ជាតិ
នយោបាយជាតិ
អគ្គរដ្ឋទូតអាមេរិក៖ លោក ចាន់ សុវ៉េត បានបន្សល់មោទនភាពដល់គ្រួសារ និងប្រទេសជាតិ រូបថត៖ Jonh Vink
× នៅថ្ងៃចន្ទទី១៥នេះ គឺជាថ្ងៃបុណ្យគោរពខួប៧ថ្ងៃនៃមរណភាពរបស់លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតសិទ្ធិមនុស្សដ៏ល្បីរបស់កម្ពុជា។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លាម អ៊ី ថត់ (William E. Todd) បានសរសេរអត្ថបទនៅលើទំព័រប្លុករបស់លោក ដោយលើកឡើងនូវគំរូវីរភាពរបស់លោក ចាន់ សុវ៉េត ដែលលោកអះអាងថា បានធ្វើឲ្យមានការប្រែប្រួលជាវិជ្ជមាននៅក្នុងវិស័យគោរពសិទ្ធិមនុស្សនៅកម្ពុជា។
ចំពោះលោកឯកអគ្គរដ្ឋទូតអាមេរិក លោក ចាន់ សុវ៉េត បានជួយប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់ដែលបានរងគ្រោះដោយការរំលោភសិទ្ធិ ជាពិសេសការរំលោភដីធ្លី។ តាមរយៈស្នាដៃរបស់លោក ចាន់ សុវ៉េត លោកអគ្គរដ្ឋទូត វីល្លាម ថត់ បានវាយតម្លៃដោយលើកសរសើរលោក សុវ៉េតថា មនុស្សម្នាក់ក៏អាចធ្វើឲ្យមានការប្រែប្រួលជាវិជ្ជមានបានដែរ។
លោក វីល្លាម ថត់ បានសរសេរយ៉ាងដូច្នេះថា៖«លោកសាវ៉េតបានធ្វើការនៅតាមតំបន់ជនបទដាច់ស្រយ៉ាលបំផុតខ្លះ ក្នុងប្រទេសកម្ពុជា។ គាត់តែងតែចាត់ទុកសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា ថាសំខាន់ជាងភាពសុខស្រួល និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក។ សំរាប់ខ្ញុំ រឿងរបស់លោកសាវ៉េតបង្ហាញអោយឃើញថា មនុស្សម្នាក់ពិតជាអាចនាំមកនូវការប្រែប្រួលវិជ្ជមាន តាមរយៈការខិតខំធ្វើការភាពមោះមុត និងទឹកចិត្តប្តូរផ្តាច់»។ លោកឯកអគ្គរដ្ឋទូតបន្តថា៖«ថ្វីបើលោកលែងនៅជាមួយយើងក្តី តែការសង្ឃឹមរបស់ខ្ញុំគឺថា ជីវិតរបស់លោកនឹងជួយបំផុសទឹកចិត្តដល់អ្នកការពារសិទ្ធិមនុស្សនា ពេលបច្ចុប្បន្ន និងនៅពេលអនាគត ទាំងនៅប្រទេសកម្ពុជា ទាំងនៅទូទាំងសាកលលោក។ សំរាប់ខ្ញុំ លោកពិតជាអ្នកជំរុញទឹកចិត្តដ៏ល្អមែន។ យើងនឹកអាល័យដល់លោក»។
លោក ចាន់ សុវេត បានទទួលមរណភាពនៅរសៀលថ្ងៃទី១០ធ្នូ ដោយគាំងបេះដូង តែប៉ុន្មានម៉ោងក្រោយពីលោកត្រឡប់មកពីសង្កេតការណ៍ពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com