អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បារាំង-អាល្លឺម៉ង់​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ជុំវិញ​វិបត្តិ​ភាគ​ខាងកើត
15, Dec 2014 , 3:18 pm        
រូបភាព

ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ និង​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel  បាន​ជួប​ពិ ភា​ក្សា​ជាមួយ​មេដឹកនាំ​អ៊ុយ​ក្រែ​ន​លោក Petro Poroshenkoស្តីពី​បញ្ហា​វិបត្តិ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ។ ការពិភាក្សាគ្នា​កើតមានឡើង​ស្រប​ពេលដែល​ប្រមុខ​ការទូត​អាមេរិក ជួបពិភាក្សា​គ្នា​ជាមួយ​ប្រមុខ​ការទូត​រុស្ស៊ី ក្រោយ​ការប្រឈមមុខគ្នា​រវាង​អាមេរិក​និង​រុស្ស៊ី​កើតឡើង​ខ្លាំង។


ខន​ចំប៉ា​រាយការណ៍



ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់ និង​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក PetroPoroshenkoកាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដោយ​ផ្តោតលើ​បញ្ហា​វិបត្តិ​រាំ​រ៉ៃ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន។ ការពិភាក្សាគ្នា​កាលពី​ម្សិលមិញ​នេះ​គឺ​ផ្តោតលើ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព រវាង​ទាហាន​អ៊ុយ​ក្រែ​ន និង​កងកម្លាំង​ឧទ្ទាម​ការផ្លាស់ប្តូរ​អ្នកទោស និង​ការបង្កើត​កិច្ចសន្ទនា​ថ្មី​ទៀត​រវាង​មេដឹកនាំ​ក្រុម​ឧទ្ទាម​និង​រដ្ឋាភិបាល​ក្រុង​គៀវ​ផងដែរ។

ការពិភាក្សាគ្នា​រវាង​មេដឹកនាំ​សហភាព​អឺរ៉ុប និង​អ៊ុយ​ក្រែ​ន​កើតមានឡើង​ស្រប​ពេលដែល​សហរដ្ឋអាមេរិក និង​រុស្ស៊ី​កាន់តែ​ប្រឈមមុខគ្នា​ខាង​ផ្នែក​ការទូត ដោយសារ​អាមេរិក​អនុម័ត​ច្បាប់​ផ្តល់ជំនួយ​យោធា​រាប់លាន ដុល្លារ​ទៅអោយ​អ៊ុយ​ក្រែ​ន និង​ព្រមាន​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​ប្រឆាំង​រុស្ស៊ី។ រុស្ស៊ី​ដែល​កំពុង​រងគ្រោះ​ដោយសារ​ទណ្ឌកម្មសេដ្ឋកិច្ច​ស្រាប់​នោះ បានប្រកាស​កាលពី​ម្សិលមិញ​ផងដែរ​ថា ខ្លួន​មិនអាច​ឈរ​មើល​អាមេរិក​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​បែបនេះ​ឡើយ។ ប្រសិនបើ​អាមេរិក​ហ៊ាន​ដាក់ទណ្ឌកម្ម​ខ្លួន​ថែមទៀត​នោះ រុស្ស៊ី​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី វ្លា​ឌី​មៀ ពូ​ទីន នឹង​តបត​ជាក់​ជាមិនខាន​ឡើយ។

យ៉ាងណាក៏ដោយ​ការពិភាក្សាគ្នា​រវាង​លោក ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់ លោកស្រី Angela Merkel ជាមួយ​លោក​ប្រធាន​ធិបតី Petro Poroshenkoជាការ​ស្វែងរក​ដំណោះស្រាយ​មួយ​ឆ្លើយតប​នឹង​វិបត្តិ​ដ៏​រាំ​រ៉ៃ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ដ្បិដ​បើ​មាន​បទ​ឈប់​បាញ់​ថ្មី​ថ្ងៃ ៩ធ្នូ ក៏​ពិតមែនតែ​ការប្រយុទ្ធ​គ្នា​នៅ​បន្ត​នៅឡើយ។ លោកស្រី Merkel និង​លោក ហូ​ឡង់​បាន​អំពាវនាវ​ជាថ្មី​ដល់​រដ្ឋាភិបាល​រុស្ស៊ី​ជាពិសេស​លោក ពូ​ទីន អោយប្រើ​ប្រាស់​អំណាច និង​រាល់​វិធានការ​ចាំបាច់​នានា​ដើម្បី​បញ្ចប់​ការប្រឈមមុខ​ដាក់គ្នា និង​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​នេះ​ផងដែរ។

នេះ​មានន័យថា មេដឹកនាំ​សហភាព​អឺរ៉ុប​នេះ ក៏​រំពឹង​រងចាំ​មើល​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ផងដែរ ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន។ ក្រៅពី​ដ​ង្ហើ​យ​ហៅរក​ជំនួយ​ពី​លោក ពូ​ទីន មេដឹកនាំ​ទាំងពីរ​នាក់​បានប្រកាស​ស្នើ​សុំអោយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Petro Poroshenkoចាប់ផ្តើម​ធ្វើកំណែទម្រង់​អោយបាន​ស៊ីជម្រៅ ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​អោយបាន​ឆាប់រហ័ស​ផងដែរ។

យ៉ាងណាក៏ដោយ កាលពី​ម្សិលមិញ​នេះ មេទាហាន​អ៊ុយ​ក្រែ​ន​បាន​អះអាងថា មានការ​វាយប្រហារ​កើតឡើង​ប្រមាណ ១៤ដង ប៉ុន្តែ​ពុំមាន​ទាហាន​ឬ​ជន​ស៊ីវិល​ណា​ម្នាក់​ស្លាប់បាត់​បង់ជីវិត​នោះឡើយ។ គួរបញ្ជាក់​បន្តិច​ថា ជម្លោះ​ប្រដាប់អាវុធ​ប្រមាណ ៨ខែ​កន្លងមកនេះ បានសម្លាប់​ប្រជាជន​ស៊ីវិល​ប្រមាណ​ជិត៥ពាន់​នាក់ និង​ធ្វើអោយ​មនុស្ស​ប្រមាណ​ជាង១លាន​នាក់​ផ្សេងទៀត​បាត់បង់​ជម្រក​និង​រត់​ភៀសខ្លួន​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com