អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សេដ្ឋី​អាមេរិក​ភាគច្រើន ចង់​ឲ្យ​លោកស្រី Hillary Clinton ធ្វើជា​ប្រធានាធិបតី
12, Dec 2014 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ
លទ្ធផល​នៃ​ការស្ទង់មតិ​មួយ ដែល​ធ្វើឡើង​ដោយ CNBC បាន​បង្ហាញថា ភាគច្រើន​នៃ​សេដ្ឋី​ដែលជា​អ្នកមាន​ទ្រព្យសម្បត្តិ​ចាប់ពី ១ លាន​ដុល្លារ​ឡើងទៅ នៅក្នុង​សហរដ្ឋអាមេរិក ពួកគេ​ចង់​ឲ្យ​លោកស្រី Hillary Clinton ក្លាយជា​ប្រធានាធិបតី នៅក្នុង​ការបោះឆ្នោត​អាណត្តិ​ក្រោយនេះ។



នៅក្នុង​ការស្ទង់មតិ​នោះ ទូរទស្សន៍ CNBC បាន​សាកសួរ​មហាសេដ្ឋី​នៅក្នុង​សហរដ្ឋអាមេរិក ចំនួន ៥០០ នាក់​ពី​បេក្ខភាព​ដែល​ពួកគេ​គេ​នឹងត្រូវ​ជ្រើសរើស​ធ្វើជា​ប្រធានាធិបតី នៅ​អាណត្តិ​ក្រោយនេះ។ ជា​លទ្ធផល លោកស្រី Hillary Clintonជា​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទទួល​ការបោះឆ្នោត​ច្រើនជាងគេ ចំនួន ៣១ ភាគរយ។

បើតាម​លទ្ធផល​នៃ​ការស្ទង់មតិ​ដដែល​នោះ អ្នក​ដែលមាន​ប្រជាប្រិយភាព​បន្ទាប់ពី​លោកស្រី Hillary Clinton គឺ លោក Jeb Bushអតីត​អភិបាលរដ្ឋ​Florida និង​ត្រូវជា​ប្អូនថ្លៃ​របស់លោក​ស្រី Clintonផងដែរ​នោះ ទទួលបាន​សំឡេងគាំទ្រ ១៨ ភាគរយ និង​សំឡេង​ដែល​នៅសល់​គឺ​បាន​ទៅលើ​អ្នកនយោបាយ​ចំនួន ៧ រូប​ផ្សេងទៀត។

ចំនួន​មហាសេដ្ឋី​ដែល​ត្រូវ​សាកសួរ​ទាំងនោះ ត្រូវបាន​បែងចែក​ស្មើគ្នា​រវាង​អ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ គណបក្ស​សាធារណរដ្ឋ និង​បុគ្គល​ឯករាជ្យ​ដែល​មិន​បង្ហាញ​ជំហរ​គាំ​គ្រ​គណបក្ស​ណាមួយ។ សេដ្ឋី​ទាំងអស់​ដែល​ត្រូវបាន​គេ​ស្នើ​ឲ្យ​បោះឆ្នោត​នេះ គឺ​ពួកគេ​បាន​កាន់កាប់​ទ្រព្យសម្បត្តិ​សរុប​ជាង ៨ ភាគរយ​នៅក្នុង​សហរដ្ឋអាមេរិក។

ធ្វើ​ដែល​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​លទ្ធផល​នេះ គឺ​នៅត្រង់ថា អ្នក​ដែល​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​សេដ្ឋី​អាមេរិក​ទាំងពីរ​ខាងលើនេះ គឺជា​បងប្អូន​សាច់ថ្លៃ​នឹង​គ្នា ប៉ុន្តែ​ពួកគេ​មាន​និន្នាការ​នយោបាយ​ខុសគ្នា ពោលគឺ លោកស្រី Hillary Clinton ជា​អ្នក​មកពី​គណបក្ស​ប្រជាធិបតេយ្យ ចំណែក​លោក Jeb Bush គឺ​មកពី​គណបក្ស​សាធារណរដ្ឋ៕




© រក្សាសិទ្ធិដោយ thmeythmey.com