៊ុន​ទី៥ គឺ BERIM ដែលជា​ក្រុមហ៊ុន​ឯករាជ្យ​ជំនាញ​ក្នុង​ការផ្តល់​ប្រឹក្សា និង​វិស្វកម្ម ដែល​បាន​ប្រតិបត្តិការ​អស់​រយ:ពេល៦៥ឆ្នាំ​មកហើយ​ក្នុង​វិស័យ​ទឹកស្អាត ការគ្រប់គ្រង​កាកសំណល់ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និង​ការរៀបចំ​ក្រុង។ ក្រុមហ៊ុន BERIM បម្រើ​អតិថិជន ដែលជា​បុគ្គល​ឯកជន ឬ​សាធារណ: ដោយ​ផ្តល់​ជា​យោបល់ ការគ្រប់គ្រង​គម្រោង និង​ជំនួយ​ក្នុងការ​គ្រប់គ្រង​គម្រោង​ជុំវិញ​បញ្ហា​រៀបចំ​ក្រុង។ អស់​រយ:ពេល១៣ឆ្នាំ​មកហើយ ក្រុមហ៊ុន​នេះ​ពង្រីក​សកម្មភាព​របស់​ខ្លួន​នៅលើ​ឆាក​អន្តរជាតិ ដោយ​សម្រេចបាន​គម្រោង​ជាច្រើន ហើយ​មាន​គម្រោង​ចម្រោះ​ទឹកស្អាត និង​គ្រប់គ្រង​កាកសំណល់​មួយចំនួនទៀត​កំពុងដំណើរការ​នៅ​អាស៊ី(វៀតណាម) និង​នៅ​អាហ្វ្រិក (អាល់​ហ្សេ​រី នី​ហ្សេ​រី​យ៉ា ហ្កា​បុ​ង)។

គួរ​បញ្ជាក់ថា UBIFRANCE គឺជា​ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍ​ក្រុមហ៊ុន​បារាំង​លើ​ឆាក​អន្តរជាតិ។ ទីភ្នាក់ងារ​នេះ​មាន​ការិយាល័យ​តំណាង៨០សម្រាប់​ជ្រោមជ្រែង​ក្រុមហ៊ុន​បារាំង​ពង្រីក​អាជីវកម្ម​នៅ៧០ប្រទេស​ទូទាំង​ពិភពលោក៕











© រក្សាសិទ្ធិដោយ thmeythmey.com