អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​អាចពាក់ព័ន្ធ​ការវាយប្រហារ​ក្រុមហ៊ុន​Sony រឿង The Interview
29, Dec 2014 , 4:50 pm        
រូបភាព

ក្រៅពី​ចោទប្រកាន់​ក្រុង​ព្យុងយ៉ាង​ថា ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​តាម​អ៊ិន​ធឺ​ណែ​ត​ប្រឆាំង​ក្រុមហ៊ុន​សូ​នី សមាជិកសភា​អាមេរិក​ម្នាក់​ឈ្មោះ  Lindsey Grahamបានបង្ហាញ​ការសង្ស័យ​ដោយ​លើកឡើងថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាចជា​ប់​ពាក់ព័ន្ធ​ការវាយប្រហារ​ក្រុមហ៊ុន​សូ​នី​នេះដែរ។ មិន​ត្រឹមតែ​ចោទប្រកាន់​ចិន​ឡើយ សមាជិកសភា​អាមេរិក​ខាងលើ​ក៏បាន​ស្នើអោយ​មានការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​កូរ៉េខាងជើង​និង​បញ្ចូល​ឈ្មោះ​ប្រទេស​នេះ​ចូលក្នុង​បញ្ជី​រដ្ឋ​គាំទ្រ​ភេរវជន​ឡើងវិញ។


លោក មុំ ពិ​ទួ​រ្យ លម្អិត​ព័ត៌មាន​នេះ



ក្រោយ​ចោទប្រកាន់​រដ្ឋាភិបាល​កូរ៉េខាងជើង ថា​ជា​អ្នក​ដែល​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត​ប្រឆាំង​ក្រុមហ៊ុន​សូ​នី  សមាជិក​ព្រឺទ្ធសភា​អាមេរិក​ម្នាក់​លោក Linsey Graham បាន​ថ្លែង​ចោទប្រកាន់ថា​ចិន​ក៏​ជាប់​ពាក់ព័ន្ធ​ក្នុងការ​វាយប្រហារ​នេះដែរ។

 លោក​បាន​លើកឡើងថា បើ​គ្មាន​ការចូលរួម ឬ​យ៉ាងហោចណាស់​ការដឹងលឺរ​បស់​ក្រុង​ប៉េកាំង​ក្នុងការ​បង្កើត​សកម្មភាព​លួច​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត​ទេ កូរ៉េខាងជើង​ម្នាក់ឯង​ប្រហែលជា​មិនអាច​ធ្វើ​បានឡើយ។ ព្រឹទ្ធសមាជិក​មកពី​គណបក្ស​សាធារណរដ្ឋ​ម្នាក់នេះ បាន​អះអាងថា យើង​ហាក់ដូចជា​ជឿជាក់​ណាស់​ថា រឿងរ៉ាវ​ដែល​បានកើត​ឡើង​ប្រាកដ​ជាមាន​ការជួយជ្រោមជ្រែង​ពី​របប​ដឹកនាំ​ក្រុង​ប៉េកាំង។ យ៉ាងណាក៏ដោយ​សមាជិក​ព្រឹទ្ធសភា​រូបនេះ បានស្នើ​សុំអោយ​រដ្ឋាភិបាល​លោក ប៉ា​រ៉ា​ក់​អូ​បា​ម៉ា ពិចារណា​លើ​ការដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង និង​បញ្ចូល​ឈ្មោះ​រដ្ឋាភិបាល​នេះ​នៅក្នុង​បញ្ជីខ្មៅ​នៃ​រដ្ឋ​គាំទ្រ​ក្រុម​ភេរវជន​ឡើងវិញ។

សមាជិក​ព្រឹទ្ធសភា​អាមេរិក​នេះ បានបង្ហាញ​ការគាំទ្រ​រដ្ឋាភិបាល​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ព្រមាន​ឆ្លើយតប​កូរ៉េខាងជើង ហើយនឹង​ហៅ​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណែ​ត​នេះ​ថា ជា​ចលនា​ភេរវកម្ម។


រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិនទាន់បាន​ប្រកាស​បន្ថែម​ទណ្ឌកម្ម និង​បញ្ចូល​ឈ្មោះ​ប្រទេស​កូរ៉េខាងជើង​ចូលក្នុង​បញ្ជី​រដ្ឋ​គាំទ្រ​ភេរវជន​ជាថ្មី​ទៀតឡើយ។ ប៉ុន្តែ​មកទល់​ពេលបច្ចុប្បន្ន​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក បានត្រឹមតែ​អះអាងថា កូរ៉េខាងជើង​ជា​ប្រទេស​ដែល​នៅ​ពីក្រោយ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត ប្រឆាំង​ក្រុមហ៊ុន​សូ​នី ប៉ុន្តែ​គេ​មិនបាន​អោយដឹងថា មាន​ប្រទេស​ណា​ផ្សេងទៀត​ដែល​រួមគំនិត និង​ជួយ​សហការ​ជាមួយ​កូរ៉េខាងជើង​នោះឡើយ។

បើតាម​ការអះអាង​ខាងលើ ការចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែលមាន​ជាប់​ពាក់ព័ន្ធ​ករណី​វាយប្រហារ​នេះ គឺជា​រឿង​មិន​ច្បាស់លាស់​និង​ស្រពិចស្រពិល​នៅឡើយ​ទេ។ បើទោះជា​យ៉ាងណាក្តី គេ​មិនទាន់​ឃើញ​មានការ​ឆ្លើយតប​ពី​សំណាក់​ក្រុង​ប៉េកាំង​ចំពោះ​ការចោទប្រកាន់​នេះឡើយ។

ក្រោយ​រង​ការរិះគន់ និង​ការចោទប្រកាន់ រដ្ឋាភិបាល​លោក គិ​ម ជុង​អ៊ុន បានប្រកាស​ថ្កោលទោស​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​ប្រដូច​ប្រធានាធិបតី​អាមេរិក​ទៅនឹង​សត្វ​ស្វា​នៅក្នុង​ព្រៃ​ត្រូ​ពិ​ក​ផងដែរ។ 

គួរ​បញ្ជាក់ថា ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត​ប្រឆាំង​ក្រុមហ៊ុន​សូ​នី កើតឡើង ដោយសារ​ក្រុមហ៊ុន​នេះ​បង្ហាញ​វីដេអូ​មួយ ដែល​បង្ហាញ​ពី​ឈុត​ឆាក​ប្រមាថ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង និង​គម្រោង​ធ្វើឃាត​លោក គីម ជុង​អ៊ុន របស់​ក្រុម CIAអាមេរិក៕



© រក្សាសិទ្ធិដោយ thmeythmey.com