ជាតិ
សង្គមជាតិ
រដ្ឋាភិបាលបង្កើតក្រុមការងារត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត
×
រដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត ដើម្បីចាត់វិធានការប្រយុទ្ធប្រឆាំងចរាចរគ្រឿងញៀនជាមួយប្រទេសជិតខាង ដោយមានអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តជាប្រធាន។ នេះបើតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលចុះកាលពីពេលថ្មីៗកន្លងមកនេះ។
គណៈកម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀន ដែលនៅតាមបណ្ដាខេត្តមានព្រំប្រទល់ជាប់ ប្រទេសថៃ ឡាវ វៀតណាម មានតួនាទីសហការសម្របសម្រួលចាត់វិធានការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយប្រទេសជាតិខាង ដើម្បីផ្លាស់ប្ដូរព័ត៌មានតាមព្រំដែន រាល់បញ្ហាដែលពាក់ព័ន្ធនឹងការដាំដុះ ការផលិត ការចរាចរជួញដូរ ការប្រើគ្រឿងញៀន និងការចរាចរសារធាតុផ្សំគីមីជាដើម។
បង្កើតនីតិវិធីរួមមួយឲ្យមានការទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីក្នុងវិស័យផ្សេងៗ សម្រាប់ការងារត្រួតពិនិត្យគ្រឿងញៀនដោយឈរលើស្មារតីគិតគូរ ដល់ផលប្រយោជន៍រួមនិងរៀបចំឲ្យមានកម្មវិធីជួបប្រជុំជាមួយប្រទេសជិតខាងឲ្យបានទៀងទាត់ ដើម្បីពិភាក្សានិងកសាងផែនការសកម្មភាពរួមគ្នា ពង្រីកកិច្ចសហប្រតិបត្តិការគ្រប់គ្រងនិងទំនាក់ទំនងព្រំដែនលើបញ្ហាគ្រឿងញៀន (BLO)។
សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្នាក់រាជធានី-ខេត្តត្រូវយកចិត្តទុកដាក់ប្រកបដោយប្រសិទ្ធភាពខ្ពស់ លើការងារពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន វិធានការស៊ើបអង្កេតស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងការផលិត ការដាំដុះការចរាចរជួញដូរ ការប្រើបំពានគ្រឿងញៀន តាមរយៈយុទ្ធនាការឃោសនាផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើបំពានគ្រឿងញៀន។ត្រូវត្រួតពិនិត្យនិងរៀបចំឲ្យមានកម្មវិធីនិងកន្លែងសម្រាប់ព្យាបាលអ្នកប្រើគ្រឿងញៀន នៅក្នុងរាជធានី ខេត្តនីមួយ។ជាពិសេសការផ្លាស់ប្តូរព័ត៌មានឲ្យមានប្រសិទ្ធភាពពីខេត្តមួយទៅខេត្តមួយរាល់បញ្ហាដែលពាក់ព័ន្ធនឹងការជួញដូរការបំពានគ្រឿងញៀន និងសារធាតុគីមីផ្សំជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com