អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉ូលីស​ហុងកុង​បោសសម្អាត​ទីតាំង​បាតុកម្ម​ចុងក្រោយ
15, Dec 2014 , 4:17 pm        
រូបភាព

ប៉ូលីស​ក្រុង​ហុងកុង​បានចាប់ផ្តើម​បោសសម្អាត​ទីតាំង​បាតុកម្ម​ក្រុមបាតុករ​ប្រជាធិបតេយ្យ​ដែល​នៅ​សេសសល់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ការ​បោសសម្អាត​ទីតាំង​បាតុកម្ម​ចុងក្រោយ​ជាថ្មីទៀត​ដោយ​សមត្ថកិច្ច​ហុងកុង​នេះ​កើតឡើង​ក្រោយពេល​ក្រោយ​ទីតាំង​បាតុកម្ម​សំខាន់​ជាងគេ​ត្រូវបាន​ប៉ូលីស​បោសសម្អាត​តាំងពី​សប្តាហ៍​មុន​ដែល​នេះ​បង្ហាញថា​ក្រុមបាតុករ​លែងមាន​លទ្ធភាព​បាតុកម្ម​តវ៉ា​ទៀតហើយ។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



ប៉ូលីស​នៃ​ទឹកដី​ពាក់កណ្តាល​ស្វយ័ត​ហុងកុង​បានចាប់ផ្តើម​បោសសម្អាត​ទីតាំង​បាតុកម្ម​គាំទ្រ​ប្រជាធិបតេយ្យ​ដែល​នៅ​សេសសល់​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។រយៈពេល​ប្រមាណ២ខែក្រោយ​ចលនា​បាតុកម្មអហិង្សា​នៅ​ទឹកដី​អតីត​អាណានិគម​អង់គ្លេស​បានចាប់ផ្តើម​ឡើង​ដើម្បី​ដាក់​សម្ពាធ​លើ​អាជ្ញាធរ​តំបន់​ប៉ុន្តែ​នៅ​ថ្ងៃ​ចន្ទ​នេះ​មេដឹកនាំ​បាតុកម្ម​បាន​អង្គុយ​និង​បដិសេធ​ចាកចេញ​ពី​ទីតាំង​ស្រប​ពេលដែល​គេ​ឃើញ​ប៉ូលីស​ព្យាយាម​រុះរើ​របង​និង​ដោះ​ស្លាក​ពាក្យស្លោក​ចេញពី​ទីតាំង​បាតុកម្ម​នោះ។ក្រុម​មេដឹកនាំ​បាតុករ​ហាក់បី​ដូចជា​អស់សង្ឃឹម​ដោយ​អង្គុយ​មើល​សមត្ថកិច្ច​រុះរើ​ទីតាំង​បាតុកម្ម​ចុងក្រោយ​របស់​ខ្លួន​នៅ​តំបន់​ពាណិជ្ជកម្ម Causeway Bay។

ការ​ឈានទៅ​បោសសម្អាត​ទីតាំង​បាតុកម្ម​ចុងក្រោយ​របស់​សមត្ថកិច្ច​ហុងកុង​នេះ​កើតមានឡើង​ក្រោយ​ពេលដែល​ទីតាំង​បាតុកម្ម​ធំ​និង​សំខាន់​ជាងគេ​ត្រូវបាន​ប៉ូលីស​បោសសម្អាត​ទាំងអស់​កាលពី​សប្តាហ៍​មុន។មុននឹង​មានការ​បោសសម្អាត​ខាង​សមត្ថកិច្ច​បានប្រកាស​ផ្តល់ដំណឹង​និង​ព្រមាន​ក្រុមបាតុករ​ប្រមាណ៣០នាទី​មុនពេល​ពួកគេ​ចុះ​ប្រតិបត្តិការ។យ៉ាងណាក៏ដោយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុននេះ​អាជ្ញាធរ​ក៏បាន​ចុះ​រុះរើ​ទីតាំងសំខាន់ៗដែលជា​បេះដូង​នៃ​តំបន់​ពាណិជ្ជកម្ម​ហុងកុង​ហើយ​ស្របពេល​ជាមួយគ្នា​នោះគេ​ឃើញ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​បាតុករ​ប្រមាណ២០០នាក់​ផងដែរ។

ចំណែក​ការរុះរើ​ទីតាំង​បាតុកម្ម​ចុងក្រោយ​នេះ​គេ​ក៏​សង្កេតឃើញ​មេដឹកនាំ​បាតុករ​ជា​សមាជិក​សហព័ន្ធ​និស្សិត​ដែល​សកម្ម​ជាងគេ​បាន​ដឹកនាំ​បាត​ករ​ប្រមាណ៥នាក់​ចេញមុខ​ប្រឆាំងនឹង​ការរុះរើ​នេះហើយ​ពួកគេ​អះអាងថា​ពួក​គ​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បីអោយ​ប៉ូលីស​ចាប់ខ្លួន។ហើយ​ស្របពេល​ជាមួយគ្នា​នោះដែរ​បុរស​ចំណាស់​ម្នាក់​មាន​វ័យ៩០ឆ្នាំ​ដែល​អង្គុយ​លើ​រទេះរុញ​មិនអាច​ដើរ​បាន​នោះ​ក៏បាន​ចេញមុខ​ចូលរួម​ជាមួយ​បាតុករ​ទាំង៥នាក់​នោះដែរ។

ទោះជា​យ៉ាងណាក៏ដោយ​ការសម្អាត​ទីតាំង​បាតុកម្ម​ចុងក្រោយ​នេះ​បង្ហាញថា​បាតុករ​ដែល​ភាគច្រើន​ជា​សិស្ស​និង​និស្សិតក្មេងៗហាក់ដូចជា​លែងមាន​លទ្ធភាព​ក្នុង​ការបន្ត​ប្រឆាំង​តវ៉ា​នឹង​អាជ្ញាធរ​របស់ខ្លួន​បាន​ទៀតហើយ។ការកំណត់​របស់​ក្រុង​ប៉េកាំង​ក្នុងការ​ជ្រើសរើស​មេដឹកនាំ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០១៧ប្រហែលជា​នឹងត្រូវ​រៀបចំឡើង​ដោយ​គ្មាន​ការកែប្រែ​នោះឡើយ។ចិន​ប្រហែល​នៅតែ​អាច​រក្សា​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​គ្របដណ្តប់​លើ​ទីក្រុង​ហុងកុង​បាន​ក្រោយពេល​បោះឆ្នោត​ជ្រើសរើស​ប្រមុខ​ស្ថាប័ន​នីតិប្រតិបត្តិ​ប្រចាំ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ដោយ​បន្ត​គោលការណ៍​ប្រទេសមួយ​អនុវត្ត​ប្រព័ន្ធ​ពីរ​ដ​ដែរ។

គួរ​បញ្ជាក់ថា​បាតុកម្ម​នៅក្នុង​ទីក្រុង​ហុងកុង​កើតឡើង​ដោយសារ​ប្រជាជន​ហុងកុង​ចង់បាន​សិទ្ធិ​បោះឆ្នោត​ពេញលេញ​តាម​លទ្ធិប្រជាធិបតេយ្យ​ស​ម្រា​ប់​ការជ្រើសរើស​មេដឹកនាំរ​ដ្ឋា​ភិ​បាល​ថ្នាក់​តំបន់​នៅ​ឆ្នាំ២០១៧ខាងមុខ។បើទោះជា​រដ្ឋាភិបាល​ចិន​បានសម្រេច​ផ្តល់​សិទ្ធិ​បោះឆ្នោត​ដល់​ប្រជាជន​ហុងកុង​ក៏ពិតមែន​ប៉ុន្តែ​រដ្ឋាភិបាល​នេះ​នៅតែ​ព្យាយាម​រក្សា​ឥទ្ធិពល​របស់ខ្លួន​លើ​ដំណើរការ​ជ្រើសរើស​បេក្ខជន​សម្រាប់​ដាក់អោយ​ប្រជាជន​ហុងកុង​បោះឆ្នោត​ជ្រើសរើស​ដដែល។



© រក្សាសិទ្ធិដោយ thmeythmey.com