អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ណា​តូ​រៀបចំ​ដកទ័ព​និង​បញ្ចប់​ប្រតិបត្តិការ​របស់ខ្លួន​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន
29, Dec 2014 , 8:00 pm        
រូបភាព
បក្សសម្ព័ន្ធ​យោធា​ណា​តូ​បានរៀបចំ​ពី​ធី​បិទ​បញ្ចប់​ប្រតិបត្តិការ​យោធា​របស់ខ្លួន​នៅក្នុង​ទឹកដី​អា​ហ្វ​ហ្កា​នី​ស្ថាន។ ពិធី​ដែល​ប្រារព្ធ​ជា​ផ្លូវការ​កាលពី​ម្សិលមិញ​នេះ​បញ្ជាក់​ពី​ការបញ្ចប់​ប្រតិបត្តិការ​យោធា និង​បញ្ចប់សង្គ្រាម​លោកខាងលិច​ប្រឆាំងនឹង​ក្រុម​ភេរវជន ដោយ​ទុកអោយ​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​ដោះស្រាយ​បញ្ហា​ខ្លួនឯង និង​ប្រឈមមុខ​នឹង​ជម្លោះ​ប្រដាប់អាវុធ​ជាមួយ​ក្រុម​កងកម្លាំង​ប្រឆាំង​រដ្ឋាភិបាល។


លោក សៅ ផល​និស្ស័យ លម្អិត​ព័ត៌មាន​នេះ!



កាលពី​ម្សិលមិញ​នេះ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​បានរៀបចំ​ពិធី​មួយ​បង្ហាញ​ពី​ការបិទ​បញ្ចប់​ប្រតិបត្តិការ​យោធា​របស់ខ្លួន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន។ ពិធី​ជា​ផ្លូវការ​របស់​បក្សសម្ព័ន្ធ​យោធា​ណា​តូ​នេះ បង្ហាញថា​ណា​តូ​បញ្ចប់​យុទ្ធនាការ​យោធា​របស់ខ្លួន​ដើម្បី​ប្រឆាំង​ក្រុម​ភេរវជន​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ដោយ​ទុក​ការទទួលខុសត្រូវ​ដល់​រដ្ឋាភិបាល​ប្រទេស​នេះ និង​ប្រឈមមុខ​នឹង​ជម្លោះ​ប្រដាប់អាវុធ​ជាមួយ​ក្រុម​កង​ម្លាំ​ង​ប្រឆាំង​រដ្ឋាភិបាល។ ការប្រកាស​ដក​កងទ័ព​របស់​ណា​តូ​នេះ នេះ​កើតឡើង​ក្នុង​រយៈពេល១៣ឆ្នាំក្រោយ​ពេលដែល​កងក​ម្លាំ​ង​នេះ​បាន​ចូលរួម​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​ភេរវជន​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

យ៉ាងណាក៏ដោយ ចាប់ពី​ថ្ងៃទី១ខែមករា​ឆ្នាំ ២០១៥ទៅ កងកម្លាំង​ជំនួយ​សន្តិសុខ​អន្តរជាតិ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នឹងត្រូវ​ជំនួស​ដោយ​កងកម្លាំង​គ​ណ​កម្ម​ការជួយ​បណ្តុះបណ្តាល​និង​គាំទ្រ​កងកម្លាំង​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន និង​មិនមាន​កងកម្លាំង​សម្រាប់​ប្រយុទ្ធ​ដូច​មុន​ឡើយ។ មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​ក្រុង​វ៉ា​ស៊ី​តោន  John F Campbellបាន​ប្រាប់​ទៅកាន់​មន្ត្រី​យោធា​ដែល​ចូលរួម​ក្នុង​ពិធី​ម្សិលមិញ​នេះ​ថា ណា​តូ និង​អា​ហ្វ​ហ្កា​នី​ស្ថាន​នឹង​នៅ​បន្ត​ភាពជា​ដៃគូ​ជាមួយគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ នានា​បន្តទៀត។

ក្រៅពី​លើកឡើង​ពី​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល មន្ត្រី​យោធា​ខាងលើ​ក៏បាន​បង្ហាញ​ការគោរព​ដល់​វិញ្ញ​ណ​ក្ខ័​ន្ធ​កងកម្លាំង​អន្តរជាតិ និង​អា​ហ្វ​ហ្កា​នី​ស្ថាន​ដែល​បាន​ពលី​ក្នុង​ភ្លើងសង្គ្រាម​ប្រឆាំងនឹង​ក្រុម​ភេរវជន​តា​លី​បង់​ផងដែរ ហើយ​លោក​បាន​ថ្លែងថា​ផ្លូវ​ដែល​ត្រូវ​ដើរ​នៅមាន​ឧបសគ្គ​ច្រើន ប៉ុន្តែ​លោក​ជឿជាក់ថា​ជ័យជំនះ​នឹង​កើតមានឡើង​នៅពេល​ខាងមុខ។ ក្នុងការ​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​ភេរវជន​អស់​ប៉ុន្មាន​ឆ្នាំនេះ គេ​អះអាងថា កងកម្លាំង​និង​ប៉ូលីស​អា​ហ្វ​ហ្កា​នី​ស្ថាន​យ៉ាងហោចណាស់ ៤៦០០នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​ជន​ស៊ី​រិល​ជាច្រើន​នាក់​ផ្សេងទៀត​បាន​ស្លាប់បាត់​បង់ជីវិត។

បើតាម​ការ​អោយដឹងពី​មន្ត្រី​ណា​តូ កងកម្លាំង​អន្តរជាតិ​ប្រមាណ ១២៥០០នាក់​នឹង​នៅ​បន្ត​វត្តមាន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន ហើយ​ពួកគេ​កាតព្វកិច្ច​ជួយ​គាំទ្រ​កងកម្លាំង​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​ដើម្បី​ប្រឆាំង​កម្លាំង​តា​លី​បង់ ដែល​ធ្លាប់​គ្រប់គ្រង​ប្រទេស​នេះ​ពី​ឆ្នាំ ១៩៩៦ដល់​ឆ្នាំ ២០០១នោះ។ កាលពី​ឆ្នាំ ២០១១ កងកម្លាំង​ណា​តូ​ដែល​ស្ថិតនៅ​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​មាន​រហូតដល់​ជាង ១សែន​នាក់ ដែល​មកពី​ប្រទេស​ចំនួន៥០ ដែលជា​ដៃគូ​និង​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ។ ដោយឡែក​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​អបអរ​សារ​ទរ​ការបញ្ចប់​ប្រតិបត្តិការ​យោធា​របស់​បក្សសម្ព័ន្ធ​យោធា​ណា​តូ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ផងដែរ ដោយ​លោក​លើកឡើងថា វា​ជា​ព្រឹ​ត្ត​ការណ៍​ប្រវត្តិសាស្ត្រ​មួយ។

លោក​បាន​បាន​បន្ថែមថា សង្គ្រាម​ដែល​វែង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​នេះ​បាន​ឈានដល់​ទីបញ្ចប់​ហើយ ហើយ​លោក​អរគុណ​ដល់​បណ្តា​កងទ័ព​ដែល​ពលី​មិន​ខា្ល​ច​នឿយហត់​ធ្វើសង្គ្រាម​ប្រឆាំង​កងកម្លាំង​ភេរវជន ជាពិសេស​ធ្វើអោយ​របប​ដឹកនាំ​ក្រុម​ភេរវជន​អាល់​កៃ​ដា បែក​ខ្ចាត់ខ្ចាយ និង​ធ្វើអោយ​កងកម្លាំង​ភេរវជន​ទៀត​ចុះ​អន់​ខ្សោយ ជាពិសេស​ជួយសង្គ្រោះ​ជីវិត​ប្រជាជន​អាមេរិក​រាប់មិនអស់​ផង។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​លោក អូ​បា​ម៉ា បាន​ព្រមាន​ផងដែរ​ថា អា​ហ្វ​ហ្កា​នី​ស្ថា​នៅតែ​ជាទី​កន្លែង​គ្រោះថ្នាក់​បំផុត ហើយ​កងកម្លាំង និង​ប្រជាជន​នៃ​ប្រទេស​នេះ​ត្រូវ​លះបង់ និង​ប្រឹងប្រែង​ដើម្បី​ការពារ​ប្រទេស​របស់​ពួកគេ​នៅពេល​ខាងមុខ៕


© រក្សាសិទ្ធិដោយ thmeythmey.com