ជាតិ
អ្នកស្រី​ នាង ផល្លា មានឈ្មោះ​ប្រជែង​យករង្វាន់​១លាន​ដុល្លា​ក្នុង​កម្មវិធីGlobal Teacher Prize
29, Dec 2014 , 1:07 pm        
រូបភាព
អ្នក​ស្រី នាង ផល្លា។ រូបថត អង្គការ​គ្រួសារថ្មី
អ្នក​ស្រី នាង ផល្លា។ រូបថត អង្គការ​គ្រួសារថ្មី
ដោយ: រួបរួម
ឆ្លងកាត់​បទពិសោធន៍​ជាង២០ឆ្នាំ​លើ​ការបង្រៀន​កុមារ​ពិការភ្នែក អ្នកស្រី នាង ផល្លា ត្រូវបាន​ជ្រើសរើស​ក្នុង​បញ្ជី​បេក្ខជន៥០នាក់​លើ​ពិភពលោក ដែល​ត្រូវ​ប្រជែង​យកប្រាក់​រង្វាន់១លាន​ដុល្លារ​អាមេរិក​ពី​កម្មវិធី Global Teacher Prize ក្រោម​ការរៀបចំ​របស់​មូលនិធិ​អប់រំ Varkey Foundation ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម អេ​មី​រ៉េត។



អ្នកស្រី នាង ផល្លា បានចាប់ផ្តើម​ធ្វើការ​ជាមួយ​កុមារ​ពិការភ្នែក​នា​ឆ្នាំ១៩៨៦ ក្នុងតួនាទី​ជា​នាយិកា​សាលា​មួយ​របស់​អង្គការសហប្រជាជាតិ​នៅ​ជំរុំ​ភៀសខ្លួន​លើទឹក​ដី​ថៃ។ អ្នកស្រី បាន​វិលត្រឡប់​មកកាន់​កម្ពុជា​វិញ​ក្នុង​ឆ្នាំ១៩៩៣ ហើយ​បាន​ក្លាយជា​គ្រូបង្រៀន​អក្សរ​ប្រាយ (សម្រាប់​កុមារ​ពិការភ្នែក) ជា​លើកដំបូង​នៅ​កម្ពុជា។

អ្នកស្រី ផល្លា បានរួម​ចំណែក​យ៉ាង​ផុសផុល​ក្នុង​ការបើក​ឲ្យ​មាន​សាលា​កុមារ​ពិការភ្នែក​នៅក្នុង​ប្រទេស និង​ការបង្កើត​អក្សរ​ប្រាយ​ជា​ភាសា​ខ្មែរ។ ក្រៅពីនេះ អ្នកគ្រូ​ដ៏​ឆ្នើម​រូបនេះ បាន​បង្រៀន​ជំនាញ​យ៉ាងច្រើន​ដល់​កុមារ​ពិការភ្នែក​ដូចជា​ភាសា​អង់គ្លេស និង​កុំព្យូទ័រ​ជាដើម។

អ្នកស្រី នាង ផល្លា ដែល​បច្ចុប្បន្ន​ជា​នាយិកា​សាលា​កុមារ​ពិការភ្នែក​ភ្នំពេញ​ថ្មី និង​ជា​ប្រធាន​សម្របសម្រួល កម្មវិធី​អប់រំ​កុមារ​ពិការភ្នែក និង​គ​ថ្លង់​របស់​អង្គការ​គ្រួសារ​ថ្មី គឺជា​បេក្ខភាព​តែ​ម្នាក់​គត់​របស់​កម្ពុជា​ដែល​ត្រូវ​ប្រជែង​យកប្រាក់​រង្វាន់១លាន​ដុល្លារ​អាមេរិក​ពី​កម្មវិធី Global Teacher Prize។

ក្នុងចំណោម​បេក្ខជន​ទាំង៥០រូប មាន​មកពី២៦ប្រទេសផ្សេងៗគ្នា ដែល​ក្នុងនោះ​មាន​គ្រូបង្រៀន​ពី​សហរដ្ឋអាមេរិក​ចំនួន១៦នាក់ កាណាដា៣នាក់ ឥណ្ឌា៣នាក់ អង់គ្លេស២នាក់ អូស្ត្រាលី២ អ៊ីតាលី២ ហ្ស៊​កដា​នី២ រីឯ​បណ្តា​ប្រទេស​ដែលមាន​បេក្ខជន​មួយរូប​រួមមាន កម្ពុជា ចិន អា​ហ្វ​ហ្គា​នី​ស្ថាន អា​សៀ​បៃ​ហ្ស​ង់ អេ​ស្តូ​នី ឥណ្ឌូនេស៊ី អាល្លឺម៉ង់ ហៃ​ទី កេ​ន​យ៉ា ម៉ា​សេ​ដូ​នី ម៉ា​ដា​ហ្គា​ស្កា ម៉ាឡាវី ម៉ាឡេស៊ី ម៉ិ​ក​ស៊ិ​ក ម៉ា​រ៉ុ​ក អេ​ស្ប៉ា តង់​ហ្សា​នី ហូ​ឡង់ តួ​ក​គី និង​អ៊ូ​ហ្គ​ង់​ដា។

បេក្ខជន​ទាំង៥០រូប​បាន​ត្រូវ​ជ្រើស​ចេញពី​បេក្ខជន​ទាំង៥០០០នាក់​មកពី១២៧ប្រទេស​ទូទាំង​ពិភពលោក។ បញ្ជី​ជម្រុះ១០នាក់​ចុងក្រោយ​នឹងត្រូវ​ប្រកាស​នៅ​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ២០១៥ ហើយ​ជ័យលាភី​ដែល​ត្រូវ​ឈ្នះ​ប្រាក់រង្វាន់១លាន​ដុល្លារ​អាមេរិក នឹងត្រូវ​ប្រកាស​នា​វេទិកា Global Education and Skills Forum នៅក្នុង​ទីក្រុង​ឌូ​បៃ នា​ថ្ងៃទី១៦ ខែ​មិនា ឆ្នាំ២០១៥ ៕


© រក្សាសិទ្ធិដោយ thmeythmey.com