ជាតិ
បទវិភាគ
ត្រី​មួយ​ស្អុយ មិនមែន​ស្អុយ​មួយ​ត្រក​នោះទេ!
29, Dec 2014 , 2:42 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ ទស្សនទាន​ត្រី​មួយ​ស្អុយ ស្អុយ​មួយ​ត្រក គឺជា​ទស្សនទាន​បុរាណ​កាលដែល​មនុស្ស​វ័យ​ចំណាស់​ខ្មែរ​បាន​លើក​យកមក​ពិចារណា និង​ពេលខ្លះ អនុវត្តតាម​ទៀតផង។ ប៉ុន្តែ​ទស្សនទាន​នេះ មិនអាច​ត្រឹមត្រូវ​គ្រប់​កាលៈទេសៈ​នោះទេ។



សុភាសិត«ត្រី​មួយ​ត្រក ស្អុយ​មួយ​ស្អុយ​ទាំងអស់» កើតមាន​នៅក្នុង​សង្គម​ខ្មែរ តាំងពី​យូរ លង់​មកហើយ  សមាជិក​សង្គម​ខ្មែរ​បាន​យល់ដឹង​អត្ថន័យ​របស់​វា​ស្ទើរតែ​គ្រប់គ្នា ដូចជា ក្នុងករណី​សមាជិក​ម្នាក់​របស់​ក្រុម​ណាមួយ​ខូច គេ​ក៏​និយាយថា​ក្រុម​នោះ​ខូច​ដែរ, សមាជិក​ណា​ម្នាក់​របស់​គ្រួសារ​មួយ​ខូច គេ​ក៏​សន្មត​ថា គ្រួសារ​នេះ​ខូច​ដែរ, មន្ត្រី​ម្នាក់​របស់​ស្ថាប័ន​មួយ​ពុករលួយ គេ​ក៏​សន្និដ្ឋានថា​ស្ថាប័ន​នោះ​ពុករលួយ​ដែរ, បើ​បេក្ខជន​ណា​ម្នាក់​លួច​ចម្លង​ឯកសារ​ពេល​ប្រលង គេ​ក៏​ចោទថា បេក្ខជន​ផ្សេងទៀត​លួ​យ​ចម្លង​ដូចគ្នា​ដែរ, និក្ខេបបទ​ណាមួយ​មិនមាន​លក្ខណៈ​វិទ្យាសាស្ត្រ គេ​ក៏​សន្និដ្ឋានថា និក្ខេបបទ​ដទៃទៀត​ក្នុង​ជំនាន់​ជាមួយគ្នា​នោះ គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ដែរ...។

តាមពិត ការពិចារណា​បែបនេះ គឺជា​ទម្រង់​នៃ​ការពិចារណា​បែប​អនុមានរួម ដែល​វា​មិនអាច​ឈានទៅដល់​សច្ចភាព​ដាច់ខាត ឬ ខ្ពស់បំផុត​បានទេ និង ផ្ទុយទៅវិញ វា​ងាយ​នឹង​ខុស​បំផុត ជាពិសេស នៅពេលដែល​ព័ត៌មាន ឬ​ទិន្នន័យ​ដែល​គេ​យកមក​ធ្វើជា​បង្អែក​នោះ​មិន​គ្រប់គ្រាន់ ឬ អំណះអំណាង(ទឡ្ហីករណ៍)ដែល​គេ​យក​ជា​មូលដ្ឋាន​ក្នុងការ​ទាញ​សេចក្ដីសន្និដ្ឋាន ការវាយតម្លៃ ឬ ការវិនិច្ឆ័យ​នោះ មិន​សម​ហេតុផល មិនមាន​ស​ង្គ​ត​ភាព មិន​ស្រប​នឹង​តថភាព សច្ចភាព និង មិន​រឹងមាំ។

ការពិចារណា​តាមបែប«ត្រី​មួយ​ត្រក ស្អុយ​មួយ​ស្អុយ​ទាំងអស់» គឺ​គ្រាន់តែ​ជាការ​ពិចារណាសើៗ ដែល​គ្មាន​ភស្តុ​ង​តាង​គ្រប់គ្រាន់, គ្មាន​សុភនិច្ឆ័យ, គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ សម​ហេតុផល និង រឹងមាំ ដែល​មិន​គោរព​តាម​គោលការណ៍​នៃ​ការគិត​បែប​ស៊ីជម្រៅ(Critical thinking)។ អ្នក​ពិចារណា​បែប«ត្រី​មួយ​ត្រក ស្អុយ​មួយ​ស្អុយ​ទាំងអស់» ភាគច្រើន គឺជា​មនុស្ស​ហៃអើ ដែល​ធ្វើការ​សន្និដ្ឋាន ឬ ធ្វើការ​ស​ម្រេ​ចិត្ត​តាម​អារម្មណ៍ ឬ វេទនារម្មណ៍, ជឿ​តាម​អ្នកនាំពាក្យ​លម្អៀង​ណា​ម្នាក់ ឬ អ្នក​អែបអប​ណា​ម្នាក់​ដែល​បាន​រាយការណ៍​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឬ គោលបំណង​មិនល្អ​ណាមួយ។

ដោយ​ផ្អែកលើ​តថភាព សច្ចភាព បទពិសោធ និង ហេតុការណ៍​សង្គម​ភាគច្រើន យើង​បាន​មើលឃើញថា «ត្រី​មួយ​ត្រក ដែល​ស្អុយ​តែមួយ មិនអាច​ស្អុ​ទាំងអស់​ទេ» វា​គ្រាន់តែ​ជាប់​ខ្លិន ឬ ចំហាយ​ពី​ត្រី​មួយ​ដែល​ស្អុយ​នោះ​តែប៉ុណ្ណោះ។ ត្រី​ដែល​ស្អុយ​នោះ​គឺជា​ត្រី​ងាប់ ក្នុងករណី​ជាច្រើន ត្រី​មួយ​ងាប់​មិន​ប្រាកដថា ត្រី​ផ្សេងទៀត​នៅក្នុង​ត្រក​ជាមួយគ្នា​នោះ​ងាប់​ដែរ​នោះទេ។ លើសពីនេះទៅទៀត បើទោះបីជា​ត្រីភាគ​ច្រើន​ក្នុង​ត្រក​នោះ​ងាប់ ក៏​មិន​ប្រាក​ដា​ថា ត្រី​ទាំងអស់​ងាប់​ដែរ។ ដូច្នេះ គេ​គួរ​ដកយក​តែ​ត្រី​ងាប់​នោះ​ចេញ​បាន​ហើយ កុំ​ចាក់​ត្រី​ដទៃទៀត​ដែល​មិន​ងាប់​នោះ​ចេញពី​ត្រក​ឱ្យសោះ ពីព្រោះ​នាំឱ្យ​ខូចប្រយោជន៍​ធំ។ តាមពិត សច្ចភាព វា​មិន​អាស្រ័យ​លើ​មតិ​ភាគតិច ឬ ច្រើន​នោះទេ វា​អាស្រ័យ​លើ​ថា​តើ មតិ​ណាមួយ​សម​ហេតុផល​ជាងគេ​បំផុត និង ស្រប​ជាមួយ​តថភាព ឬ​ការណ៍​ពិត។   

ដូចគ្នា​ដែរ ប្រសិនបើ​បុគ្គល​ណា​ម្នាក់ ឬ សមាជិក​ណា​ម្នា​ក់បាន​ប្រព្រឹត្ត​ខុស គួរ​ដាក់ទោស​តែ​អ្នកនោះ​បាន​ហើយ មិនគួរ​ចាត់វិធានការ​ណាមួយ​ដែលនាំឱ្យ​ខូច​កេរ្ដិ៍ឈ្មោះ និង បាត់បង់​ផលប្រយោជន៍​របស់​ក្រុម គ្រួសារ ស្ថាប័ន និង អ្នកដទៃ​ដែល​មិនបាន​ប្រព្រឹត្ត​ខុស​នោះទេ។

ប្រសិនបើ​អ្នក​ដែលមាន​សិទ្ធិ​ធ្វើ​សេចក្ដី​ស​ម្រេ​ចិត្ត ប្រើប្រាស់​តួនាទី សិទ្ធិ និង ឆន្ទានុសិទ្ធិ​របស់ខ្លួន​ក្នុងការ​សម្រេច​អ្វីមួយ​ដោយ​ផ្អែកលើ​គំនិត​នៃ​សុភាសិត«ត្រី​មួយ​ត្រក ស្អុយ​មួយ​ស្អុយ​ទាំងអស់» នោះ​នាំឱ្យ​អ្នក​ដែល​ទទួលផល​ប៉ះពាល់​ពី​សេចក្ដី​ស​ម្រេ​ចិត្ត​នេះ នឹង​ទទួលរង​គ្រោះ​ដោយ​ខូច​កេរ្ដិ៍​ឈ្នោះ, បាត់បង់​ផលប្រយោជន៍​ត្រឹមត្រូវ និង ទទួល​នូវ​ភាពអយុត្តិធម៌ផ្សេងៗទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com