កីឡាជាតិ
ជាតិ
រដ្ឋមន្ត្រីក្រសួង​អប់រំ សម្រេច​ឲ្យ​មាន​ការ​​ប្រកួត​កីឡា​កម្រិត​ថ្នាក់​បឋម​​ឡើងវិញ
13, Dec 2014 , 7:30 pm        
រូបភាព
ដោយ:
លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា បានសម្រេច​អោយមាន​ការប្រកួត​កីឡា​បឋមសិក្សា​ថ្នាក់ជាតិ ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស​ឡើងវិញ ចាប់ពី​ឆ្នាំ២០១៥តទៅ ក្រោយ​កម្មវិធី​នេះ​ត្រូវបាន​លុបចោល​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ តាំងពី​ជំនាន់​លោក​អ៊ឹម សិទ្ធី នៅ​ជា​រដ្ឋមន្ត្រី។



មន្ត្រី​ខាង​នាយកដ្ឋាន អប់រំ​កាយ និង កីឡា​សិស្ស-និស្សិត កំពុង​ត្រៀមខ្លួន​សម្រាប់​អនុវត្តន៍​កម្មវិធី​ប្រកួត​កីឡា ប្រចាំឆ្នាំ​របស់ខ្លួន គឺ​ចាប់ពី​ថ្ងៃទី ១មករា​ដល់​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥គ្រប់​ខេត្ត-ក្រុង​ទាំងអស់​ត្រូវ ប្រកួត​កីឡា​បឋមសិក្សា និង មធ្យមសិក្សា​រក​ជើងឯក​របស់ខ្លួន​ឲ្យ​ហើយ។ ខេត្តស្វាយរៀង នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​បឋមសិក្សា​ថ្នាក់ជាតិ(ជើងឯក​ទូទាំងប្រទេស) ចាប់ពី​ថ្ងៃទី២៦កុម្ភៈ ដល់ ថ្ងៃទី ១២ មិនា ឆ្នាំ ២០១៥។

ចំពោះ កីឡា​កម្រិត​សិស្ស​មធ្យមសិក្សា​ជើងឯក​ទូទាំងប្រទេស នឹង ចាប់ផ្ដើម​ពីថ្ងៃ​ទី២៦មិនា​ដល់​ថ្ងៃទី៩មេសា​នៅ​ទី​រួម​ខេត្តបាត់ដំបង។ សម្រាប់​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង មធ្យមសិក្សា​ឯកទេស​នោះ ត្រូវ​ប្រកួត​ជ្រើសរើស​រក​ជើងឯក​រប​ស់​ខ្លួន​ប្រចាំ គ្រឹះស្ថាន​របស់ខ្លួន​ចាប់ពី​ថ្ងៃទី២៣ឧសភា​ដល់​ថ្ងៃទី ១ មិថុនា ឆ្នាំ ២០១៥។

ចំណែក​ការប្រកួត​ជើងឯក​ទូទាំងប្រទេស សម្រាប់​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង មធ្យមសិក្សា​ឯកទេស​ដែល​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​នោះ គឺ​ចាប់ផ្ដើម​ពីថ្ងៃ​ទី ២៣មិថុនា​ដល់​ថ្ងៃ ទី ៧ កក្កដា ឆ្នាំ ២០១៥៕




© រក្សាសិទ្ធិដោយ thmeythmey.com