ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេដឹកនាំ​ខ្មែរ​ជូនពរ​គ្នា​ក្នុងពេល​បុណ្យចូលឆ្នាំ​សកល
29, Dec 2014 , 2:29 pm        
រូបភាព
ដោយ:
ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ប្រមុខ​រដ្ឋាភិបាល និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត បានចេញ​សារលិខិត​ជូនពរ​គ្នា​ទៅវិញទៅមក​ព្រោងព្រាត នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៥ នៅពេល​ខាងមុខនេះ ។ ក្រៅ​ជូនពរ​គ្នាឯង មេដឹកនាំ​ទាំងនោះ ក៏​មិន​ភ្លេច​ចេញ​សារលិខិត​ថ្វាយព្រះពរ​ព្រះមហាក្សត្រ ព្រះបាទ សម្តេច នរោត្តម សីហមុនី និង​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ផងដែរ។



ខណៈដែល​ពិធីបុណ្យ​ចូលឆ្នាំ​សកល ២០១៥  កាន់តែ​ខិតជិត​មកដល់ មេដឹកនាំ​កម្ពុជាធំៗ បានចេញ​សារលិខិត​ជូនពរ​គ្នា​ទៅវិញទៅមក​ជា​បន្តបន្ទាប់។ ប្រព័ន្ធ​ផ្សាយ​រដ្ឋ និង​ឯកជន​មួយចំនួន បាន​ផ្សព្វផ្សាយ​សារលិខិត​មេដឹកនាំ​ទាំងនោះ​សឹង​មិន​ដាច់។ « នៅ​ក្នុងឱកាស​ចូលឆ្នាំថ្មី​ឆ្នាំ​ក​សល ២០១៥ ខាងមុខនេះ ខ្ញុំ​សូម​ជូនពរ​ដល់​សម្តេច​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មាន​កម្លាំង​ខ្លាំងក្លា បញ្ញា​វាងវៃ អាយុ​យឺនយូរ» ។ នេះ​ជា​សារ​ជូនពរ​របស់លោក ហេង សំរិន ប្រធានរដ្ឋសភា ចំពោះ​លោក ហ៊ុន សែន និង​ភរិយា​របស់លោក ។ ក្រៅពី​ជូនពរ​លោក ហ៊ុន សែន លោក ហេង សំរិន ក៏​ជូនពរ​លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា ឲ្យ​មាន​សុខភាព​ល្អ ហើយ​ជាពិសេស​ទៀត​នោះ លោក​ប្រធានរដ្ឋសភារូប​នេះ​ នៅតែ​មិន​ភ្លេច​ថ្វាយព្រះពរ​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី ផងដែរ។

ចំណែក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ចេញ​សារលិខិត​ជូនពរ​លោក​ប្រធានរដ្ឋសភា​វិញ​ដែរ។ « ឆ្លៀត​ក្នុងឱកាស​នេះ យើងខ្ញុំ​ទាំងអស់គ្នា​សូម​លើក​ហត្ថ​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក បុណ្យ​បារមី​ព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គ​ចេក ព្រះអង្គ​ចម សូម​ព្រះអង្គ​តាម​ជួយ​អភិបាល​ប្រោះព្រំ​សព្វ​សាធុការ​ពរជ័យ​គ្រប់យ៉ាង ចំពោះ​សម្តេច​ប្រធាន និង​លោកជំទាវ » ។ នេះ​ជា​ខ្លឹមសារ​នៅក្នុង​លិខិត​ជូនពរ​របស់លោក ហ៊ុន សែន ចំពោះ​លោក ហេង សំរិន ទន្ទឹមនឹង​រូបលោក​ចេញ​សារលិខិត​ថ្វាយព្រះពរ​ព្រះមហាក្សត្រ ព្រះបាទ សម្តេច នរោត្តម សីហមុនី និង​ព្រះមហាក្សត្រី ព្រមទាំង​ជូនពរ​លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា។

ជាមួយគ្នានេះ​ផងដែរ​លោក សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​បានចេញ​សារលិខិត​ថ្វាយព្រះពរ ព្រះមហាក្សត្រ ព្រះមហាក្សត្រី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​សកល​ខាងមុខ។

ដោយឡែក​ក្នុងពេល​ចូលឆ្នាំ​សកល​នេះ មុន​ចេញទៅ​ក្រៅប្រទេស លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធានរដ្ឋសភា ក៏មាន​​ចេញ​សារលិខិត​ផងដែរ ថ្វាយព្រះពរ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ព្រមទាំង​ជូនពរ​លោក​ប្រធានរដ្ឋសភា ហេង សំរិន ៕


© រក្សាសិទ្ធិដោយ thmeythmey.com