អន្តរជាតិ
៦ម៉ោង​ក្រោយ​ការចាប់​ចំណាប់ខ្មាំង គ្មាន​ការទាក់ទង​ពី​ក្រុម​ខ្មាន់កាំភ្លើង​ឡើយ
15, Dec 2014 , 12:11 pm        
រូបភាព
ដោយ: ថ្មីៗ
មកទល់​ថ្មើរនេះ ការចាប់​ចំណាប់ខ្មាំង​នៅ​ហាង​កាហ្វេ​អូស្ត្រាលី​មាន​រយៈពេល៦ម៉ោង​រួចទៅហើយ ប៉ុន្តែ​មន្ត្រី​ប៉ូ​លី​បានប្រកាសថា ខ្លួន​មិនទាន់​ទទួលបាន​ទទួល​ការទាក់ទង​ណាមួយ​ពី​ក្រុម​ខ្មាន់កាំភ្លើង​ឡើយ។ គេ​មិនដឹងថា​ក្រុម​ប្រដាប់អាវុធ​នេះ ចង់បាន​អ្វី​អោយ​ប្រាកដ​ឡើយ ប៉ុន្តែ​មន្ត្រី​ប្រចាំ​តំបន់ New South Wales បានប្រកាសថា កង​ម្លាំ​ង​អូស្ត្រាលី​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​រំដោះ​ចំណាប់ខ្មាំង​ដោយ​សន្តិភាព។


កងកម្លាំងប្រដាប់អាវុធ​អូស្ត្រាលី​នៅ​បន្ត​ប្រតិបត្តិការ​របស់ខ្លួន​យ៉ាង​សស្រាក់សស្រាំ​ជាទីបំផុត​ដើម្បី​ត្រៀម​រំដោះ​ចំណាប់ខ្មាំង ប៉ុន្តែ​មកទល់ពេលនេះ​អាជ្ញាធរ​អូស្ត្រាលី​នៅ​មិនទាន់​បានទទួល​ការទាក់ទង​ពី​ក្រុម​ប្រដាប់អាវុធ​នៅឡើយ​ទេ។ គេ​មិនដឹងថា ក្រុម​ប្រដាប់អាវុធ​ទាំងអស់នោះ​មាន​ចេតនា ឬ​គោលបំណង​ណាមួយ​អោយ​ប្រាកដ​ឡើយ ហើយ​ការបារម្ភ​ពី​សុវត្ថិភាព​របស់​ចំណាប់ខ្មាំង​កំពុងតែ​កើនឡើង​ថែមទៀត​ផង។

ដោយឡែក​ស្នងការ​ប៉ូលីស New South Wales លោក Andrew Scipione បានប្រកាស​អោយដឹងថា លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រតិបត្តិ​ការរំដោះ​ចំណាប់ខ្មាំង​អាចនឹងទទួល​បាន​ជោគជ័យ​និង​ដោយ​សន្តិវិធី​មិនមាន​គ្រោះថ្នាក់​អ្វីមួយ​កើតឡើង។ លោក បាន​សង្កត់ធ្ងន់ថា អាជ្ញាធរ​នឹង​ព្យាយាម​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​បញ្ចប់​វិបត្តិ​នៃ​ការចាប់​ជា​ចំណាប់​នេះ​ដោយ​សន្តិវិធី ហើយ​លោក​បាន​បង្ហើប​ថា រដ្ឋាភិបាល​អូស្ត្រាលី​មិន​ព្យាយាម​ទាក់ទង​ដោយផ្ទាល់​ទៅ​ក្រុម​ប្រដាប់អាវុធ​ឡើយ ប៉ុន្តែ​គេ​តាមដាន​មើល​និង​ស្វែងរក​មូលហេតុ​ដែល​នៃ​ពីក្រោយ​សកម្មភាព​ចាប់​ចំណាប់ខ្មាំង​នេះ។

លោកស្នងការ​ប៉ូលីស​ខាងលើ​នៅតែ​បញ្ជាក់​ជាថ្មី​ថា មកទល់ពេលនេះ​ខាង​អាជ្ញាធរ​មិនទាន់​បានដឹង​ពី​ចំនួន​ពិតប្រាកដ​នៃ​ចំណាប់ខ្មាំង​ដែល​ស្ថិតក្រោម​កណ្តាប់ដៃ​ក្រុម​ខ្មាន់កាំភ្លើង​នៅឡើយ​ទេ បើទោះជា​សារព័ត៌មាន​មួយចំនួន​អះអាងថា មាន​រហូតដល់៥០នាក់​ផង​ក៏ដោយ។ដោយឡែក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក តូ​នី អា​បូត បាន​ថ្លែង​សុន្ទរកថា​ផងដែរ​ជុំវិញ​វិបត្តិ​ចាប់​ចំណាប់ខ្មាំង​នៅ​កណ្តាល​ទីប្រជុំជន​នាទី​ក្រុង​ស៊ីដនី​នេះ ដោយ​លោក​បញ្ជាក់ថា សកម្មភាព​ទាំង​អស់វា​ជាស​កម្ម​ភា​ហិង្សា​ជំរុញ​ដោយ​ផ្នែក​នយោបាយ​តែប៉ុណ្ណោះ។

លោក​បាន​បន្ថែមថា សកម្មភាព​នេះ​បង្កើតឡើង​ដើម្បី​បន្លាច​ប្រជាជន​អូ​ស្តា​លី​តែប៉ុណ្ណោះ ហើយ​លោក​អំពាវនាវ​អោយ​ប្រជាជន​អូស្ត្រាលី​ទាំង​ឈប់​ភ័យ​ខ្លាំង​និង​ត្រលប់​ប្រកប​របរ​រកស៊ី​ជាធម្មតា​វិញ។ លោក អា​បូត រំលឹក​ផងដែរ​ថា អូស្ត្រាលី ជា​សង្គម​មួយ​ពោរពេញ​ដោយ​សន្តិភាព បើកចំហរ និង​មាន​សណ្តាន​ចិត្តល្អ ដូច្នេះ​គ្មានអ្វី​ដែល​អាច​ផ្លាស់ប្តូរ​ជំហរ​អូស្ត្រាលី​បានឡើយ។ យ៉ាងណាក៏ដោយ​ក្រោយ​មាន​ការចាប់​ចំណាប់ខ្មាំង​កើតឡើង សារព័ត៌មាន​ក្នុងស្រុក​បាន​អះអាងថា​ខ្មាន់កាំភ្លើង​ទាមទារ​និយាយ​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ហើយ​ខ្មាន់​កាំ​ភ្លង​មាន​គ្នា​មិនតិច​ជា​ពីរ​នាក់​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com