អន្តរជាតិ
អូស្ត្រាលី៖ ចំណាប់ខ្មាំង២នាក់​ទៀត​រួចខ្លួន​ខណៈ​ប៉ូលីស​កំពុង​ចរចា​ជាមួយ​ខ្មាន់កាំភ្លើង
15, Dec 2014 , 1:23 pm        
រូបភាព
ដោយ: ថ្មីៗ
ចំណាប់ខ្មាំង​ប្រមាណ​ពីរ​នាក់​ផ្សេងទៀត​បាន​រត់​រួចខ្លួន​ចេញពី​កណ្តាប់ដៃ​ក្រុម​ប្រដាប់អាវុធ​នៅក្នុង​ហាង​កាហ្វេ Martin Place នាទី​ក្រុង​ស៊ីដនី។ មកទល់ពេលនេះ​ចំណាត់​ខ្មាំង​ដែល​បាន​រត់​រួចខ្លួន​មាន​សរុប​ចំនួន​ ០៥នាក់​ហើយ។


សាក្សី និង​មន្ត្រី​ប៉ូលីស​នៅក្បែរ​កន្លែងកើតហេតុ​បានអោយដឹងថា គេ​សង្កេតឃើញ​ចំណាប់ខ្មាំង​ប្រមាណ២នាក់​ផ្សេងទៀត​បាន​រំដោះខ្លួន​ចេញពី​ផុត​កណ្តាប់ដៃ​ក្រុម​ប្រដាប់អាវុធ​ដែល​កំពុង​ចាប់​ចំណាប់ខ្មាំង​មិន​ក្រោម១៣នាក់​ក្នុង​ហាង​កាហ្វេ Martin Place នាទី​ក្រុង​ស៊ីដនី។ មកទល់ពេលនេះ​ចំនួន​ចំណាប់ខ្មាំង​ដែល​រត់គេចខ្លួន​បាន​ជោគជ័យ​នោះ​មាន​ចំនួន ០៥នាក់​ហើយ។

ប្រហែល​មួយ​ម៉ោង​មុន​នឹងមាន​ចំណាប់ខ្មាំង​ពីរ​នាក់​រត់​ផ្សេងទៀត​ចេញពី​ហាង​កាហ្វេ​នោះ គេ​ឃើញ​មាន​មនុស្ស​ពីរ​នាក់​បាន​រត់ចេញ​តាម​ទ្វារ​ខាងមុខ​ហាង​កាហ្វេ ខណៈពេលដែល​បុរស​ម្នាក់ទៀត​បាន​រត់​ច​ញ​តាម​ច្រកទ្វារ​ចំហៀង​ដែល​ហ៊ុំព័ទ្ធ​ដោយ​ប៉ូលីស​ដែល​កំពុងកាន់​អាវុធ​ច្រោង​ច្រាង​ថែម​ទៀតផង។ យ៉ាងណាក៏ដោយ ស្នងការ​ប៉ូលីស​តំបន់ New South Wales បានប្រកាស​បន្ត​ប្រតិបត្តិការ​ដោយ​បញ្ចប់​អោយបាន​នូវ​ការរំដោះ​ចំណាប់ខ្មាំង​ដោយ​សន្តិភាព ហើយ​លោក​សន្យាថា​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​អាចធ្វើ​ទៅបាន។ មកទល់ពេលនេះ​ខាង​អាជ្ញាធរ​អះអាងថា​ខ្លួន​បាន និង​កំពុង​ចរចា​ជាមួយ​ខ្មាន់កាំភ្លើង​ដែល​កំពុង​ចាប់​ជន​ស៊ីវិល​ជា​ចំណាប់ខ្មាំង ។

ប៉ុន្តែ​ព័ត៌មាន​លម្អិត​ផ្សេងទៀត​នោះគេ​មិនទាន់​បានដឹង​ច្បាស់​នៅឡើយ​ទេ។ ដោយឡែក ទាក់ទិន​នឹង​ចំនួន​ចំណាប់ខ្មាំង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Lindt បាន​អះអាងថា ក្នុងចំណោម​ចំណាប់ខ្មាំង​ទាំងអស់​មាន​បុគ្គលិក​ប្រមាណ ១០រូប និង អតិថិជន​រហូតដល់៣០នាក់​ឯណោះ។ ការអះអាង​នេះ​កើតឡើង​ស្រប​ពេលដែល​ប៉ូលីស​បញ្ជាក់ថា ចំនួន​ចំណាប់ខ្មាំង​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com