អន្តរជាតិ
អាមេរិក​អោយ​ប្រជាជន​ខ្លួន​នៅ​ឆ្ងាយ​ពី​ទីតាំង​ចាប់​ចំណាប់ខ្មាំង​អូ​ស្ត្រា​លី
15, Dec 2014 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
ក្រោយ​ពេលដែល​ករណី​ចាប់​ចំណាប់ខ្មាំង​កើតមានឡើង​នៅ​ទី​តាំងហាង​កាហ្វេ​មួយ ឈ្មោះ​Martin Place នៅក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​ចន្ទ​នេះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​អំពាវនាវ​អោយ​ប្រជាជន​ខ្លួន​ចាកចេញ​អោយ​ឆ្ងាយ​ពី​ទីកន្លែង​កើតហេតុ។ មកទល់ពេលនេះ ប៉ូលីស​និង​កងកម្លាំង​ពិសេស​ជាច្រើន​នាក់​កំពុង​ហ៊ុំព័ទ្ធ​កន្លែងកើតហេតុ ខណពេលដែល​ចំណាប់ខ្មាំង​ប្រមាណ​ជិត៤០នាក់​ស្ថិតក្នុង​កណ្តាប់ដៃ​ខ្មាន់កាំភ្លើង។


រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានប្រកាស​អំពាវនាវ​អោយ​ប្រជាជន​ខ្លួន​ដែល​កំពុង​ស្ថិតនៅក្នុង​ទឹកដី​អូស្ត្រាលី អោយ​ចាកចេញ​អោយ​ឆ្ងាយ​ពី​ទីតាំង​ករណី​ចាប់​ចំណាប់ខ្មាំង​កើតឡើង​នា​ហាង​កាហ្វេ Martin Place នៅក្នុង​ទីក្រុង​ស៊ីដនី​ដែល​កំពុងស្ថិត​ក្រោម​ការ​ហ៊ុំព័ទ្ធ​របស់​កងកម្លាំង​អូស្ត្រាលី។ ព័ត៌មាន​បន្ទាន់​នេះ ត្រូវបាន​ជូនដំណឹង​ដោយ​ស្ថាន​កុងស៊ុល​អាមេរិក​ប្រចាំ​នៅក្នុង​ទីក្រុង​ស៊ីដនី ហើយ​ស្ថាន​កុងស៊ុល​អាមេរិក​នេះ បាន​ជំរុញ​អោយ​ប្រជាជន​អាមេរិក​ទាំង​មេត្តា​ប្រុងប្រយ័ត្ន ត្រៀមលក្ខណៈ​អោយបាន​គ្រប់គ្រាន់​សម្រាប់​ការស្វែងរក​ជំនួយ និង​តាមដាន​ព័ត៌មាន​នានា​អោយបាន​ដិតដល់​ផង។

ចំណែក​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ឯណោះ​វិញ​ក៏​កំពុង​តាមដាន​ករណី​ចាប់​ជា​ចំណាប់ខ្មាំង​នៅ​អូស្ត្រាលី​នេះ​ផងដែរ ហើយ​ទីប្រឹក្សា​ជាន់ខ្ពស់​ប្រឆាំង​ភេរវកម្ម​លោក Lisa Monaco ជា​អ្នកទទួលបន្ទុក​សង្ខេប​ព័ត៌មាន​ជុំវិញ​ការចាប់​ចំណាប់ខ្មាំង​នេះ។ យ៉ាងណាក៏ដោយ​ការជូន​ដឹង​អោយ​ប្រជាជន​ខ្លួន​ប្រុងប្រយ័ត្ន​នេះ ជា​វិធានការ​មួយ​ការពារ​កុំអោយ​គ្រោះថ្នាក់​ណាមួយ​កើតមានឡើង ដ្បិដ​អាមេរិក​ជា​មុខសញ្ញា​ចម្បង​របស់​ក្រុម​ភេរវជន​ឥស្លាម។

ទាក់ទិន​នឹង​ករណី​នេះដែរ ជាបឋម​គេ​សន្និដ្ឋានថា វា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ព្រោះ​ទង់ជាតិ​ពណ៌​ខ្មៅ​មាន​អក្សរ​អារ៉ាប់​នៅលើ​នោះ (ទង់​ជី​ហាត) ត្រូវបាន​គេ​លើកឡើង​នៅក្នុង​ហាង​កាហ្វេ​ក្រោយ​មាន​ករណី​ចាប់ខ្លួន​ជា​ចំណាប់ខ្មាំង​នេះ។ បើតាម​ការ​អោយដឹងពី​សំណាក់​អាជ្ញាធរ​អូស្ត្រាលី ក្រោយ​មានការ​ឧបទ្ទវ​ហេតុនេះ​កើតឡើង មន្ត្រី​ប៉ូលីស​បាន​ជម្លៀស​ប្រជាជន​ចេញ​អស់ពី Opera House ហើយ​ពេលនេះ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ផងដែរ ប៉ុន្តែ​ជន​នោះ​ដូចជា​មិនមាន​ពាក់ព័ន្ធ​ដោយផ្ទាល់​នឹង​ការចាប់​ចំណាប់ខ្មាំង​នោះឡើយ។ យ៉ាងណាក៏ដោយ​គេ​រង់​ចាំមើល​ព័ត៌មាន​បន្ថែមទៀត​ស្តីពី​ចំនួន​ជន​ស៊ីវិល​ដែល​ស្ថិតក្រោម​ការចាប់ខ្លួន ហើយ​គេ​មិនដឹងថា ក្រុម​ខ្មាន់កាំភ្លើង​នេះ​ចង់បាន​អ្វី​អោយ​ប្រាកដ​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com