សុខភាព
អន្តរជាតិ
អ្នកជំងឺ​អេ​បូ​ឡា​ទី​ពីរ​នៅ​ម៉ាលី បានជា​សះស្បើយ
13, Dec 2014 , 12:56 pm        
រូបភាព
ដោយ: ថ្មីៗ
១២ថ្ងៃ​បន្ទាប់ពី​អ្នកជំងឺ​ម្នាក់​បានចេញ​ពី​មន្ទីរពេទ្យ​ក្រោយ​ជាសះស្បើយ​ពី​ជំងឺ​អេ​បូ​ឡា​នៅក្នុង​ប្រទេស​ម៉ាលី អ្នកជំងឺ​ម្នាក់ទៀត​ក៏មាន​ដំណឹង​ដ៏​រីករាយ​ដូចគ្នា​ផងដែរ ខណៈ​មនុស្ស៧នាក់​ហើយ បាន​ស្លាប់​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ បើ​គិត​ចាប់តាំងពី​ការឆ្លង​រាលដាល​ពី​ខែតុលា​មក​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងលិច​មួយ​នេះ។



មន្ត្រី​ម្នាក់​នៃ​ក្រសួងសុខាភិបាល​ម៉ាលី បាន​អះអាងថា ការព្យាបាល​អ្នក​ឆ្លង​មេរោគ​អេ​បូ​ឡា​ទី​ពីរ បាន​ប្រកបដោយ​ជោគជ័យ ហើយ​គាត់​បានជា​សះស្បើយ​តាំងពី​ថ្ងៃ​សុក្រ​មកម្ល៉េះ។

មកដល់ពេលនេះ មិនមាន​សញ្ញា​ណាមួយ​ឡើយ​ដែល​បង្ហាញថា ប្រទេស​ម៉ាលី​មាន​អ្នក​ផ្ទុកមេរោគ​អេ​បូ​ឡា ខណៈ​មនុស្ស២៦នាក់​ដែល​ធ្លាប់បាន​ប៉ះពាល់​អ្នកជំងឺ កំពុងស្ថិត​នៅក្រោម​ការ​តាមដាន​របស់​វេជ្ជបណ្ឌិត ដោយ​ភាគច្រើន​ត្រូវបាន​រកឃើញថា មិនមាន​អ្វី​កើតឡើង​ឡើយ។

បើ​គិត​ចាប់តាំងពី​ខែតុលា មក ម៉ាលី​មាន​មនុស្ស​ស្លាប់៧នាក់​ដោយសារ​អេ​បូ​ឡា ដែល​ត្រូវបាន​រាយការណ៍​ថា ឆ្លង​ពី​ប្រទេស​ហ្គី​ណេ​ដែល​នៅ​ជិតខាង​ខ្លួន។ បច្ចុប្បន្ន អេ​បូ​ឡា បានសម្លាប់​មនុស្ស​ជិត៦៤០០នាក់​ក្នុងចំណោម​អ្នក​ឆ្លង​ជាង១៧៩០០នាក់ ជាពិសេស​នៅក្នុង​ប្រទេស​លី​ប៊ី សេ​រ៉ា​ឡេ​អូន និង​ហ្គី​ណេ៕





© រក្សាសិទ្ធិដោយ thmeythmey.com