អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​គំរាម​តបត​បើ​សហរដ្ឋអាមេរិក​ហ៊ាន​ដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ខ្លួន
14, Dec 2014 , 2:24 pm        
រូបភាព
អនុរដ្ឋមន្ត្រី​រុស្ស៊ី​លោក Sergei Ryabkov
អនុរដ្ឋមន្ត្រី​រុស្ស៊ី​លោក Sergei Ryabkov
ដោយ: ថ្មីៗ
រុស្ស៊ី​សម្តែ​ង​ការខឹង​សម្បារ​យ៉ាងខ្លាំង ព្រមទាំង​គំរាម​តបត​នឹង​សហរដ្ឋអាមេរិក ប្រសិនបើ អាមេរិក​ហ៊ាន ដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ខ្លួន។ ប្រតិកម្ម​តប​របស់​ក្រុង​ម៉ូស្គូ កើតមានឡើង​ក្រោយ​ពេល​ព្រឹទ្ធសភា​អាមេរិក បានសម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​មួយ​ដែល​បើ​ផ្លូវ​ដល់​រដ្ឋាភិបាល​អាមេរិក​ផ្តល់ជំនួយ​យោធា​ទៅ​អ៊ុយ​ក្រែ​ន​និង​ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​រុស្ស៊ី។



ស្តាប់សំឡេង


រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បានបង្ហាញ​ការខឹង​សម្បារ ហើយ​ព្រមាន​តបត​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ប្រសិន បើ​អាមេរិក​ហ៊ាន​ដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ខ្លួន​នោះ។ រុស្ស៊ី​បានបង្ហាញ​ក្តី​ខឹងសម្បារ​បែបនេះ​ក្រោយពេល ដែល​ព្រឹទ្ធសភា​អាមេរិក​បានសម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​មួយ​ត្រួសត្រាយ​ផ្លូវ​ដល់​រដ្ឋាភិបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា អាច​ផ្តល់ជំនួយ​យោធា​ដល់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ព្រមទាំង​អាចដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង រដ្ឋាភិបាល​រុស្ស៊ី​ថែម​ទៀតផង។

អនុរដ្ឋមន្ត្រី​រុស្ស៊ី​លោក Sergei Ryabkov បាន​ថ្លែងអោយដឹងថា រុស្ស៊ី​មិនអាច​ទុក អោយ​អាមេរិក ធ្វើ​អ្វី តាមចិត្ត​ដោយ​គ្មាន​ការឆ្លើយតប​វិញ​ឡើយ។ មន្ត្រី​រូបនេះ បាន​ថ្លែង​ដូច្នេះ​មុនពេល​ដែល​ភាគី​ទាំងពីរ​រុស្ស៊ី និង អាមេរិក​ជួបជុំគ្នា​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស។ នៅក្នុង​សេចក្តីព្រាងច្បាប់​ទើបត្រូវ​បានអនុម័ត​នោះ មានកំណត់​ពី​ការបើកផ្លូវ​ដល់​រដ្ឋាភិបាល​អាមេរិក​ក្នុងការ​បញ្ជូន​ជំនួយ​ទៅអោយ​ក្រុង​គៀវ ជា​សម្ភារៈ យោធា​ក្នុង​ទំហំ​ទឹកប្រាក់ ៣៥០លាន​ដុល្លារ​អាមេរិក ហើយ​បន្ថែម​ពី​នោះ​អាមេរិក​ក៏​ព្រមាន​រុស្ស៊ី​អោយ​បញ្ឈប់ សកម្មភាព​របស់ខ្លួន​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន បើ​មិន​ដូច្នោះ​ទេ​ខ្លួន​នឹងដាក់​បន្ថែម​ទណ្ឌកម្ម​ថ្មី​ទៀត ប្រឆាំងនឹង រុស្ស៊ី​ជាក់​ជាមិនខាន។ ចំណែក​រដ្ឋាភិបាល​ក្រុង​គៀវ​ក្រោយ​ពេលដែល​សភា​អាមេរិក​អនុម័ត​ច្បាប់​ថ្មី​ហើយ​នោះ រដ្ឋាភិបាល​នេះ​បានបង្ហាញ​ក្តី​សាទរ​ខ្លាំង ហើយ​ប្រកាស​ស្វាគមន៍​ជំនួយ​យោធា​ក្រុង​វ៉ាស៊ីនតោន​ថែមទៀត​ផង។

យ៉ាងណាក៏ដោយ​ការអនុម័ត​ច្បាប់​ថ្មី​របស់​សហរដ្ឋអាមេរិក ដើម្បី​ផ្តល់ជំនួយ​យោធា​ដល់​ផ្ទាល់​ទៅ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន នឹង​ជំរុញ​អោយ​ការប្រឈមមុខគ្នា​កាន់តែខ្លាំង មិន​ត្រឹមតែ​ប៉ុណ្ណោះ​សង្គ្រាម​មហាអំណាច​ទាំងពីរ​នៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន អាច​នឹង​ផុស​រូបរាង​ឡើង​មិន​ខាន។ ក្រៅពី​លើកឡើង​ពី​ការឆ្លើយតប​របស់​រដ្ឋា​ភិ​បាល​រុស្ស៊ី​ចំពោះ​ចំណាត់ការ​ក្រុង​វ៉ាស៊ីនតោន អនុរដ្ឋមន្ត្រី​រុស្ស៊ី​ខាងលើ​បាន​បន្ថែមថា ទង្វើ​របស់​ក្រុង​វ៉ាស៊ីនតោន​កន្លងមកនេះ​គ្មានអ្វី​ក្រៅពី​បង្ករឿង និង​ប្រឆាំង​រុស្ស៊ី​ឡើយ។

មកទល់ពេលនេះ​ទណ្ឌកម្ម​របស់លោក​ខាងលិច សហភាព​អឺរ៉ុប និង​អាមេរិក កំពុង​ធ្វើអោយ​សេដ្ឋកិច្ច​រុស្ស៊ី​ប្រឈមមុខ​ជាមួយ​បញ្ហា​មួយចំនួន ហើយ​តម្លៃ​លុយ​រុស្ស៊ី​ធ្លាក់ចុះ ព្រមជាមួយ​ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ពិភពលោក​ផង​នោះ។ ដោយឡែក​នៅ​ថ្ងៃអាទិត្យ​នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក ច​ន ឃឺ​រី និង​សម​ភាគី​លោក Sergei Lavrov ជួយ​ពិភាក្សាគ្នា​ក្នុង​កិច្ចប្រជុំ​លើក​ទី១។ ប៉ុន្តែ​ប្រមុខ​ការទូត​នៃ​ប្រទេស​ទាំងពីរ​នឹងមិន​ផ្តោតលើ​បញ្ហា​អ៊ុយ​ក្រែ​ន​នោះឡើយ ប៉ុន្តែ​ពួក​នឹង​ផ្តោតលើ​បញ្ហា​នានា​នៅ​មជ្ឈិមបូព៌ា។

ចំណែក​បញ្ហា​អនុវត្តន៍​កិច្ចព្រមព្រៀង​រវាង​កង​ម្លាំ​ង​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ី និង​កងកម្លាំង​អ៊ុយ​ក្រែ​ន​វិញ​នោះ កាលពី​ម្សិ​ល​មិញ មានការ​វាយប្រហារ​គ្នា​ជាថ្មី​កើតមានឡើង​ទៀត ប៉ុន្តែ​មិនមាន​អ្នករងគ្រោះថ្នាក់​ឡើយ។ នេះ​បញ្ជាក់ថា​កិច្ចព្រមព្រៀង​សន្តិភាព​ថ្មី​រវាង​ភាគី​ទាំងពីរ​ហាក់បីដូចជា​ផុយស្រួយ​ខ្លាំង​មែនទែន ហើយ​ការប្រយុទ្ធ​គ្នា​ទ្រង់ទ្រាយ​ធំ​អាច​នឹង​កើតមានឡើង​គ្រប់ពេលវេលា៕




© រក្សាសិទ្ធិដោយ thmeythmey.com