ជាតិ
សេដ្ឋកិច្ច
លោក សុខ​អាន៖ ឧស្សាហកម្ម​ទេសចរណ៍​ខ្មែរ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​ជា «មាស​បៃតង»
14, Dec 2014 , 10:59 am        
រូបភាព
ដោយ: រួបរួម
លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ថ្លែង​នា​ពិធី​បើក​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​កាលពី​ថ្ងៃ​សៅរ៍​ថា វិស័យ​ទេសចរណ៍​ដែលជា​ឧ​ស្សហកម្ម​ដ៏​ក្មេង​ខ្លី បាន​ក្លាយជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​មួយ​ក្នុង​កំណើនសេដ្ឋកិច្ច​កម្ពុជា ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​ជា «មាស​បៃតង»។



នៅក្នុង​សន្ទរកថា​ដ៏​វែង​មួយ លោក សុខ អាន បាន​លើកឡើងថា ចំនួន​ភ្ញៀវទេសចរ​បាន​កើន​ពី១១៨ពាន់​នាក់​នៅ​ឆ្នាំ១៩៩៣ ទៅ​រហូត​ល់៤,២លាន​នាក់​ក្នុង​ឆ្នាំ២០១៣ ហើយ​ត្រូវបាន​ប៉ាន់​ស្មានថា នឹង​កើនឡើង​រហូតដល់​ប្រមាណ៧,៥លាន​នាក់​ត្រឹម​ឆ្នាំ២០២០ ។

ទាក់ទង​នឹង​ពិធីបុណ្យ​សមុទ្រ​ក្រោម​ប្រធានបទ «អេកូ​ទេសចរណ៍​តំបន់ឆ្នេរ៖ ការអភិវឌ្ឍ​បៃតង» នៅ​ឆ្នាំនេះ លោក​បាន​អះអាងថា ការយក​ខេត្តកោះកុង​ធ្វើជា​ម្ចាស់ផ្ទះ ពិតជា​សក្តិសម ពីព្រោះ​កោះកុង​គឺជា​ខេត្ត​មួយ​ក្នុងចំណោម​បណ្តា​ខេត្ត​ដ៏​ស្រស់ត្រកាល​នៅតាម​ឆ្នេរសមុទ្រ​កម្ពុជា ដែលជា​សមាជិក​នៃ​ក្លឹប «ឆ្នេរសមុទ្រ​ស្អាត​បំផុត​របស់​ពិភពលោក» និង​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ និង​បរិស្ថាន​ដ៏​ស្រស់ស្អាត។

លោក សុខ អាន បាន​គូសបញ្ជាក់ថា កំណើន​យ៉ាង​ឆាប់រហ័ស​បែបនេះ​អាច​សម្រេច​ឡើង​បាន​ដោយសារ​កត្តា​អំណោយផល​ជាច្រើន ក្នុងនោះ​រួមមាន​សន្តិភាព ស្ថិរភាព​នយោបាយ​និង​សន្ដិសុខ​នៅ​ពេញ​ផ្ទៃ​ប្រទេស ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​រយៈពេល ៥០០ឆ្នាំ​ចុងក្រោយ​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

យោងតាម​របាយការណ៍​កាលពី​ឆ្នាំ២០១៣ ការទទួលបាន​ភ្ញៀវទេសចរ​បរទេស​ចំនួន៤,២លាន​នាក់ បាន​នាំ​ឲ្យ​កម្ពុជា​ទទួលបាន​ប្រាក់ចំណូល​ជាង២ពាន់​លាន​ដុល្លារ ដោយបាន​រួមចំណែក​ប្រមាណ​ជា១៦ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ហើយ​បាន​បង្កើត​ការងារ​ជូន​ប្រជាជន​ដោយផ្ទាល់​ជាង ៥០០ពាន់ និង​ដោយ​ប្រយោល រាប់សិប​ពាន់​ផ្សេងទៀត។

ក្រៅពី​តំបន់​សៀមរាប-អង្គរ រមណី​ដ្ឋា​ន​ប្រាសាទព្រះវិហារ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​លើកឡើងថា កម្ពុជា​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ និង​បរិស្ថាន​ស្រស់បំព្រង​ជាច្រើន ដូចជា​ឆ្នេរសមុទ្រ​លំដាប់​ពិភពលោក កោះ​ទន្លេ បឹងបួរ ព្រៃឈើ និង​សត្វព្រៃ ជាពិសេស​សត្វ​ផ្សោត​ទន្លេមេគង្គ​ដ៏​កម្រ។

លោក​បាន​បន្ថែមថា ការរៀបចំ​ព្រឹត្តិការណ៍ផ្សេងៗ ដូចជា ព្រះរាជ​ពិធីបុណ្យ​អុំទូក អង្គរ-សង្ក្រាន្ត បុណ្យ​សមុទ្រ និង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ ជាដើម ក៏​ជា​ផ្នែក​ដែល​ជុំរុញ​ឲ្យ​មាន​កំណើន​ភ្ញៀវទេសចរ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com