ជាតិ
សេដ្ឋកិច្ច
ពិព័រណ៍​ផលិតផល​នាំចេញ-នាំចូលនិង​ខេត្ត១ផលិតផល១ ចាប់ផ្តើម​នៅ​ថ្ងៃស្អែក
14, Dec 2014 , 3:52 pm        
រូបភាព
ពិព័រណ៍​ផលិតផល​នាំចេញ-នាំចូល និង​ខេត្ត១ ផលិតផល១កម្ពុជា​លើក​ទី៩កម្រិត​អន្តរជាតិ នឹងត្រូវ​រៀបចំឡើង រយៈពេល៤ថ្ងៃ ចាប់ពី​ថ្ងៃទី១៥-១៨ខែធ្នូ​ឆ្នាំ២០១៤ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និសីទ​កោះ​ពេជ្រ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម។



បើតាម​សេចក្តីប្រកាស​ព័ត៌មាន ពិព័រណ៍​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ជំរុញ សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​បង្កើន​សកម្ម​ភាព​នាំចេញ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា។ លើសពីនេះទៅទៀត ពិព័រណ៍​នឹង​ផ្តល់ឱកាស ដើម្បី​ជំរុញ​ឲ្យ​បរិយាកាស​ពាណិជ្ជកម្ម​ក្នុងស្រុក​មាន​សន្ទុះ​ឡើង និង​ដើម្បី​បង្កើត​ការតភ្ជាប់​ពាណិជ្ជកម្ម​ក្នុងស្រុក​រវាង​រាជធានី-ខេត្ត ទូទាំងប្រទេស និង​រវាង​កម្ពុជា និង​ពាណិជ្ជករ​បរទេស។

ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​នេះ ក៏​នឹង​រៀបចំឡើង​អម​ជាមួយនឹង​ព្រឹត្តិការណ៍សំខាន់ៗជាច្រើន​ទៀត​ដូចជា៖ វេទិកា​ស្តីពី​វិនិយោគ និង​ធុរៈកិច្ច សិក្ខាសាលា​ស្តីពី​ការជំរុញ​សកម្មភាព​ពាណិជ្ជកម្ម ជំនួប​ពាណិជ្ជកម្ម និង​កម្មវិធី​ចុះហត្ថលេខា លើ​កិច្ចសន្យា​ពាណិជ្ជកម្ម និង​វិនិយោគ​ជាដើម។ ពីនេះ​ក្រសួង​ក៏​នឹង​មានការ​ដាក់តាំង​បង្ហាញ​ផលិតផល​ស្រូវ- អង្ករ និង​រៀបចំ​កម្មវិធី​ជំនួប​ពាណិជ្ជកម្ម​សម្រាប់​អ្នក​នាំចេញ​អង្ករ​កម្ពុជា​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com