អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ុយ​ក្រែ​ន​សាទរ​ជំនួយ​អាមេរិក ​និង​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី
13, Dec 2014 , 2:57 pm        
រូបភាព
ដោយ: ថ្មីៗ
សភា​អាមេរិក​បានសម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​ថ្មី​ដោយ​ផ្តល់ជំនួយ​បច្ចេកវិទ្យា​យោធា​ប្រមាណ ៣៥០លាន​ដុល្លា​អាមេរិក​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន និង​គំរាម​ដាក់ទណ្ឌកម្ម​ថ្មី​បន្ថែម​ប្រឆាំង រដ្ឋាភិបាល ក្រុង​ម៉ូស្គូ​ថែម​ទៀតផង។ គេ​ឃើញ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Petro Poroshenko  បានប្រកាស ស្វាគមន៍​ការ​ផ្តល់ជំនួយ​អាមេរិក​មកកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​ផងដែរ។



រាយការណ៍​ដោយ ខន ចំប៉ា



សភា​អាមេរិក​បានសម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​ថ្មី​មួយ​ដោយ​បើកផ្លូវ​ដល់​រដ្ឋាភិបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា អាច​ផ្តល់ជំនួយ​យោធា​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ព្រមទាំង​គំរាម​ដាក់ទណ្ឌកម្ម​ថ្មី​បន្ថែម​ប្រឆាំងនឹង​រុស្ស៊ី​ផងដែរ។ យ៉ាងណាក៏ដោយ​សេចក្តីព្រាងច្បាប់​ដែល​ត្រូវបាន​អនុម័ត​ហើយ​នេះ​រងចាំ​ការ​អនុ​ញ្ញា​ពី​សំណាក់​សមាជ​សភា(congress) ជាមុនសិន។

ក្រោយ​មានការ​អនុម័ត​ច្បាប់​ថ្មី​មួយ​នេះ ប្រធាន​ធិបតី​អ៊ុយ​ក្រែ​ន​លោក Petro Poroshenko បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ជំនួយ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​ព​ង្រឹ​ង​វិស័យ​យោធា​របស់ខ្លួន​ដែល​កំពុង​ប្រឈមមុខ​ជាមួយ​បញ្ហា ជាពិសេស​ក្រុម​ទាមទារ​ផ្តាច់ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី​នោះ។ ផ្ទុយទៅវិញ ទង្វើ​របស់​ក្រុង​វ៉ាស៊ីនតោន​នៅពេលនេះ កំពុង​ធ្វើអោយ​រុស្ស៊ី​ខឹងសម្បារ​ជាខ្លាំង ដោយ​រុស្ស៊ី​មិន​ចង់អោយ​សហរដ្ឋអាមេរិក​បន្ត​លូកដៃ​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​អ៊ុយ​ក្រែ​ន​ឡើយ។

នៅក្នុង​សេចក្តីព្រាងច្បាប់​ទើបត្រូវ​បានអនុម័ត​នោះ មានកំណត់​ពី​ការបើកផ្លូវ​ដល់​រដ្ឋាភិបាល​អាមេរិក​ក្នុងការ​បញ្ជូន​ជំនួយ​ទៅអោយ​ក្រុង​គៀវ ជា​សម្ភារៈ​យោធា​ក្នុង​ទំហំ​ទឹកប្រាក់ ៣៥០លាន​ដុល្លារ​អាមេរិក ហើយ​បន្ថែម​ពី​នោះ​អាមេរិក​ក៏​ព្រមាន​រុស្ស៊ី​អោយ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន បើ​មិន​ដូច្នោះ​ទេ​ខ្លួន​នឹងដាក់​បន្ថែម​ទណ្ឌកម្ម​ថ្មី​ទៀត​ប្រឆាំងនឹង​រុស្ស៊ី​ជាក់​ជាមិនខាន។ ទណ្ឌកម្ម​ជាច្រើន​ជំហាន​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ប្រឆាំងនឹង​រុស្ស៊ី​បានធ្វើអោយ​សេដ្ឋកិច្ច​រុស្ស៊ី​ប្រឈម​មុខជា​បញ្ហា បើទោះបីជា​រុស្ស៊ី​ជា​ប្រទេស​មហាអំណាច ហើយ​ទណ្ឌកម្មសេដ្ឋកិច្ច​ពេលខ្លះ​មិនសូវមាន​ប្រសិទ្ធភាព​ក៏ពិតមែន។

យ៉ាងណាក៏ដោយ ការអនុម័ត​ច្បាប់​ថ្មី​របស់​សហរដ្ឋអាមេរិក ត្រូវបាន​ក្រុមអ្នកវិភាគ​មើលឃើញថា វា​ហាក់បីដូចជា​ការបំផ្លាញ​ទំនាក់ទំនង​អាមេរិក និង​រុស្ស៊ី​ដែល​កំពុង​ប្រេះស្រាំ​ស្រាប់​នោះ​អោយ​ខ្ទេចខ្ទាំ​ង និង​ពិបាក​ស្តារឡើងវិញ។ ម្យ៉ាងទៀត​វា​នឹង​ធ្វើអោយ​មហាអំណាច​ទាំងពីរ ប្រឈមមុខ​ដាក់គ្នា​ខ្លាំង ដូចជា​កើតមាន​សង្គ្រាមត្រជាក់​ជាថ្មីទៀត​ដូច្នេះ​ដែរ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រហែលជា​ចាំបាច់​ត្រូវ​ត្រួត​ពិនិត្យឡើងវិញ​ចំពោះ​ច្បាប់​ផ្តល់ជំនួយ​របស់​អាមេរិក​ទៅកាន់​អ៊ុយ​ក្រែ​ន មុននឹង​ប្រកាស​អោយប្រើ​ព្រោះ​ច្បាប់​ថ្មី​មានកំណត់​ពី​ការបញ្ជូន​ប្រភេទ​អាវុធ​ប្រឆាំង​រថក្រោះ យន្តហោះ​ចារកម្ម និង​រ៉ា​ដា​ជាដើម។

និយាយ​ពី​បញ្ហា​ជម្លោះ​អ៊ុយ​ក្រែ​ន​វិញ មកទល់ពេលនេះ​ហាក់បីដូច​ជាមាន​ភាពស្ងប់ស្ងាត់​គ្រាន់បើ​ហើយ ក្រោយពេល​ភាគី​ទាំងពីរ​នៃ​ជម្លោះ ក្រុម​ឧទ្ទាម​ភាគ​ខាងកើត និង​កងកម្លាំង​រដ្ឋាភិបាល​ក្រុង​គៀវ ឯកភាពគ្នា​អនុវត្ត​បទ​ឈប់​បាញ់​កាលពី​ថ្ងៃ​អង្គារ​ក្នុង​សប្តាហ៍​នេះ។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​ទទួលស្គាល់ថា កិច្ចព្រមព្រៀង​ថ្មី​បានបង្ហាញ​ពី​ក្តីសង្ឃឹម​នៃ​ការកសាង​សន្តិភាព​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ព្រោះ​បទ​ឈប់​បាញ់​បាន​ជំរុញ​អោយ​ការប្រយុទ្ធ​បញ្ឈប់​ជា​បណ្តោះអាសន្ន​នៅពេលនេះ។

យ៉ាងណាក៏ដោយ​ប្រ​ធានា​ធិ​ប​តិ​អ៊ុយ​ក្រែ​ន​បានបង្ហាញ​ក្តីបារម្ភ​ថា កិច្ចព្រមព្រៀង​ថ្មី​នៅតែមាន​លក្ខណៈ​ផុយ​ស្រួល​នៅឡើយ​ទេ ហើយ​វា​ចាំបាច់​មានការ​ប្រឹងប្រែង​អត់ធ្មត់​ពី​សំណាក់​ភាគី​ជម្លោះ​ដើម្បីអោយ​ការកសាង​សន្តិភាព​ឈានទៅរក​ភាពជោគជ័យ៕



© រក្សាសិទ្ធិដោយ thmeythmey.com