ជាតិ
សង្គមជាតិ
​«គម្រោង​ជួយ​មើល​សាលារៀន» ត្រូវ​បា​ន​សម្ពោធ
30, Dec 2014 , 9:07 am        
រូបភាព
លោក សេង ឬទ្ធី នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ
លោក សេង ឬទ្ធី នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ
ដោយ:
នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ (KIND) និង​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក (ANSA-EAP) បានរៀបចំ​សម្ពោធ​គម្រោង​គេហទំព័រ និង​ប្រព័ន្ធ​ឆ្លើយតប​សារ​ជា​សំឡេង ដើម្បី​ពង្រឹង​ប្រព័ន្ធ​អប់រំ​ឲ្យ​កាន់តែ​ប្រសើរ។



គម្រោង​ជួយ​មើល​សាលារៀន គឺជា​កម្មវិធី​តាមដាន​ការខ្វះខាត និង​តម្រូវការ​នៅតាម​សាលារៀន ដែល​ត្រូវបាន​ផ្តល់ព័ត៌មាន​ដោយ សិស្សានុសិស្ស គ្រូបង្រៀន ប្រជាពលរដ្ឋ តាមរយៈ​ការប្រើប្រាស់ ប្រព័ន្ធ​បណ្តាញ​សង្គម និង​ប្រព័ន្ធ​ទូរ​សព្ទ។ គម្រោង​នេះ​ត្រូវបាន​បង្កើត​រួមគ្នា​ដោយ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ (KIND) និង​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក (ANSA-EAP) ក្រសួង​អប់រំ និង​អង្គការ​មួយចំនួនទៀត។

គម្រោង​ជួយ​សាលារៀន ត្រូវបាន​អនុវត្ត​សាកល្បង​នៅក្នុង​សាលារៀន​ចំនួន១២ (៦នៅ​ជាយ​រាជធានី​ភ្នំពេញ និង៦ទៀត​នៅក្នុង​ខេត្តកំពង់ចាម) នៅក្នុង​ឆ្នាំ២០១៤នេះ។
ចាប់ពី​ការ​សម្ពោធ«គម្រោង​ជួយ​សាលារៀន»ជា​ផ្លូវការ​ពីថ្ងៃ​នេះ​ទៅ សិស្ស គ្រូបង្រៀន និង​មហាជន​ទាំងអស់ អាច​រាយការណ៍​ព័ត៌មាន​អំពី​បញ្ហា​របស់​សាលារៀន​តាមរយៈ គេហទំព័រ​www.cmscambodia.org, ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​ភាសា​អង់គ្លេស «CheckmyschoolCambodia», ជា​ហ្វេ​ស​ប៊ុ​ក​ជា​ភាសា​ខ្មែរ «ជួយ​មើល​សាលារៀន» និង​ទូរ​សព្ទ​លេខ ០៧០ ២២ ១១ ២៥ ។

លោក សេង ឬ​ទ្ធី នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ​បាន​បញ្ជាក់ថា៖ «រាល់​ការរាយការណ៍​របស់​ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ​ទាំងអស់ គឺ​មិនត្រូវ​បានបង្ហាញ​ពី​អត្តសញ្ញាណ​របស់​ពួកគេ​ទេ ហើយ​សំឡេង និង​យោបល់​ទាំងអស់ នឹងត្រូវ​យកទៅ​ចងក្រង​ជា​របាយការណ៍ ដើម្បី​យកទៅ​ពិភាក្សា និង​ជំរុញ​ឲ្យ​មានការ​ចូលរួម​ដោះស្រាយ​ពី​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​គោលបំណង​លើកកម្ពស់​គុណភាព​អប់រំ​ក្នុង​សាលារៀន​របស់​រដ្ឋ»។

លោក សន ជ័យ តំណាង​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វី​ក បាន​ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​គម្រោង​ជួយ​មើល​សាលារៀន​នោះ​ថា គម្រោង​នេះ​នឹង​ផ្តល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ បានផ្តល់​យោបល់​ទៅលើ​សេវា​អប់រំ តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយ ដើម្បី​ធ្វើ​ឲ្យ​គុណភាព​អប់រំ​នៅ​កម្ពុជា​កាន់តែ​ប្រសើរ។ លោក សន ជ័យ បាន​ថ្លែង​បន្តទៀតថា៖ «គម្រោង​ជួយ​មើល​សាលា ជា​គម្រោង​កំរិត​ថ្នាក់​អន្តរជាតិ​មួយ ដូច​សាលារៀន​ភាគច្រើន​នៅ​ប្រទេស​ហ្វីលីពីន​ដែរ។ គេ​មាន​រហូតដល់​ទៅ​បន្ទប់រៀន​មួយ មាន​បន្ទប់ទឹក​មួយ និង​មាន​អាហារ​រដ្ឋា​ន​សម្រាប់​សិស្ស​របស់គេ។ ទាំងអស់នេះ​ជា​ក្តី​រំពឹងទុក​របស់​យើង ហើយ​យើង​នឹង​អាច​កៀងគរ​ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ឲ្យ​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា»។

តាមរយៈ​ការអនុវត្ត​គម្រោង​សាកល្បង​ក្នុង​ឆ្នាំ២០១៤ នៅតាម​សាលារៀន​ចំនួន១២នោះ សេចក្តីរាយការណ៍​រប​ស់សិ​ស្ស និង​គ្រូបង្រៀន​បាន​បង្ហាញថា មាន​កង្វះខាត​បណ្ណាល័យ សៀវភៅ​សិក្សា​គោល បន្ទប់រៀន​ចាស់ និង​បញ្ហា​បរិស្ថាន​ផងដែរ។

លោក សេង ឬ​ទ្ធី ក៏បាន​បង្ហាញ​ពី​គម្រោង​នៅ​ដើមឆ្នាំ២០១៥ខាងមុខ​ទៀតថា គម្រោង​ជួយ​សាលារៀន​នឹង​អនុវត្តន៍​ទៅលើ​សាលា​នៅ​រាជធានី​ភ្នំពេញ​ចំនួន ៦ និង​ខេត្តកំពង់ចាម​ចំនួន៦ បន្ថែមទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com