អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​គ្រោង​សង់​រោងចក្រ​នុយក្លេអ៊ែរ១០នៅ​ឥណ្ឌា
12, Dec 2014 , 4:29 pm        
រូបភាព

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី​ទៅកាន់​ប្រទេស​មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា មេដឹកនាំ​រូបនេះ​បាន​ឯកភាព​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថាមពល​ជាមួយ​សម​ភាគី​លោក នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី។ ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ថាមពល​នេះ នឹង​អនុញ្ញាតអោយ​រុស្ស៊ី​អាច​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​ប្រមាណ១០បន្ថែមទៀត​នាពេល​ខាងមុខនេះ។


មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី​បានអោយដឹង​កាលពី​ម្សិលមិញ​នេះ​ថា រុស្ស៊ី​នឹង​រៀបចំ​សាងសង់​ស្ថានីយ៍​នុយក្លេអ៊ែរ​ប្រមាណ ១០ សម្រាប់​ប្រទេស​ឥណ្ឌា។ ការលើកឡើង​ពី​ការ​សាសង​សង់រោង​ចក្រ​ថាមពលនុយក្លេអ៊ែរ របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នេះ កើតមានឡើង​ស្របពេល​ដែល​ប្រធាន​ធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​ឥណ្ឌា និង​បន្ទាប់ពី​ពេលដែល​លោក​ពិភាក្សា​និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើ​វិស័យ​ថាមពល​ជាច្រើន​ជាមួយ​លោក ពូ​ទីន។

ដំណើរ​ទស្សនកិច្ច​រប​ស់មេ​ដឹកនាំ​កំពូល​រុស្ស៊ី​លោក ពូ​ទីន ទៅកាន់​ឥណ្ឌា គឺ​ក្នុង​គោលបំណង​រឹតបន្តឹង​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ និង​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ផ្នែក​ថាមពល និង​វិស័យ​ការពារជាតិ។ លោក ពូ​ទីន ខំប្រឹង​រឹតបន្តឹង​ទំនាក់ទំនង​ជាមួយ​មហា​យក្ស​ប្រជាធិបតេយ្យ​ឥណ្ឌា​លើក​នេះ កើតឡើង​ស្រប​ពេលដែល​សេដ្ឋកិច្ច​រុស្ស៊ី​បន្ត​ប្រឈមមុខ​ជាមួយនឹង​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​ប្រទេស​លោកខាងលិច ដោយសារតែ​តួនាទី​រុស្ស៊ី​ក្នុង​វិបត្តិ​អ៊ុយ​ក្រែ​ន។

ទណ្ឌកម្ម​ជាច្រើន​ជំហាន​ត្រូវបាន​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ដាក់​ប្រឆាំងនឹង​ក្រុង​ម៉ូស្គូ ក្រោយ​ការ​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន​កាលពី​ខែ​មិនា ហើយ​រុស្ស៊ី​ដែល​ធ្លាប់​នាំចេញ​ឧស្ម័ន និង​ប្រេង​ជាច្រើន ទៅកាន់​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​នោះ​ក៏​ប្រឈមមុខ​នឹង​បញ្ហា​ដូចគ្នា។ ទាំងអស់​ហើយ​ដែល​ជំ​រុញអោយ​រុស្ស៊ី​ត្រូវ​ស្វែងរក​ទីផ្សារ​ថ្មី​សម្រាប់​ថាមពល​របស់ខ្លួន ដើម្បី​បង្កើន​កំណើនសេដ្ឋកិច្ច​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា។ បើទោះបីជា លោក នា​រិ​ន្ទ្រា ម៉ូ​ឌី​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន​ក៏ដោយ ក៏​ឥណ្ឌា​នៅតែ​បង្ហាញ​ជំហរ​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ និង​បន្ត​ពង្រឹង​ចំណងមិត្តភាព​យ៉ាងរឹងមាំ​ដែល​ធ្លាប់មាន​ជាមួយគ្នា​តាំងពី​យូរអង្វែង​ណាស់​មកហើយ​នោះ។

ក្នុងជំនួប​រវាង​មេដឹកនាំ​ទាំងពីរ​កាល​ម្សិលមិញ​នេះ គេ​សង្កេតឃើញ​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាច្រើន​រួមគ្នា ហើយ​ឥណ្ឌា​និង​រុស្ស៊ី​បាន​ឯកភាពគ្នា​លើ​គម្រោង​ជាច្រើន ដោយ​រុស្ស៊ី​នឹង​ផលិត​ឧទ្ធម្ភាគចក្រ​នៅក្នុង​ប្រទេស​ឥណ្ឌា ការអនុវត្ត​គម្រោង​រួមគ្នា​មួយ​ស្តីពី​វិស័យ​ថាមពល​នៅក្នុង​តំបន់​អាក់​ទិ​ក និង បន្ត​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខផ្សេងៗទៀត។ តាមពិតទៅ​ឥណ្ឌា​ត្រូវការ​រុស្ស៊ី ព្រោះ​ប្រទេស​នេះ​ចង់បាន​ការចែករំលែក​នូវ​បច្ចេកវិទ្យា​យោធា និង ត្រូវការ​អ្នកផ្គត់ផ្គង់​ថាមពល ជាពិសេស​ឥណ្ឌា​ត្រូវការ​រោងចក្រ​នុយក្លេអ៊ែរ​សម្រាប់​ប្រើប្រាស់​នាពេល​អនាគត។

ដោយឡែក​មូល​ហេតុដែល​រុស្ស៊ី​ព្យាយាម​រឹតបន្តឹង​ចំណងមិត្តភាព​ជាមួយ​ឥណ្ឌា បញ្ជាក់ថា​រុស្ស៊ី​ចង់បង្ហាញ​ទៅកាន់​ពិភពលោក ជាពិសេស​លោកខាងលិច​ថា ខ្លួន​មិនមែន​ស្ថិតនៅ​ឯកោ​រលើ​ឆាក​អន្តរជាតិ​ឡើយ។ យ៉ាងហោចណាស់​បណ្តា​ប្រទេស​ជាច្រើន​ទៀត​រីករាយ​គាំទ្រ និង​បង្កើន​ទំនាក់ទំនង​និង​ចំណង​ការទូត​ជាមួយ​រុស្ស៊ី ជាពិសេស​នោះ​គឺ​បណ្តា​ប្រទេស​មហាអំណាច​ថ្មី​របស់​សមាជិក BRICS មាន​ប្រេ​ស៊ី​ល ចិន អាហ្វ្រិក​ខាងត្បូង និង​ចិន​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com